ការវាយប្រហារដ៏ប្រល័យកាលពីឆ្នាំទៅមិញ ដូចជាការបាញ់សម្លាប់មនុស្សនៅក្នុងក្រុង Christchurch ប្រទេសនូវែលសេឡង់និងនៅក្នុងក្រុង El Paso រដ្ឋ Texas នៅក្នុងស.រ.អា. ព្រមទាំងការវាយប្រហារពីរទៀតនៅក្នុងប្រទេសអាល្លឺម៉ង់ បានធ្វើឱ្យមានការយកចិត្តទុកដាក់ជាអន្តរជាតិច្រើនបំផុត។
ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវនេះដែលបានត្រូវគូសបញ្ជាក់កាលពីថ្ងៃពុធទី១ខែមេសានៅក្នុងរបាយការណ៍ថ្មីមួយនៃនាយកដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការប្រឆាំងនឹងភេរវកម្មរបស់អ.ស.ប.ហៅកាត់ថា UN-CTED ក៏បានព្រមានដែរថានិន្នាការនេះអាក្រក់ជាងមុនដោយមានការវាយប្រហារដោយពួកបុគ្គលមានចំណងទាក់ទងជាមួយពួកជ្រុលនិយមដែលនាំឱ្យមានមនុស្សស្លាប់ច្រើនជាងមុននៅពេលដែលពួកភេរវជនទាំងនេះមានការជឿនលឿនជាងមុនផងដែរ។
នាយកដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការប្រឆាំងនឹងភេរវកម្មរបស់អ.ស.ប.បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនកាលខែមេសាថា៖ «ទោះណាជាពួកភេរវកម្មជ្រុលនិយមប្រកាន់នយោបាយស្តាំមិនមែនជារឿងថ្មីក៏ដោយ ក៏កាលពីពេលថ្មីៗនេះមានការកើនឡើងនៃការវាយប្រហារនិងចំនួនមនុស្សស្លាប់ច្រើនជាងមុនក្នុងការវាយប្រហារទាំងនេះ»។
ផ្នែកស៊ើបការណ៍សម្ងាត់នៃរដ្ឋជាសមាជិកអ.ស.ប.និយាយថា កម្រិតនៃអំពើហិង្សាទំនងជានឹងមិនចុះថយទេនៅក្នុងបស្ចឹមប្រទេសគឺនឹងមានការវាយប្រហារបែបនេះធ្ងន់ធ្ងរជាងមុននៅទ្វីបអឺរ៉ុប ផ្នែកខាងជើងនៃទ្វីបអាមេរិកនិងប្រទេសអូស្ត្រាលី។
សេចក្តីរាយការណ៍នេះឲ្យដឹងថា៖ «ភ័ស្តុតាងកាលពីពេលថ្មីៗនេះបង្ហាញថា មានការប្តូរទស្សនៈគ្នាច្រើនជាងមុនរវាងពួកបុគ្គលមានការយល់ឃើញដូចគ្នាតាមបណ្តាញអ៊ីធើណិតនិងតាមមធ្យោបាយឯទៀតៗ។ការទាក់ទងគ្នាទាំងនេះបានអនុញ្ញាតឱ្យពួកជ្រុលនិយមដែលប្រកាន់នយោបាយស្តាំទាំងនេះកែសម្រួលកលយុទ្ធរបស់ពួកគេ អភិវឌ្ឍបច្ចេកទេសប្រឆាំងនឹងចារកម្មបានល្អប្រសើរជាងមុន ពង្រឹងទស្សនៈជ្រុលនិយមប្រកបដោយអំពើហិង្សានិងពង្រីកបណ្តាញសាកលរបស់ពួកគេថែមទៀតផង»។
សេចក្តីរាយការណ៍នេះរបស់អ.ស.ប.និយាយឡើងវិញអំពីការព្រមានរបស់សហភាពអឹរ៉ុបនិងស.រ.អា.អំពីការគំរាមកំហែងពីពួកជ្រុលនិយមប្រកាន់នយោបាយខាងស្តាំ។
នៅក្នុងសហភាពអឺរ៉ុប ចំនួននៃការចាប់ខ្លួនមនុស្សទាក់ទិននឹងភេរវកម្មស្តាំនិយមមានជាងពីរដងច្រើនជាងមុនគឺពីចំនួន២០នាក់ក្នុងឆ្នាំ២០១៧ទៅដល់៤៤នាក់ក្នុងឆ្នាំ២០១៨ ហើយពួកមន្ត្រីផ្នែកប្រឆាំងភេរវកម្មបានព្រមានថា បញ្ហានេះទំនងជានឹងអាក្រក់ថែមទៀត។
សហភាពអឺរ៉ុបបានសន្និដ្ឋាននៅក្នុងរបាយការណ៍របស់ខ្លួនអំពីស្ថានភាពនិងនិន្នាការភេរវកម្មក្នុងឆ្នាំ២០១៩ថា៖ «នៅពេលដែលពួកជ្រុលនិយមប្រកាន់នយោបាយខាងស្តាំភាគច្រើននៅទូទាំងសហភាពអឺរ៉ុបមិនបានពឹងពាក់លើអំពើហិង្សាក៏ដោយ ក៏ពួកគេជួយធ្វើឱ្យមានបរិយាកាសភ័យខ្លាចនិងសម្អប់ប្រឆាំងនឹងក្រុមជនភាគតិច។ បរិយាកាសបែបនេះដែលកើតចេញពីការស្អប់ជនបរទេស ការប្រឆាំងនឹងពួកជនអំបូរជ្វីស្ហនិងគំនិតប្រឆាំងនឹងពួកជនអន្តោប្រវេសន៍ ប្រហែលបន្ថយកម្រិតពួកបុគ្គលជ្រុលនិយមខ្លះក្នុងការប្រើអំពើឃោរឃៅ»។
ស.រ.អា.ក៏បានសម្តែងកង្វល់ច្រើនជាងមុនដែរអំពីកំណើននៃភាពជ្រុលនិយមប្រកាន់នយោបាយខាងស្តាំនិយមដោយដាក់វាក្នុងកម្រិតស្មើគ្នាជាមួយពួកភេរវជនរដ្ឋឥស្លាម។
លោក Christopher Wray ដែលជានាយក FBI បាននិយាយប្រាប់ពួកសមាជិកសភាស.រ.អា.ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែកុម្ភៈថា៖ «អំពើហិង្សាជ្រុលនិយមបណ្តាលមកពីការប្រកាន់ពូជសាសន៍ជាប្រភពចម្បងនៃឧប្បត្តិហេតុបណ្តាលមកពីមនោគមវិជ្ជាទាំងអស់ដែលនាំឱ្យមានមនុស្សស្លាប់និងមានអំពើហិង្សានៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ហើយត្រូវបានចាត់ទុកថា ជាភាពជ្រុលនិយមឃោរឃៅបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០០១មក»។
កង្វល់បាននាំឲ្យ ក្រុមដែលមានមូលដ្ឋាននៅក្នុងស.រ.អា.ដូចជាពួក Atomwaffen Division និងពួកRise Above Movement ជាដើម បង្កើតឱ្យមានការទាក់ទងជាមួយក្រុមស្រដៀងគ្នានេះដែរនៅក្នុងទ្វីបអឺរ៉ុបនិងប្រទេសរុស្ស៊ី។
ភ័ស្តុតាងនានាក៏បានបង្ហាញដែរថា សមាជិកក្រុមទាំងនេះច្រើនជាងមុនមានបំណងចង់កាន់អាវុធដោយពួកគេរាប់រយនាក់បានចូលទៅក្នុងប្រទេសអ៊ុយក្រែនដើម្បីរៀនបទពិសោធន៍ខាងការប្រយុទ្ធ។
របាយការណ៍របស់អ.ស.ប.នេះបានរកឃើញថា ទំនាក់ទំនងបែបនេះមានខ្លាំងក្លាជាងមុនដោយសារក្រុមទាំងនេះប្រើប្រាស់បណ្តាញ អ៊ីនធឺណិតនិងបណ្តាញសង្គមដោយប្រសិទ្ធភាពដើម្បីប្តូរទស្សនៈគ្នានិងដើម្បីអង្គាសប្រាក់។
បន្ថែមពីលើនេះទៀតសេចក្តីរាយការណ៍នេះរបស់អ.ស.ប.ព្រមានអំពីការរាលដាលនៃវោហារសាស្ត្រស្តាំជ្រុលដែលធ្វើឱ្យពួកជ្រុលនិយមភ្ជាប់ការទាក់ទងជាមួយផ្នែកឯទៀតៗនៃសង្គមហើយពង្រីកសមត្ថភាពពួកគេក្នុងការជ្រើសរើសសមាជិកថែមទៀត។
របាយការណ៍នេះនិយាយថា៖ «កិច្ចសហប្រតិបត្តិការទាំងនេះអនុញ្ញាតឱ្យពួកស្អប់ស្រីៗដែលគេមិនសូវស្គាល់ដូចជាពួកនៅលីវជាដើមបំពេញនាទីជាអ្នកទាក់ទងជាមួយក្រុមស្តាំជ្រុលឃោរឃៅនិងពួកបុគ្គល»៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ