ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo ចោទ​អ៊ីរ៉ង់​ថា​ប្រើ​អំពើ​ហិង្សា​និង​ការ​រឹតត្បិត​ដើម្បី​គាបសង្កត់​មិន​ឲ្យ​ពលរដ្ឋ​រំឭក​វិញ្ញាណក្ខន្ធ​បាតុករ


លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​សុន្ទរកថា​ស្តីពី​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។
លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​សុន្ទរកថា​ស្តីពី​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក លោក Mike Pompeo បាន​ទិតៀន​ប្រទេស​អ៊ីរ៉ង់​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​និង​ការ​កាត់​ផ្ដាច់​អ៊ីនធឺណិត ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ប្រជាជន​រំឭក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​មួយ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ ការ​តវ៉ា​នោះ​គឺ​ជា​ការ​ប្រឆាំងនឹង​រដ្ឋាភិបាល​អ៊ីរ៉ង់​ចំពោះ​ការ​ដំឡើង​ថ្លៃ​ប្រេង​យ៉ាង​ខ្ពស់។

លោក Pompeo បាន​សរសេរ​សារ​នៅ​លើ Twitterកាល​ពី​ថ្ងៃ​សុក្រ​ ដោយ​ចោទប្រកាន់​ចំៗ​ទៅ លើ​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ថា «ប្រជាជន​អ៊ីរ៉ង់​មាន​សិទ្ធិ​កាន់ទុក្ខ​ចំពោះ​ជនរងគ្រោះ​ទាំង​១៥០០​នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​រដ្ឋាភិបាល​របស់​លោក Khamenei ក្នុង​អំឡុង​ពេល​នៃ​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់‍»។

លោក Khamenei គឺ​ជា​មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់ ដែល​មាន​សិទ្ធិ​សម្រេច​ចុងក្រោយ​លើ​បញ្ហា​សាសនា​និង​នយោបាយ​នៅ​ក្នុង​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ។

​ទីភ្នាក់ងារ​ព័ត៌មានIlna ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​ពាក់កណ្ដាល​ផ្លូវការ​របស់​អ៊ីរ៉ង់ បាន​ឲ្យ​ដឹង​ថា មាន​ការ​កាត់ផ្ដាច់​អ៊ីនធឺណិត​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ពុធ​ទី​២៥​កន្លង​ទៅ​នេះ នៅ​មុន​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦។

មាន​ការ​រាយការណ៍​ថា មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ឯ​កន្លែង​បញ្ចុះសព​មួយ​កន្លែង​ក្នុង​ទីក្រុង Karaj ក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​គម្រប់​៤០​ថ្ងៃ ក្រោយ​ពី​បាតុករ​ម្នាក់​បាន​ស្លាប់។

លោក Pompeo បាន​សរសេរ​សារ​នៅ​លើ​ Twitterកាល​ពី​ថ្ងៃ​សុក្រ​ទៀត​ថា «របប​នេះ​ភ័យ​ខ្លាចប្រជាជន​ខ្លួន​ឯង ហើយ​ជាថ្មី​ម្ដង​ទៀត​បាន​ប្រើ​អំពើ​ហិង្សា​និង​កាត់ផ្ដាច់​អ៊ីនធឺណិត‍»៕

XS
SM
MD
LG