កាលពីថ្ងៃចន្ទ អង្គការសហប្រជាជាតិបានថ្កោលទោសកម្រិតដែល «មិនអាចទទួលយកបាន» នៃអំពើហិង្សាលើបុគ្គលិកមនុស្សធម៌ដែលកាន់តែក្លាយជាទូទៅឡើង ដោយនៅក្នុងឆ្នាំ ២០២៣ មានបុគ្គលិកមនុស្សធម៌ ២៨០ នាក់ត្រូវបានសម្លាប់នៅទូទាំងពិភពលោក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌ មាន AFP។
ជាងនេះទៀត អង្គការសហប្រជាជាតិបានព្រមានថា សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាគឺអាចបង្កឱ្យបុគ្គលិកមនុស្សធម៌កាន់តែច្រើនថែមទៀតស្លាប់នៅក្នុងឆ្នាំនេះ។
អ្នកស្រី Joyce Msuya ប្រធានស្ដីទីនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅទិវាមនុស្សធម៌ពិភពលោកថា៖ «ការចាត់ទុកជារឿងធម្មតានៃអំពើហិង្សាលើបុគ្គលិកមនុស្សធម៌និងកង្វះការទទួលខុសត្រូវគឺមិនអាចទទួលយកបាន មិនសមហេតុផល និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការមនុស្សធម៌នៅគ្រប់កន្លែងទាំងអស់»។
ទីភ្នាក់ងារ OCHA បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ដោយបុគ្គលិកមនុស្ស ធម៌២៨០ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេស ៣៣ កាលពីឆ្នាំ ២០២៣ ឆ្នាំនោះគឺជាឆ្នាំដ៏ប្រល័យបំផុតក្នុងកំណត់ត្រាសម្រាប់សហគមន៍មនុស្សធម៌សាកលលោក»។
សេចក្ដីថ្លែងការណ៍នេះបានយោងលើអង្គការប្រព័ន្ធទិន្នន័យសន្តិសុខបុគ្គលិកមនុស្ស ធម៌ (Aid Worker Security Database) ដែលបានតាមដានតួលេខទាំងនេះតាំងពីឆ្នាំ ១៩៩៧ មក។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជាងពាក់កណ្ដាលនៃការស្លាប់នេះនៅក្នុងឆ្នាំ ២០២៣ គឺជាបុគ្គលិកមនុស្សធម៌ដែលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សាក្នុងអំឡុង ៣ ខែដំបូងនៃសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលភាគច្រើនគឺស្លាប់ដោយសារការវាយប្រហារតាមអាកាស៕