ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ថាការពិភាក្សា​បច្ចុប្បន្ន​អាច​ជា​ឱកាស​ចុងក្រោយ​សម្រាប់​បទឈប់បាញ់​នៅ​ហ្កាហ្សា


រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក លោក Antony Blinken ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​សណ្ឋាគារ David Kempinski ក្នុង​ក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០២៤។
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក លោក Antony Blinken ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​សណ្ឋាគារ David Kempinski ក្នុង​ក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០២៤។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា កិច្ចព្រមព្រៀង​បទឈប់បាញ់​ថ្មី​ចុងក្រោយ​បង្អស់​សម្រាប់​តំបន់​ហ្កាហ្សា​អាច​ជា​ឱកាស​ចុងក្រោយ​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​និង​បញ្ចប់​សង្គ្រាម​រវាង​ក្រុម​ហាម៉ាស់​និង​អ៊ីស្រាអែល។

លោក Blinken បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ថា៖«នេះ​ជា​ដំណាក់កាល​ផ្ដាច់ព្រាត់ ប្រហែលជា​ឱកាស​ល្អ​បំផុត​និង​ចុងក្រោយ​ក្នុងការ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង ឱ្យ​មាន​បទឈប់បាញ់ និង​ធ្វើឱ្យ​ភាគី​ទាំងអស់​ស្ថិត​នៅ​លើ​មាគ៌ា​ដ៏​ប្រសើរ​ឆ្ពោះ​ទៅរក​សន្តិភាព​និង​សន្តិសុខ»។

លោក Blinken បាន​ជួប​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​ប្រធានាធិបតី​អ៊ីស្រាអែល​លោក Issac Herzog។

នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ៩ របស់​លោក Blinken ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​តាំងពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ​មុន​មក។ ក្រុម​អ្នក​ចរចា​មកពី​សហរដ្ឋ​អាមេរិក អេហ្ស៊ីប និង​កាតា​បាន​ជួប​ប្រជុំ​គ្នា​នៅក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា​កាលពី​សប្ដាហ៍​មុន​ដើម្បី​តាក់តែង​កិច្ច​ព្រមព្រៀង​ថ្មី​ចុងក្រោយ​បង្អស់ ហើយ​ការ​ពិភាក្សា​ត្រូវគេ​រំពឹង​ថា​នឹង​ចាប់ផ្ដើម​ឡើង​វិញ​នៅក្នុង​ទីក្រុង​គែរ​នៅ​ពេលក្រោយ​ក្នុង​សប្ដាហ៍​នេះ។

បន្ទាប់ពី​លោក Blinken បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​អ៊ីស្រាអែល​ភ្មាមៗ​កាលពី​ថ្ងៃ​អាទិត្យ គ្រាប់​បែក​មួយ​បាន​ផ្ទុះ​នៅ​ជិត​វិហារ​មួយ​ក្នុង​ទីក្រុង Tel Aviv ដោយ​ធ្វើ​ឱ្យ​អ្នក​បំផ្ទុះ​គ្រាប់​បែក​នោះ​ស្លាប់​និង​អ្នក​ដើរ​ក្បែរ​នោះ​ម្នាក់​រង​របួស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​អ៊ីស្រាអែល។ កាលពី​ថ្ងៃ​ចន្ទ ប៉ូលិស​បាន​ហៅ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ថា​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម៕

XS
SM
MD
LG