អ.ស.ប.បានស្នើឲ្យភាគីទាំងអស់នៅក្នុងជម្លោះក្នុងប្រទេសអ៊ុយក្រែនគោរពឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយដែលបានសម្រេចកាលពីដើមឆ្នាំនេះ។
អ.ស.ប.បានចេញផ្សាយការអំពាវនាវនេះនៅពេលដែលក្រុមមន្ត្រីការពារប្រទេសជាន់ខ្ពស់ស.រ.អា.និងក្រុមអ្នកការទូតជាន់ខ្ពស់អាមេរិកាំងបានកំណត់ជួបប្រជុំគ្នាកាលពីថ្ងៃសុក្រនៅឯទីស្នាក់ការធំនៃកងកម្លាំងស.រ.អា.នៅក្នុងទ្វីបអឺរ៉ុបនៅក្នុងក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ដើម្បីពិនិត្យសើរើជាថ្មីអំពីប្រសិទ្ធិភាពនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងស.រ.អា.ប្រឆាំងនឹងប្រទេសរុស្សី និងអំពីយុទ្ធសាស្ត្ររបស់អង្គការអូតង់ក្នុងការទប់ស្កាត់សកម្មភាពបន្ថែមទៀតរបស់រុស្សីនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Jeffrey Feltman ប្រធានផ្នែកនយោបាយរបស់អ.ស.ប.បានមានប្រសាសន៍ជម្រាបការប្រជុំបន្ទាន់មួយនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.កាលពីថ្ងៃសុក្រថា «យើងអាចឃើញមានការវិលត្រឡប់ទៅកាន់ជម្លោះធ្ងន់ធ្ងរដែលមិនមានភាពធូរស្បើយ ឬមួយអាចនឹងមានកំណើននៃការប្រយុទ្ធគ្នាក្នុងពេលខ្លីនៅក្នុងតំបន់មានជម្លោះ។ យើងមិនចង់ឱ្យមានស្ថានភាពបែបនេះណាមួយកើតឡើងទេ»។
ថ្លែងតាមរយៈការភ្ជាប់វីដេអូពីក្រុង Kyiv លោក Alexander Hug អនុប្រធាននៃបេសកកម្មឃ្លាំមើលស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែនរបស់អង្គការសម្រាប់សន្តិសុខនិងកិច្ចសហប្រតិបត្តិការក្នុងទ្វីបអឺរ៉ុបបានមានប្រសាសន៍ជម្រាបការប្រជុំនេះថា អាវុធធុនធ្ងន់ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលបានត្រូវហាមឃាត់នៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលត្រូវបានចុះហត្ថលេខាកាលពីខែកុម្ភៈនៅក្នុងរដ្ឋធានីមីនស្កិ៍ (Minsk) នៃប្រទេសបេឡារុស (Belarus)។ លោកបាននិយាយថាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នា «មានធ្វើញឹកញយជាងមុន និងធ្ងន់ធ្ងរជាងមុនផងដែរ»។
លោក Yuriy Sergeyev ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអ.ស.ប.បានមានប្រសាសន៍ថា ប្រទេសរុស្សីនិងពួកទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្សីនៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនមានទោសពីបទ «រំលោភធ្ងន់ធ្ងរ» លើកិច្ចព្រមព្រៀងឈប់បាញ់គ្នា៕