ក្រុមមន្រ្តីការពារប្រទេសនិងអ្នកការទូតកំពូលសហរដ្ឋអាមេរិកនឹងជួបគ្នានៅក្នុងទីក្រុង Stuttgart នៃប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រនេះដើម្បីពិភាក្សាថាតើទប់ទល់សកម្មភាពខាងយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ហើយនិងដោះស្រាយកង្វល់ក្នុងចំណោមសម្ព័ន្ធមិត្តអំពីភាពគគ្លើនរបស់រដ្ឋាភិបាលទីក្រុងមូស្គូយ៉ាងដូចម្តេច បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងទ័ពនៃប្រទេសអ៊ុយក្រែននិងពួកឧទ្ទាមដែលគាំទ្រដោយរុស្ស៊ីនោះ។
លោករដ្ឋមន្រ្តីការពារជាតិ Ashton Carter នឹងជួបសម្ងាត់ជាមួយក្រុមឧត្តមសេនីយ៍និងឯកអគ្គរដ្ឋទូត ហើយនិងមេដឹកនាំផ្សេងទៀតនៅឯទីស្នាក់ការធំរបស់ទីបញ្ជាការសហរដ្ឋអាមេរិកនិងអឺរ៉ុបដើម្បីពិនិត្យមើលឡើងវិញពីប្រសិទ្ធិភាពនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ននេះ ហើយនិងយុទសាស្រ្តរបស់អង្គការអូតង់នៅក្នុងការកំញ៉ើញសកម្មភាពបន្ថែមទៀតរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
លោក Brent Colburn អ្នកនាំពាក្យក្រសួការពារជាតិរបស់អាមេរិកបាននិយាយថា «ជំនួបនេះមានគោលបំណងផ្តល់ព័ត៌មានពីការគិតរបស់លោករដ្ឋមន្រ្តីនៅពេលដែលលោកធ្វើដំណើរទៅចូលរួមជំនួបថ្នាក់រដ្ឋមន្រ្តីលើកដំបូងរបស់អង្គការអូតង់នៅចុងខែមិថុនានេះ។ ការយកចិត្តទុកដាក់ក្នុងចំណោមការយកចិត្តទុកដាក់ទាំងអស់ គឺការតាមដានសកម្មភាពរបស់រុស្ស៊ីក្នុងរយៈពេលជាង១៨ខែមកនេះ រួមមានកិច្ចប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន»។
នៅក្នុងការបកស្រាយសង្ខេបនៅក្រសួងការពារជាតិ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យ Steve Warren បាននិយាយថា ការចរចាជាឱកាសមួយដើម្បីស្តាប់ពីផលប៉ះពាល់នៃសកម្មភាពរបស់រុស្ស៊ីលើដៃគូនានានៅអឺរ៉ុប»។
ក្នុងខណៈនោះដែរ លោក Josh Earnestអ្នកនាំពាក្យសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងពិភាក្សាពីការបន្តការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនៅពេលដែលលោកជួបជាមួយមេដឹកនាំពិភពលោកផ្សេងៗទៀតនៅឯសន្និសីទកំពូលរបស់ក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង៧នៅលើលោក ឬហៅថា G7 ក្នុងប្រទេសអាល្លឺម៉ង់នោះ៕