ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ុយក្រែន​និយាយ​ថា​ការ​ប្រយុទ្ធ​គ្នា​បាន​ថយ​ចុះ


ស្រ្តី​ម្នាក់​ដើរ​កាត់​រថក្រោះ​របស់​កងទ័ព​អ៊ុយក្រែន​ដែល​ត្រូវ​បាន​បំផ្លាញ​ នៅ​ក្នុង​ទីក្រុង​ Debaltseve ស្ថិត​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ក្រុង​ Donetsk កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០១៥។
ស្រ្តី​ម្នាក់​ដើរ​កាត់​រថក្រោះ​របស់​កងទ័ព​អ៊ុយក្រែន​ដែល​ត្រូវ​បាន​បំផ្លាញ​ នៅ​ក្នុង​ទីក្រុង​ Debaltseve ស្ថិត​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ក្រុង​ Donetsk កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃសុក្រ​លោក​ប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បាន​មាន​ប្រសាសន៍​ថា​មាន «ការ​ថយ​ចុះ​ជា​លំដាប់» នៅ​ក្នុង​ការ​ប្រយុទ្ធគ្នា​ជាមួយ​ក្រុម​ទាមទារ​បំបែក​រដ្ឋគាំទ្រ​ដោយ​ប្រទេស​រុស្សី​នៅ​ក្នុង​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។​

លោក Poroshenko បាននិយាយ​ប្រាប់ទូរទស្សន៍​ 1+1 នៃ​ប្រទេស​អ៊ុយក្រែន​ថា «ការ​ពិត​គឺ​យើង​គ្មានទាហានស្លាប់​អស់​រយៈពេល​បី​បួន​ថ្ងៃ​មុន​មក​ហើយ​...នេះ​ជា​ការ​បញ្ជាក់​ច្បាស់​លាស់​អំពី​ការថយ​ចុះ​ជា​លំដាប់​នៃ​ការ​ប្រយុទ្ធគ្នា» ។

ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​ប្រសិន​បើ​មាន​ការប្រយុទ្ធ​គ្នា​ម្តង​ទៀត​ ប្រទេស​អ៊ុយក្រែន​នឹង​ «ទទួលអាវុធ​យុទ្ធភណ្ឌ​ជា​ប​ន្ទាន់» ពី​ប្រទេស​ជាតិ​ក្នុង​សហភាពអឺរ៉ុប។​ លោក​មិន​បាន​និយាយ​ទេ​ថា​ ប្រទេស​ណា​មួយ​ដែល​បាន​សន្យា​ថា​នឹង​ផ្តល់​អាវុធ​និង​អំពី​អាវុធ​ប្រភេទ​ណា​ពិត​ប្រាកដទេ។

កាល​ពី​ខែមុន​ លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ជាតិ​បារាំង​ Jean-Yves Le Drian បាន​និយាយ​ថា​រដ្ឋាភិបាល​ទី​ក្រុង​ប៉ារីស​គ្មាន​បំណង​ផ្តល់​អាវុធ​ធុន​ធ្ងន់​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​កៀវ (Kyiv) «នៅ​ពេល​នេះទេ»។ លោកស្រី​អធិការបតីអាល្លឺម៉ង់ Angela Merkel ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​លោកស្រី​ជំទាស់​នឹង​ការ​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន។

ប្រទេស​អ៊ុយក្រែន​និង​ក្រុម​ទាមទារ​បំបែក​រដ្ឋ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​មួយ​កាល​ពី​ខែ​មុន​នៅ​ក្នុង​ក្រុង​ Minsk ហើយ​បាន​សន្យា​ថា​នឹង​ដក​អាវុធ​ធុន​ធ្ងន់​ផង​ដែរ។

ទោះ​បី​ជា​មាន​ការបាញ់​ផ្លោង​ញឹក​ញាប់​ ក៏​ក្រុម​អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា​ ការ​ឈប់​បាញ់​គ្នា​នេះ​ត្រូវ​បាន​ធ្វើ​តាម​ជា​ទូទៅ៕

XS
SM
MD
LG