អង្គការសហប្រជាជាតិបានអំពាវនាវកាលពីថ្ងៃសុក្រដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យដកចេញនូវការសម្រេចរបស់លោកក្នុងការដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍ដោយបញ្ជាក់ថាតុលាការ ICC ក្នុងទីក្រុងឡាអេនៃប្រទេសហូឡង់បាន «រំលោភអំណាច» តាមរយៈការចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu។ លោក Netanyahu បានជួបពិភាក្សាជាមួយលោក Trump កាលពីថ្ងៃអង្គារ។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) ថាខ្លួនគាំទ្រទាំងស្រុងលើកិច្ចការឯករាជ្យរបស់តុលាការនេះក្នុងគ្រប់ស្ថានភាពទាំងអស់ក្រោមយុត្តាធិការរបស់ខ្លួន។
អ្នកនាំពាក្យ OHCHR អ្នកស្រី Ravina Shamdasani ថា តុលាការនេះជាផ្នែកចាំបាច់មួយនៃហេដ្ឋារចនាសម្ព័ន្ធសិទ្ធិមនុស្សសាកលលោក។
អ្នកស្រីបានប្រាប់ AFP តាមអ៊ីមែលថា តុលាការនេះ «មានសារៈសំខាន់ជាសារវន្តក្នុងការធានាយុត្តិធម៌និងធ្វើឲ្យមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតមិនថាប្រព្រឹត្តនៅអ៊ុយក្រែន ស៊ូដង់ មីយ៉ាន់ម៉ា ដែនដីប៉ាឡេស្ទីន ឬនៅកន្លែងណាមួយទេ»។
លោក Trump បានបញ្ជាឲ្យបង្កកទ្រព្យសម្បត្តិនិងហាមឃាត់ការធ្វើដំណើរលើមន្ត្រីនិងបុគ្គលិកតុលាការ ICC និងសមាជិកគ្រួសាររបស់ពួកគេ ព្រមទាំងជនណាដែលត្រូវបានចាត់ទុកថាបានជួយដល់ការស៊ើបអង្កេតរបស់តុលាការនេះផងដែរ។
អ្នកស្រី Shamdasani ថ្លែងថា៖ «យើងសោកស្តាយយ៉ាងខ្លាំងចំពោះទណ្ឌកម្មលើបុគ្គលដែលបានប្រកាសដាក់លើបុគ្គលិកតុលាការ [ICC] ហើយ [យើង] អំពាវនាវឲ្យដកវិធានការនេះចេញវិញ»៕
វេទិកាបញ្ចេញមតិ