ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) កំពុងអំពាវនាវឱ្យអាជ្ញាធរម៉ាឡេស៊ីបញ្ឈប់ការចាប់បញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីមីយ៉ាន់ម៉ាទៅប្រទេសដើមវិញដោយបង្ខំ។ ក្រុមមន្ត្រីទីភ្នាក់ងារនេះថា ជីវិតរបស់ពួកគេនៅមីយ៉ាន់ម៉ាកំពុងប្រឈមនឹងគ្រោះថ្នាក់។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) និយាយថា ការចាប់បង្ខំឱ្យចេញពីម៉ាឡេស៊ីបានកើតឡើងចាប់តាំងពីខែមេសាមក។ ក្នុងរយៈពេល២ខែមុន ក្រុមមន្ត្រី UNHCR រាយការណ៍ថា ពលរដ្ឋមីយ៉ាន់ម៉ារាប់រយនាក់ត្រូវបានចាប់បញ្ជូនត្រឡប់ទៅវិញផ្ទុយពីឆន្ទៈរបស់ពួកគេ។
អ្នកស្រី Shabia Mantoo អ្នកនាំពាក្យទីភ្នាក់ងារ UNHCR និយាយថា ហេតុការណ៍ចុងក្រោយបង្អស់នៅពេលអាជ្ញាធរម៉ាឡេស៊ីមិនគោរពតាមកិច្ចប្រឹងប្រែងរបស់ទីភ្នាក់ងារ និងចាប់បញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនដែលត្រូវបានឃុំខ្លួន។
អ្នកស្រី Mantoo និយាយថា ការចាប់បញ្ជូនមនុស្សដែលស្វែងរកការការពារអន្តរជាតិត្រឡប់ទៅមីយ៉ាន់ម៉ាវិញធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យ និងគ្រោះថ្នាក់។ អ្នកស្រី Mantoo បានថ្លែងថា៖ «គោលការណ៍នៃការមិនចាប់បញ្ជូនមនុស្សត្រឡប់ទៅវិញជាចំណុចស្នូលនៃច្បាប់អន្តរជាតិ និងចងកាតព្វកិច្ចលើរដ្ឋទាំងអស់។ ស្ថានភាពនៅមីយ៉ាន់ម៉ាកំពុងបង្ខំមនុស្សឱ្យរត់ភៀសខ្លួនដើម្បីស្វែងរកសុវត្ថិភាពក្នុងប្រទេស និងនៅក្រៅប្រទេស។ យើងមិនមានព័ត៌មានអំពីអ្វីដែលកើតឡើងចំពោះអ្នកដែលត្រូវចាប់បញ្ជូនត្រឡប់ទៅវិញនៅពេលពួកគេទៅដល់នោះទេ។ នេះហើយជាអ្វីដែលយើងបន្តជំរុញមិនឱ្យចាប់បញ្ជូនពួកគេត្រឡប់ទៅមីយ៉ាន់ម៉ាវិញដែលផ្ទុយពីឆន្ទៈរបស់ពួកគេ»។
ទីភ្នាក់ងារ UNHCR បានចុះឈ្មោះជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ១៨៣.០០០នាក់នៅម៉ាឡេស៊ី។ អ្នកទាំងនោះរួមមានជនជាតិរ៉ូហ៊ីងយ៉ាជិត១០៦.០០០ នាក់ និងមនុស្សមកពីក្រុមជនជាតិភាគតិចប្រមាណ៥២.០០០ នាក់ដែលរត់គេចពីជម្លោះ និងការធ្វើទុក្ខបុកម្នេញនៅមីយ៉ាន់ម៉ា។
អ្នកសង្កេតការណ៍និយាយថា មនុស្សយ៉ាងហោចណាស់ ១៧.៥០០ នាក់កំពុងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំខ្លួនអន្តោប្រវេសន៍ចំនួន ២១ នៅទូទាំងប្រទេសរួមទាំងកុមារជាង ១.៥០០នាក់ផងដែរ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch រាយការណ៍ថា ម៉ាឡេស៊ីបានចាប់បញ្ជូនពលរដ្ឋមីយ៉ាន់យ៉ាជាង ២.០០០ នាក់ដោយបង្ខំចាប់តាំងពីខែមេសាមក ដែលជាចំនួនលើសពាក់កណ្តាលនៃចំនួនក្នុងរយៈពេល ២ ខែកន្លងមក។
អ្នកស្រី Mantoo និយាយថា ទីភ្នាក់ងារ UNHCR មិនដឹងថាហេតុអ្វីបានជាការចាប់បញ្ជូនខ្លួនត្រឡប់ទៅវិញមានការកើនឡើងនៅពេលនេះនោះទេ។ ប៉ុន្តែអ្នកស្រីបានកត់សម្គាល់ថា ទីភ្នាក់ងាររបស់អ្នកស្រីមានការបារម្ភខ្លាំងអំពីផលវិបាកមនុស្សធម៌សម្រាប់អ្នកដែលត្រូវបានចាប់បញ្ជូនត្រឡប់ទៅវិញ។ អ្នកស្រី Mantoo បានថ្លែងទៀត ថា៖ «យើងកំពុងបន្តកិច្ចសន្ទនា និងសហការជាមួយអាជ្ញាធរនៅទីនោះលើបញ្ហានេះ។ នេះជាអន្តរាគមន៍ជាបន្តបន្ទាប់ដែលយើងកំពុងតែធ្វើ ប៉ុន្តែខ្ញុំពិតជាមិនមានយោបល់អ្វីក្រៅពីនេះទេ។ ប៉ុន្តែយើងកំពុងបន្តការអន្តរាគមន៍របស់យើងជាមួយនឹងអាជ្ញាធរនិងសង្ឃឹមថា ការណ៍នេះនឹងឈប់កើតមានតទៅទៀត»។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនេះកំពុងអំពាវនាវម្តងទៀតដល់រដ្ឋផ្សេងៗនៅក្នុងតំបន់ឱ្យបន្តផ្តល់ការការពារដល់ពលរដ្ឋមីយ៉ាន់ម៉ាដែលរត់គេចខ្លួនដើម្បីសុវត្ថិភាព។ ទីភ្នាក់ងារនេះក៏កំពុងជំរុញឱ្យរដ្ឋាភិបាលម៉ាឡេស៊ីបញ្ឈប់ការអនុវត្តការឃុំខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោន និងជនភៀសខ្លួនមកពីមីយ៉ាន់ម៉ាដោយឥតដែនកំណត់ផងដែរ។
របាយការណ៍នាពេលថ្មីៗមួយរបស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិចោទប្រកាន់មេដឹកនាំយោធាមីយ៉ាន់ម៉ាពីការចាប់ខ្លួនមនុស្សរាប់ពាន់នាក់ និងការបំ ពានលើរូបរាងកាយ ការប្រព្រឹត្តបែបអមនុស្សធម៌ ការធ្វើទារុណកម្មដែលជួនកាលបណ្តាលឱ្យស្លាប់។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនទាន់បានឆ្លើយតបទៅនឹងរបាយការណ៍ចុងក្រោយបង្អស់នេះទេ ប៉ុន្តែបានបដិសេធរបាយការណ៍ស្រដៀងនេះកាលពីអតីតកាល៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន