នៅមុនជំនួបរដ្ឋមន្ត្រីការបរទេសដែលនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី សមាគមអាស៊ានបានបង្ហាញ «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះអំពើហិង្សាដែលបន្តកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ចេញផ្សាយកាលពីថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍ឱ្យដឹងថា អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុតស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែលបណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។
សមាគមអាស៊ានបញ្ជាក់ថា៖ «យើងកត់សម្គាល់ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លា ក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ផងដែរដល់កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចនេះ»។
សមាគមអាស៊ានក៏បានជំរុញយ៉ាងខ្លាំងឱ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។
រដ្ឋមន្ត្រីការបរទេសនៃសមាគមអាស៊ាននឹងបើកកិច្ចប្រជុំពិភាក្សានៅប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែតុលា ឆ្នាំ ២០២២ នេះ ដើម្បីស្វះស្វែងរកមធ្យោបាយថ្មីដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
កិច្ចពិភាក្សានៅទីក្រុងហ្សាការតានឹងផ្តោតជាសំខាន់ទៅលើការអនុវត្តនូវចំណុចឯកច្ឆន្ទទាំង ៥ របស់មេដឹកនាំអាស៊ាន ដែលរួមមានទាំងមេដឹកនាំយោធាភូមាផង កាលពីខែមេសា ឆ្នាំមុន ដើម្បីបញ្ចប់នូវជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរងការធ្វើរដ្ឋប្រហារដោយក្រុមយោធាចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ ២០២១ មក។ កិច្ចប្រជុំដែលធ្វើឡើងនាសប្តាហ៍នេះ ធ្វើឡើងមុនកិច្ចប្រជុំមេដឹកនាំកំពូលរបស់សមាគមមួយនេះ ដែលធ្វើឡើងនាខែវិច្ឆិកាខាងមុខ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ ៥ ចំណុច។ ទី ១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី ២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី ៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី ៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី ៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕