ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​ស្នើ​ឲ្យ​ដូរឈ្មោះ​ផ្លូវ​​មួយ​នៅ​​មុខ​ស្ថានទូត​ចិន​​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​តាម​ឈ្មោះ​របស់​វេជ្ជបណ្ឌិត​ចិន​


រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាស់ចូលរួមក្នុងពិធីរំឭកវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Li Wenliang នៅក្រុងហុងកុង ប្រទេសចិន។
រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាស់ចូលរួមក្នុងពិធីរំឭកវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Li Wenliang នៅក្រុងហុងកុង ប្រទេសចិន។

សមាជិក​សភា​សហរដ្ឋអាមេរិក​កំពុង​តែ​ដាក់​ស្នើ​ច្បាប់​មួយ​ដើម្បីប្ដូរ​ឈ្មោះ​ផ្លូវ​មួយ​នៅ​មុខ​ស្ថានទូត​ចិនក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បីរំឭក​ដល់​លោក​វេជ្ជបណ្ឌិត Li Wenliang ដែល​ជា​អ្នក​លាត​ត្រដាង​ព័ត៌មាន​អំពី​ជំងឺ​កូវីដ​១៩​មុន​គេ​នៅ​ប្រទេស​ចិន។ លោក Li បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បំបិទ​មាត់​លោក​ ដោយសារ​តែ​លោក​ព្យាយាម​បញ្ចេញ​ព័ត៌មាន​ឲ្យ​ពិភពលោក​បាន​ដឹង​អំពី​ជំងឺ​កូវីដ១៩។ ​

អ្នកស្រី Liz Cheney សមាជិក​រដ្ឋសភា​អាមេរិក​នៃ​រដ្ឋ Wyoming បាន​ថ្លែង​ នៅ​ពេល​ដែល​អ្នកស្រី​បាន​ដាក់​ស្នើ​ច្បាប់​នេះ​នៅ​ក្នុង​រដ្ឋសភា​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​ឧសភា ថា៖​ «ខ្ញុំ​មាន​កិត្តិយស​នឹង​ដាក់​ស្នើ​ច្បាប់​នេះ​ដើម្បី​ប្ដូរ​ឈ្មោះ​ផ្លូវ​នៅ​មុខ​ស្ថានទូត​ចិន ​តាម​ឈ្មោះ​របស់​លោក​វេជ្ជបណ្ឌិត Li»។ ​

អ្នកស្រី​បាន​និយាយ​ទៀត​ថា៖ «សូម​ឲ្យ​ការ​ប្ដូរ​ឈ្មោះ​ផ្លូវនេះ​ក្លាយ​ទៅ​ជា​ការ​ក្រើន​រំឭក​ដល់​ពិភពលោក​និង​រដ្ឋាភិបាល​ចិន​ថា ការ​ពិត​និង​សេរីភាព​នឹង​នៅ​តែ​ឈ្នះ យើង​នឹង​មិន​ភ្លេច​ពី​ភាព​អង់អាច​ក្លាហាន​របស់​លោក​វេជ្ជបណ្ឌិត Li ទេ ហើយថា គណបក្ស​កុម្មុយនីស្ដ​ចិន​នឹង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ផល​ប៉ះពាល់​ដ៏​មហន្ដរាយ​ដោយសារ​តែ​ការ​កុហក​របស់​ពួកគេ»។

សំណើ​ច្បាប់​មួយ​ទៀត​ត្រូវ​បាន​ដាក់​ស្នើ​ដល់​ព្រឹទ្ធសភា​អាមេរិក​នៅ​ថ្ងៃ​តែ​មួយ។ លោក Ben Sasse សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Nebraska ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណើច្បាប់​នេះ​ឡើង​ម្នាក់​ដែរ បាន​និយាយ​ថា លោក Li ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វីរបុរស​សម្រាប់​ប្រជាជន​ចិន។ ​

លោក Sasse បាន​ថ្លែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ថា៖ «លោក​ប្រធាន Xi [Jinping] អាច​ព្យាយាម​អះអាង​ថា លោក​វេជ្ជបណ្ឌិត Li គឺ​ជា​អ្នក​ហ៊ាន​ពលី​ជីវិត​នៃ​គណបក្ស​កុម្មុយនីស្ត​ ប៉ុន្តែ​ប្រជាជន​ចិន​ដឹង​ថា តាមពិត​គឺ​ការងារ​ដែល​មិន​គិត​ពី​ខ្លួន​ឯង​និង​សំឡេង​របស់​លោក​វេជ្ជបណ្ឌិត Li ទៅ​វិញ​ទេ ដែល​គណបក្ស​កុម្មុយនីស្ត​ព្យាយាម​បំបិទ​មាត់»។

លោក Sasse បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ដាក់​ឈ្មោះ​ផ្លូវ​នៅ​មុខ​ស្ថានទូត​ចិន​ដោយ​យក​តាម​ឈ្មោះ​របស់​លោក Li «នឹង​បង្ហាញ​ពី​ភាព​ផ្ទុយស្រឡះ​ពី​គ្នា​រវាង​ភាព​សាហាវ​យង់ឃ្នង​និង​ការ​កុហក​របស់​គណបក្ស​កុម្មុយនីស្ដ​ចិន ជាមួយ​នឹង​សុភាវធម៌​និង​សេចក្ដីមេត្តាធម៌​របស់​ប្រជាជន​ចិន»។

លោក Li គឺ​ជា​វេជ្ជបណ្ឌិត​ភ្នែក​ ដែល​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ Wuhan Central Hospital។ លោក​បាន​ព្រមាន​ថា សហការី​របស់​លោកមួយ​ចំនួន​នៅ​សាលាវេជ្ជសាស្ត្រ​ កាល​ពី​ចុង​ខែ​ធ្នូ មាន​អាការៈរោគ​ស្រដៀង​នឹង​ជំងឺ SARS។ ក្រោយ​មក លោក Li ក៏​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​កោះហៅ​ចំពោះ​ការ​បញ្ចេញ​ព័ត៌មាន​ប្រាប់​ឲ្យ​សាធារណជន​ប្រុងប្រយ័ត្ន​នេះ។

ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ការ​បែក​ធ្លាយ​ព័ត៌មាន​ថា អាជ្ញាធរ​បាន​ចេញ​លិខិត​ផ្លូវការ​ក្នុង​អំឡុងពេល​នោះ ដោយ​ចេញ​បទបញ្ជា​ថា គ្មាន​នរណា​ម្នាក់​ក្រៅ​តែ​ពី​ក្រុម​មន្ត្រី​ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​ប៉ុណ្ណោះ ដែល​អាច​និយាយ​អំពី​វីរុស​កូរ៉ូណា​នេះ​បាន។ ​

នៅ​ពេល​នោះ ចិន​មិន​បាន​ទទួល​ស្គាល់​ជំងឺ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នេះ​ទេ ដែល​ជំងឺ​នេះ​ក្រោយ​មក​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ជំងឺ​កូវីដ១៩ ហើយ​រាល់​វេជ្ជបណ្ឌិត​ដែល​ព្យាបាល​អ្នកជំងឺ​កូវីដ១៩ មិន​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ពាក់​ឧបករណ៍​ការពារ​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត Li បាន​ឆ្លង​ជំងឺ​នេះ​និង​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ។

ផ្អែក​តាម​សេចក្ដីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចិន វេជ្ជបណ្ឌិត​បី​នាក់​នៃ​មន្ទីរពេទ្យ Wuhan Central Hospital ក៏​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ កាល​ពី​ដើម​ខែ​មីនា​ផង​ដែរ។ ​

នេះ​មិនមែន​ជា​ការ​ព្យាយាម​ដូរ​ឈ្មោះ​ផ្លូវ​នៅ​មុខ​ស្ថានទូត​ចិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​លើក​ទី​មួយ​ទេ។ មាន​សំណើ​មួយ​កាល​ពី​ឆ្នាំ​២០១៧ ឲ្យ​ប្ដូរ​ឈ្មោះ​ផ្លូវ​នេះ​តាម​ឈ្មោះ​របស់​លោក Liu Xiaobo ដែល​ជា​អ្នក​និពន្ធ​ប្រឆាំង​នឹង​ចិន។ លោក Liu បាន​ស្លាប់ក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​អំឡុងពេល​ដែល​លោកត្រូវ​បាន​គេ​ឃុំឃាំង​កាល​ពី​ឆ្នាំ​២០១៧​។

ស្រដៀង​គ្នា​នេះ​ដែរ ផ្លូវ​មួយ​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​ចាស់ ត្រូវ​បាន​ប្ដូរ​ឈ្មោះ​កាល​ពី​ឆ្នាំ​១៩៨៤ ដើម្បី​រំឭក​ដល់​លោក Andrei Sakharov ដែល​ជា​អ្នក​ប្រឆាំង​ដ៏​សំខាន់​ម្នាក់។ លោក Sakharov គឺ​ជា​រូបវិទូរុស្ស៊ី​ដ៏​ល្បីល្បាញ និង​ជា​អ្នក​ប្រឆាំង​ដ៏​ខ្លាំងក្លា​ម្នាក់ ដែល​បាន​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​អាជ្ញាធរ​សូវៀត។ ​

នៅ​ក្នុង​វិចារណកថា​មួយ​លើ​កាសែត Washington Post ​ដែលគាំ​ទ្រ​ការប្ដូរឈ្មោះ​ផ្លូវ​តាម​ឈ្មោះ​របស់​លោក Liu Xiaobo កាសែត​នេះ​បាន​អះអាង​ថា ខណៈ​ដែល​ការ​ប្ដូរ​ផ្លូវ​តាម​ឈ្មោះ លោក Sakharov បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ជាមួយ​នឹង​សហភាព​សូវៀត ការណ៍​នេះ​ក៏​បាន​ផ្ញើ​ជា​សារ​ដ៏​ខ្លាំងក្លា​មួយ​ទៅ​កាន់​អ្នក​ការទូត​សូវៀត​និង​អ្នក​ផ្សេងៗ​ទៀត​ថា លោក Sakharov និង​សកម្មជន​ដទៃទៀត​ដូច​លោក ​មិន​ត្រូវ​បាន​គេ​បំភ្លេច​នោះ​ទេ»។

ស្រដៀង​គ្នា​នោះ​ដែរ វិចារណកថា​នោះ​ក៏​បាន​សរសេរ​ទៀត​ថា៖ «រាល់ពេល​ដែល​អ្នក​ការទូត​ចិន​ណា​ម្នាក់​ចេញ​ឬ​ចូល​ស្ថានទូត​ចិន អ្នក​នោះ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​កេរ្តិ៍ដំណែល​របស់​លោក Liu ហើយ​ពួកគេ​ក៏​ប្រហែល​ជា​ចំណាយ​ពេល​គិត​ពី​មេធាវី​សិទ្ធិមនុស្សនិង​សកម្មជន​សិទ្ធិមនុស្ស​រាប់រយ​នាក់ ​ដែល​កំពុង​ត្រូវ​បាន​ឃុំឃាំង​ដោយ​គណបក្ស​កុម្មុយនីស្ដ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ហេតុផល​នេះ​គ្រប់គ្រាន់​សម្រាប់​ការ​ប្ដូរ​ឈ្មោះ​ផ្លូវ​នេះ»។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក Matthew Pottinger ទីប្រឹក្សារង​សន្ដិសុខជាតិ​សហរដ្ឋអាមេរិក​ បាន​ថ្លែង​ថា លោក Li តំណាង​ឲ្យ​ស្មារតី​ពិតប្រាកដ​នៃ​ចលនាថ្ងៃ​ទី​៤​ ខែ​ឧសភា ​ឆ្នាំ​១៩១៩ ដែល​ត្រូវ​បាន​អ្នក​ស្នេហាជាតិ​ធ្វើ​ឡើង ​ដើម្បី​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់​វប្បធម៌​និង​សង្គម ដែល​មាន​គោលបំណង​ពង្រឹង​ស្មារតី​និង​មូលដ្ឋាន​របស់​ប្រទេស​ចិន។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន ស្ថានទូត​ចិន​និង​ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​សហរដ្ឋអាមេរិកហាក់​ដូចជា​វីវក់​ជាមួយ​នឹង​ការ​រិះគន់​ចំពោះ​ភាព​យឺតយ៉ាវ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ក្នុង​ការ​រាយការណ៍​អំពី​ទំហំ​និង​ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី​នេះ។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក លោក Cui Tiankai បាន​និយាយ​ការពារ​ប្រទេស​ចិន​នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​លើ​កាសែត Washington Post កាលពី​ថ្ងៃ​ពុធ ទី៦ ខែ​ឧសភា ដែល​មាន​ចំណង​ជើង​ថា «បន្ទោស​ចិន​នឹង​មិន​ធ្វើ​ឲ្យ​វិបត្តិ​ជំងឺ​រាតត្បាត​ជា​សកល​នេះ​ចប់​ទេ»។

គេហទំព័រ​របស់​ស្ថានទូត​ចិន​ក៏​បាន​ចេញ​ផ្សាយរឿង​រ៉ាវ​អំពី​ខេត្ត Anhui និង​ខេត្ត Liaoning នៅ​ក្នុង​ប្រទេស​ចិន ដែល​បាន​បញ្ជូន​គ្រឿង​បរិក្ខារ​ពេទ្យ​ឲ្យ​រដ្ឋ Maryland និង​រដ្ឋ Utah នៅ​ក្នុង​សហរដ្ឋអាមេរិក ដោយ​ភ្ជាប់​នឹង​សំណេរ​ថា «ខេត្ត Anhui ស្រឡាញ់​រដ្ឋ Maryland»​ផង​ដែរ។

នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក មាន​សញ្ញា​បង្ហាញ​ថា ទំនាក់ទំនង​ការទូតរបស់​ចិន​បាន​ធ្លាក់​ចូល​ក្នុង​ដំណាក់កាល​ទាល់ច្រក​ជា​បណ្ដោះអាសន្ន។

ប្រទេស​ស៊ុយអែត​ថ្មីៗ​នេះ​បាន​បិទ​វិទ្យាស្ថាន​ផ្សព្វផ្សាយ​ទ្រឹស្តី​ខុងជឺ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ចិន ហើយ​ទីក្រុង​ធំ​បំផុត​ទី​ពីរ​នៅ​ក្នុង​ប្រទេស​ស៊ុយអែត​បាន​ផ្ដាច់​ទំនាក់ទំនង​ជិតស្និទ្ធ​ដូច​បងប្អូន​ជាមួយ​នឹង​ទីក្រុង​សៀងហៃ​ទៀត​ផង៕​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG