រដ្ឋ Victoria នៃប្រទេសអូស្រ្តាលីបានបន្ថូរបន្ថយការរឹតបន្តឹងទាក់ទងនឹងជំងឺកូវីដ១៩ នៅថ្ងៃសប្តាហ៍នេះ នៅពេលដែលអាជ្ញាធរបានបន្ថយវិធានការណ៏តឹងរឹងក្នុងការត្រួតពិនិត្យជំងឺនេះ។ ប្រទេសអូស្រ្តាលី មានចំនួនអ្នកឆ្លងវីរ៉ុសកូរ៉ូណាចំនួន៦៩០០ករណី។ អ្នកជំងឺជាង៦០០០នាក់ បានជាសះស្បើយ ហើយមនុស្ស៩៧នាក់បានស្លាប់។
រដ្ឋ Victoria ដែលជារដ្ឋមានប្រជាជនច្រើនជាងគេទី២ក្នុងប្រទេសអូស្រ្តាលី បានចាត់វិធានការណ៏តឹងរឹងបំផុតក្នុងការបិទរដ្ឋរបស់ខ្លូន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។
រដ្ឋាភិបាលរបស់រដ្ឋនេះបានប្រកាសពី «ជំហានតូចដំបូង» របស់ខ្លួននៅក្នុងការបន្ធូរបន្ថយនៃការរឹតបន្តឹងទាក់ទងនិងជំងឺកូវីដ១៩។ សកម្មភាពកីឡានិងការជួបជុំហាត់ប្រាណត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញ សំរាប់ចំនួនមនុស្សដែលមានគ្នាមិនលើសពី១០នាក់ក្នុងមួយក្រុមៗ។ ការដើរហាត់ប្រាណតាមព្រៃភ្នំ ការស្ទូចត្រី ការប្រមាញ់សត្វ នឹងត្រូវបានអនុញ្ញតិផងដែរចាប់ពីយប់ថ្ងៃអង្គារ៍ទៅ ប៉ុន្តែការនៅដាច់ពីគ្នា និងវិធានការណ៏អនាម័យ នៅតែត្រូវបានដាក់អោយអនុវត្តដដែល។ ក្រុមមនុស្សដែលមានចំនួនច្រើន ក៏ត្រូវបានអនុញ្ញាតិផងដែរ ឲ្យចូលរួមក្នុងពិធីមង្គលការ ឬពិធីបុណ្យសព។
ម្ចាស់លំនៅដ្ឋាននីមួយៗ អាចទទួលភ្ញៀវមកលេងផ្ទះរបស់ខ្លួន៥នាក់ក្នុងមួយពេលៗ។ អភិបាលរដ្ឋ Victoria លោក Daniel Andrews បានទទូចឲ្យពលរដ្ឋប្រកាន់យកវិធានការណ៏ប្រុងប្រយ័ត្នជាប់ជានិច្ច។
លោកបានថ្លែងតាមសម្តីដើមថា៖ «នៅពេលដែលមានការអនុញ្ញាតិឲ្យអ្នកចេញទៅក្រៅ ដើម្បីញាំអាហារ ឬទៅលេងគ្រួសារ និងមិត្តភ័ក្ត នេះមិនមែនមានន័យថា ជាការអនុញ្ញាតិឲ្យមានពិធីជប់លៀងនៅគ្រប់ផ្ទះ រាល់យប់នោះទេ» ។
ហាងកាហ្វេនិងភោជនីយដ្ឋានក្នុងរដ្ឋ Victoria នៅតែអនុញ្ញាតិអោយមានការកុម្ម៉ង់ម្ហូបនិងភេសជ្ជៈយកទៅផ្ទះ ហើយសាលារៀនត្រូវគេរំពឹងថានឹងបើកឡើងវិញ ក្នុងរយៈពេល៤ សប្តាហ៏ខាងមុខទៀត។
សិស្សនិស្សិតក្នុងរដ្ឋ New South Wales បានត្រឡប់ទៅកាន់ថ្នាក់រៀនក្នុងតំណាក់កាលដំបូង ដោយចាប់ផ្តើមចូលរៀនមួយថ្ងៃក្នុងមួយសប្តាហ៏។
នៅថ្ងៃសុក្រនេះ បារាំកំសាន្តនៅទឹកដីនៅភាគខាងជើងប្រទេសអូស្រ្តាលីនេះ ក៏នឹងត្រូវអនុញ្ញាតិ អោយបើកឡើងវិញផងដែរ។ អាជ្ញាធររដ្ឋភាគខាងត្បូងប្រទេសអូស្ត្រាលី បានអនុញ្ញាតិឲ្យមានការធ្វើដំណើរក្នុងតំបន់ និងការចេញទៅញាំអាហារនៅខាងក្រៅ។
នៅពេលការរិតត្បិតត្រូវបានគេបន្ធូរបន្ថយ អាជ្ញាធរសុខាភិបាលនៅទូទាំងប្រទេសអូស្ត្រាលី បានព្រមានថា ការប្រថុយនិងគ្រោះថា្នក់បំផុតនៃការឆ្លងជំងឺកូវីដ១៩ គឺការមិនយកចិត្តទុកដាក់និងការមិនប្រុងប្រយ័ត្ន។
ថវិកាចាយវាយរបស់រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី ដើមដំបូងគ្រោងនឹងចេញផ្សព្វផ្សាយនៅថ្ងៃអង្គារ៏នេះ ក៏ប៉ុន្តែត្រូវបានលើកពេលវិញ ដោយសារតែជម្ងឺរាតត្បាតនេះ។ ការប្រកាសពីថវិកាសហព័ន្ធនេះ នឹងត្រូវលើកពេលរហូតដល់ខែតុលា ហើយរដ្ឋាភិបាលកំពុងប៉ាន់ប្រមាណពីវិបតិ្តនៃវីរ៉ុសកូរ៉ូណា ដែលបានធ្វើឲ្យប៉ះពាល់ដល់ឱនភាពហិរញ្ញវត្ថុក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអូស្ត្រាលី៕
ប្រែសម្រួលដោយ ជ្រា វណ្ណារិទ្ធ