ប្រេសិតពិសេសអ.ស.ប. លោក Staffan de Mistura នឹងជួបជាមួយតំណាងរដ្ឋាភិបាលស៊ីរី ក្នុងទីក្រុងហ្សឺណែវនៅថ្ងៃអង្គារនេះ ក្រោយពីបានប្រកាសចាប់ផ្តើមកិច្ចចរចាសន្តិភាពដោយប្រយោល ហើយអំពាវនាវឲ្យប្រទេសមហាអំណាចរក្សាការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធានាឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយ ខណៈដែលការចរចាកំពុងប្រព្រឹត្តិទៅ។
ដំណើរការចរចានេះ គឺជាផ្នែកមួយដើម្បីសម្រេចឲ្យបានការឆ្លើយឆ្លងគ្នាដោយប្រយោលរវាងភាគីទាំងពីរ និងការឈប់វាយប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍ ហើយនឹងឈានទៅរកអន្តរកាលនយោបាយមួយដោយមានការបោះឆ្នោតថ្មី។ នេះគឺជាគោលដៅ ដែលអាចត្រូវការពេលរាប់ខែដើម្បីសម្រេចឲ្យបាន។
ក៏ប៉ុន្តែ សម្រាប់ពេលនេះ លោក Mistura នឹងជួបជាមួយភាគីរដ្ឋាភិបាលស៊ីរី ជាមុនសិន មុននឹងវិលទៅនិយាយជាមួយគណៈប្រតិភូក្រុមប្រឆាំងវិញ។
លោកបានដាក់ចំណោទមួយទៅកាន់ក្រុមអន្តរជាតិ គាំទ្រស៊ីរី ដែលរួមបញ្ចូលទាំងសហរដ្ឋអាមេរិក រុស្ស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត តួកគី និងប្រទេសដទៃទៀតផងដែរ ដោយរំលឹកប្រទេសទាំងអស់នេះថាពួកគេបាននិយាយថា ពូកគេប្តេជ្ញាធានាឲ្យមានការពិភាក្សាអំពីបទឈប់បាញ់គ្នាមួយ ដែលធ្វើឡើងចំពេលការចរចាចាប់ផ្តើម៕