ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជាជាតិ​នឹង​ពិភាក្សា​អំពី​តំណាង​មីយ៉ាន់ម៉ា​នៅ​មហាសន្និបាត​


រូប​ឯកសារ៖ ស្លាកសញ្ញា​នៃ​អង្គការ​សហប្រជាជាតិ​​នៅ​ខាង​ក្រៅ​ទី​ស្នាក់ការ​កណ្តាល​ក្នុង​ទី​ក្រុង New York កាល​ពី​ឆ្នាំ​២០១៣។
រូប​ឯកសារ៖ ស្លាកសញ្ញា​នៃ​អង្គការ​សហប្រជាជាតិ​​នៅ​ខាង​ក្រៅ​ទី​ស្នាក់ការ​កណ្តាល​ក្នុង​ទី​ក្រុង New York កាល​ពី​ឆ្នាំ​២០១៣។

នៅ​ក្នុង​កិច្ច​ប្រជុំ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​លើក​ទី ​៧៦ ​នៅ​សប្តាហ៍​ក្រោយ​ ប្រទេស​មីយ៉ាន់ម៉ា​នឹង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្តៅមួយ​ ខណៈ​គណៈ​កម្មការ​កំណត់​លក្ខខណ្ឌ​សមាជិក​ភាព​ដែល​មាន​ប្រទេស​ចំនួន​ ៩ ​ជា​សមាជិក ​នឹង​ផ្តល់​អនុសាសន៍​ថា ភាគី​ណា​មាន​សិទ្ធិ​កាន់កាប់​អាសនៈ​នៅ​អ.ស.ប.។​ ជម្រើស​គឺ​រវាង​របប​យោធា​មីយ៉ាន់ម៉ា ​ឬ​អ្នក​តំណាង​របស់​អតីត​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ ដែល​ជាប់​ឆ្នោត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ។​

របប​យោធា​អះអាង​ថា​ ខ្លួន​បាន​ផ្តួល​រំលំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ (NLD) ​ដែល​ដឹកនាំ​ប្រទេស​ដោយសារ​តែ​គណបក្ស​នេះ​មិន​អើពើ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ​មាន​ការ​លួច​បន្លំ។​ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​បាន​ឈ្នះ​ការ​បោះឆ្នោត​នោះ​យ៉ាង​ភ្លូកទឹក​ភ្លូកដី​ ហើយ​គណបក្ស​សាមគ្គី​ភាព​ និង​អភិវឌ្ឍន៍​ ដែល​ស្និទ្ធ​នឹង​យោធា​ បាន​ចាញ់​ការ​បោះឆ្នោត។ ​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ជាតិ​ និង​អន្តរជាតិ​ភាគ​ច្រើន​ទទួល​ស្គាល់​ថា​ការ​បោះឆ្នោត​នោះ​បាន​ធ្វើ​ឡើង​ដោយ​សេរី​និង​យុត្តិធម៌។​

មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​គឺ​អ្នកស្រី ​Aung San Suu Kyi ​ និង​អតីត​ប្រធានាធិបតី​លោក​ Win Myint​ ត្រូវ​បាន​ឃុំខ្លួន​ចាប់តាំង​ពី​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ជាច្រើន​ករណី។​

ទន្ទឹម​នឹង​នេះ​ដែរ ​ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា ​រដ្ឋាភិបាល​រួបរួមជាតិ​ (NUG)​ ដែល​ត្រូវបាន​បង្កើត​ឡើង​បន្ទាប់​ពី​រដ្ឋ​ប្រហារ​នោះ​ បាន​អះអាង​ថា ​ ខ្លួន​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​ប្រទេស​មីយ៉ាន់ម៉ា។ ​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​នយោបាយ​និង​មេដឹកនាំ​ដែល​ត្រូវ​បាន​បណ្តេញ​ពី​មុខ​តំណែង​ និង​សកម្មជន​ដែល​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​ក៏​ប៉ុន្តែ​រដ្ឋាភិបាល​យោធា​បាន​ចាត់ទុក​ក្រុម​នេះ​ថាខុស​ច្បាប់។​

រូប​ឯកសារ៖ ទាហាន​ម្នាក់​ឈរ​ក្បែរ​រថយន្តយោធា​នៅ​ទី​ក្រុង​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ឆ្នាំ​២០២១។
រូប​ឯកសារ៖ ទាហាន​ម្នាក់​ឈរ​ក្បែរ​រថយន្តយោធា​នៅ​ទី​ក្រុង​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ឆ្នាំ​២០២១។

សមាគម​ផ្តល់​ជំនួយ​ដល់​អ្នក​ទោស​នយោបាយ ​(AAPP)​ ដែល​ជាក្រុម​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ការ​បង្ក្រាប​របស់​យោធា​កន្លង​មក​លើ​ក្រុម​បាតុករ​ ដែល​ដឹកនាំ​ដោយ​ចលនា​ស៊ីវិល​ប្រឆាំង​(CDM)​ ប្រឆាំង​រដ្ឋ​ប្រហារ​នោះ​ មនុស្ស​ជាង​១.០០០​នាក់​បាន​ស្លាប់​ និង​រាប់ពាន់​នាក់​ទៀត​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន។​

ស្រប​ពេល​មាន​ការ​កើន​ឡើង​នៃ​សញ្ញា​ផ្សេងៗ​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​នោះ​ សកម្មជន​ស្ត្រី​ឆ្នើមៗ​មួយ​ចំនួន​កំពុង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​របប​យោធា។

អ្នកស្រី ​Daw Ma Khin Lay ​អតីត​សកម្មជន​នយោបាយ ​និង​ជា​ទីប្រឹក្សា​ម្នាក់​របស់​អ្នកស្រី ​Suu Kyi ​កាលពី​ទសវត្សរ៍​១៩៩០ ​បាន​ចាកចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ​ក្រោយ​ពេល​មាន​រដ្ឋប្រហារ​យោធា។ ​

សព្វ​ថ្ងៃ​នេះ ​អ្នកស្រី ​Khin Lay ​គឺ​ជា​នាយិកា​នៃ​អង្គការ ​Triangle Women ​ដែល​ជា​បណ្តាញ​សង្គម​ស៊ីវិល​មួយ​តស៊ូ​មតិ​ដើម្បី​ការ​ពង្រឹង​អំណាច​របស់​ស្ត្រី។ ​អ្នកស្រី​ Khin Lay ​បាន​លើក​ឡើង​ថា ​ អ្នកស្រី​កំពុង​«ធ្វើ​កិច្ចការ​ដែល​ចាំបាច់​ត្រូវ​ធ្វើ» ​ដើម្បី​លុប​បំបាត់​របប​យោធា​ចោល។

យោង​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី ​Khin Lay ​ អង្គការ​សហ​ប្រជាជាតិ​ទំនង​ជា​អាច​ទទួល​ស្គាល់​ក្រុម​រដ្ឋាភិបាល​រួបរួម​ជាតិ ​(NUG)។ ​

អ្នកស្រី​ថ្លែង​ថា៖ ​«យើង​ត្រូវ​ព្យាយាម​គ្រប់​វិធី​ដែល​អាច​ធ្វើ​ទៅ​រួច ​ទាំង​វិធី​ការទូត ​និង​សម្ពាធ​អន្តរជាតិ។ ​ការ​ទទួល​ស្គាល់​ពិតជា​សំខាន់​ខ្លាំង​ណាស់ ​ក្នុង​ការ​ទទួល​យក​សមាជិក​ភាព​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ ​(NUG ) ហើយ​បដិសេធ​មិន​ទទួល​ស្គាល់​ពួក​យោធា។ ​ សេចក្តី​ប្រាថ្នា​របស់​យើង​ គឺ​ចង់​ឃើញ​ការ​បដិសេធ​មិន​ទទួល​ស្គាល់​យោធា។ ​ហើយ​នេះ​គឺ​ជា​វិធី​ល្អ​បំផុតដែល​អាច​ធ្វើ​ទៅ​រួច»។ ​

កាល​ពី​ខែ​កុម្ភៈ លោក ​Kyaw Moe Tun ​ដែល​កាលណោះ​ជា​អ្នក​តំណាង​ប្រទេស​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ​បាន​ស្នើ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​រដ្ឋ​ប្រហារ។​ក្រោយ​មក ​លោក​ត្រូវ​បានពួក​យោធា​ដក​ចេញ​ពី​តំណែង​នេះ។​ ហើយ​ក្រោយ​មក​ទៀត ​មាន​សេចក្តី​រាយ​ការណ៍​ថាអាជ្ញាធរ​ប្រចាំ​ទីក្រុង​ញូវយ៉ក​ សហ​រដ្ឋ​អាមេរិក ​បាន​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់ ​ដែល​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​ឃាត​លោក។ ​

រូបឯកសារ៖ ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នាំ​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នាំ​គ្នា​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយឡែក ​អ្នកស្រី ​Khin Lay ​បាន​បន្ថែម​ទៀត​ថា​បើ​ទោះ​បីជា​មាន​ក្តី​សង្ឃឹម​ថា​ រដ្ឋាភិបាល​រួបរួម​ជាតិ ​(NUG)​ នឹង​ត្រូវ​បាន​ទទួល​ស្គាល់​ក៏​ដោយ​ ​ជាការ​ចាំបាច់​ដែល​អង្គការ​សហ​ប្រជាជាតិ​ត្រូវ​ទទួល​ស្គាល់​លោក ​Meo Tun ​ផង​ដែរ។​

អ្នកស្រី ​Khin Lay ​បាន​ថ្លែង​ថា៖ ​«ការ​ទទួល​បាន​សមាជិកភាព​ជា​កិច្ចការ​ថ្មី​មួយ​សម្រាប់​យើង។ ​ យើង​ត្រូវតែ​រៀន​សូត្រ​បន្ថែម។ ​ យោង​តាម​អាស៊ាន​ គឺ​មាន​ជម្រើស​បី។​ យើង​ជឿ​ថា ​ កិច្ចការ​ដែល​អាច​ទៅ​រួច​បំផុត​នោះ​គឺ​ការ​ទទួល​ស្គាល់​លោក ​Moe Tun»។​

អាស៊ាន​គឺជា​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​ដែល​មាន​ប្រទេស​១០​ជា​សមាជិក ​រួមទាំង​ប្រទេសមីយ៉ាន់ម៉ា​ផង​ដែរ។​

អ្នកស្រី ​Thinzar Shunlei Yi​ គឺ​ជា​សកម្មជន​ស្ត្រី​ដ៏​ឆ្នើម​ម្នាក់​ទៀត ​ដែល​តស៊ូ​មតិ​ដើម្បី​ការ​ផ្លាស់ប្តូរ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ​របប​យោធា​កំពុង​តាម​រក​ និង​ចាប់​ខ្លួន​អ្នកស្រី ​ក៏ប៉ុន្តែ​អ្នកស្រី​បាន​ឆ្លៀត​ឱកាស​និយាយ​ជាមួយ​ VOA តាម​ទូរស័ព្ទ​កាលពី​ខែ​សីហា​កន្លង​ទៅ។ ​

សកម្ម​ជន​ស្ត្រី​ឆ្នើម​រូប​នេះ​បាន​អះអាង​ថា​រដ្ឋប្រហារ​យោធា​នៅតែ​ត្រូវបាន​ចាត់ទុក​ថា​ ជា​បរាជ័យ​មួយ​ក្នុង​ប្រទេស ​ខណៈ​ចលនា​ស៊ីវិល​ប្រឆាំង​(CDM) ​កំពុង​បន្ត​ធ្វើ​ឡើង​ក្នុង​ប្រទេស ​ដើម្បី​ប្រឆាំង​នឹង​ប្រតិបត្តិការ​របស់​របប​យោធា។​

អ្នកស្រី​បាន​ថ្លែង​ថា៖ ​«ទោះបី​ក្រោយ​ពី​មាន​ការ​សម្លាប់ ក៏​ពលរដ្ឋ​នៅតែ​បន្ត​ចេញ​ទៅ​ប្រមូល​ផ្តុំ​គ្នា​តាម​ដងផ្លូវ ​និង​បន្ត​ធ្វើ​បាតុកម្ម​ ដូច្នេះ​ស្ថានភាព​គឺ​ខុស​ពី​មុន។ យើង​នៅ​តែ​មាន​ការ​ធ្វើ​បាតុកម្ម​ច្រើន ​នៅ​តាម​កន្លែង​ផ្សេងៗ​គ្នា​ ក្នុង​ទម្រង់​ខុសៗ​គ្នា​ ទាំង​តាម​ដង​ផ្លូវ ​និង​តាម​ប្រព័ន្ធ​ឌីជីថល។​ ដូច្នេះ ​ខ្ញុំ​យល់​ថា ​ការ​តស៊ូ​នឹង​នៅ​តែ​បន្ត​ខ្លាំងក្លា ​ទោះបីជា​មាន​ការ​គំរាម​កំហែង​ក្តី។ ពលរដ្ឋ​នៅតែ​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់។​ហើយ​នេះ​ជា​ផ្នត់​គំនិត​របស់​ក្រុម​នៃ​ចលនា​ស៊ីវិល​ប្រឆាំង»។​

សកម្មជន​ស្ត្រី​រូប​នេះ​ក៏​បាន​និយាយ​សង្កត់​ធ្ងន់​ថា អង្គការ​សហ​ប្រជាជាតិ​គួរ​តែ​ដឹង​ច្បាស់​ថា ត្រូវ​ទទួល​ស្គាល់​ក្រុម​មួយ​ណា។​

អ្នកស្រី​បាន​ថ្លែង​ថា៖​ «ខ្ញុំ​មិន​យល់ថា​ នឹង​មាន​ភាព​ទ័លច្រក​ក្នុង​ការ​ទទួល​ស្គាល់​ក្រុម​រដ្ឋាភិបាល​រួបរួមជាតិ​នោះ​ទេ។ ​វា​ខុស​គ្នា​ទាំង​ស្រុង​ មិនមែន​រវាង​គណបក្ស​ពីរ​ទេ​ គឺ​រវាង​របប​យោធា ​និង​រដ្ឋាភិបាល​រួបរួម​ជាតិ​(NUG)។ ច្បាស់​ណាស់​ថា ​របប​យោធា​បាន​រំលោភ​អំណាច​ខ្លួន​ដើម្បី​ដណ្តើម​អំណាច​គ្រប់គ្រង​ពី​រដ្ឋាភិបាល​ស៊ីវិល។​ សហគមន៍​អង្គការ​សហ​ប្រជាជាតិ​មិន​ចាំបាច់​មាន​ភាព​ស្ទាក់ស្ទើរ​អី​នោះ​ទេ»៕​

ប្រែសម្រួល​ដោយ​អ្នកនាង ទែន សុខស្រីនិត

(សេចក្ដីរាយការណ៍​នេះ​មាន​បន្ថែម​ព័ត៌មាន​ថ្មី)

XS
SM
MD
LG