ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ក្នុង​ប្រទេស​បង់ក្លាដែស​សន្យា​​បញ្ចប់​វិបត្តិ Rohingya


ជនជាតិ​រ៉ូហ៊ីងយ៉ា​ម្នាក់​ស្ទាប​ឆ្នេរ​សមុទ្រ​បន្ទាប់ពី​បាន​ឆ្លងកាត់ព្រំដែន​មីយ៉ាន់ម៉ា​ និង​បង់ក្លាថដែស​នៅ​ទីក្រុង​ Shah Porir Dwip ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី​១១ កញ្ញា ២០១៧។
ជនជាតិ​រ៉ូហ៊ីងយ៉ា​ម្នាក់​ស្ទាប​ឆ្នេរ​សមុទ្រ​បន្ទាប់ពី​បាន​ឆ្លងកាត់ព្រំដែន​មីយ៉ាន់ម៉ា​ និង​បង់ក្លាថដែស​នៅ​ទីក្រុង​ Shah Porir Dwip ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃទី​១១ កញ្ញា ២០១៧។

ក្រុម​ការងារ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស បាន​សន្យា​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា នឹង​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​វិបត្តិ​ជន​ភៀស​ខ្លួន Rohingaya រាប់​សែន​នាក់ ដែល​បាន​គេច​ចេញ​ពី​អំពើ​ហិង្សា​ដែល​ដឹកនាំ​ដោយ​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

មន្ត្រី​ការទូត​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ជំរំ​ដែល​ជន​ភៀស​ខ្លួន Rohingya ប្រហែល ៧ សែន​នាក់​ស្នាក់នៅ​បណ្ដោះ​អាសន្ន​តាម​បណ្ដោយ​ព្រំដែន បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​គឺ​ជា​ឱកាស​មួយ​ដើម្បី​ទៅ​មើល​ស្ថានការណ៍​នេះ​ផ្ទាល់​នឹង​ភ្នែក។

ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Dmitry Polyansky បាន​និយាយ​ថា លោក និង​ក្រុម​របស់​លោក​នឹង​មិន​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ស្ថានការណ៍​នេះ​ទេ ក្រោយ​ពី​ពួកគេ​បាន​មើល​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​មក ទោះបីជា​លោក​បាន​រំឭក​ថា​នឹង​មិន​មាន​ដំណោះ​ស្រាយ​ងាយ​ស្រួល​សម្រាប់​បញ្ហា​នេះ​ក៏​ដោយ។

លោក Dmitry Polyansky បាន​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ជំរំ Kutupalong នៃ​ក្រុង Cox's Bazar យ៉ាង​ដូច្នេះ​ថា៖ «វា​ចាំបាច់​ខ្លាំង​ណាស់​ក្នុង​ការ​មក​មើល​ស្ថានការណ៍​នេះ​ដោយ​ផ្ទាល់​ភ្នែក​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស និង​ប្រទេស​មីយ៉ាន់ម៉ា។ ប៉ុន្តែ យើង​មិន​មាន​ដំណោះស្រាយ​បែប​មន្ត​អាគម​ណា​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​អស់​ទាំង​នេះ​បាន​ទេ»។

ក្រុម​ការងារ​នេះ​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ​របស់​ពួកគេ​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ដែល​នៅ​ពេល​នោះ ពួកគេ​នឹង​ចាកចេញ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា។

មន្ត្រី​ការ​ទូត​នៃ​ក្រុម​ការងារ​នេះ​មាន​អ្នក​តំណាង​មក​ពី​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​នោះ​គឺ​ប្រទេស​ចិន បារាំង រុស្ស៊ី ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក រួម​ទាំង​អ្នក​តំណាង​មក​ពី​សមាជិក​មិន​មែន​អចិន្ត្រៃយ៍​ចំនួន ១០ ប្រទេស​ផ្សេង​ទៀត៕

XS
SM
MD
LG