មិនមានតែក្រុមសមាជិកនៃសហគមន៍អន្តរជាតិនិងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលបានរត់គេចទៅប្រទេសបង់ក្លាដែសទេ ដែលរិះគន់ទៅលើគម្រោងកម្មវិធីធ្វើមាតុភូមិនិវត្តន៍របស់រដ្ឋាភិបាល សូម្បីតែពលរដ្ឋកាន់សាសនាព្រះពុទ្ធនៅរដ្ឋ Rakhine ក៏បានបញ្ចេញពីអារម្មណ៍មិនពេញចិត្តនឹងដំណើរការនេះដែរ។
រហូតមកទល់ពេលនេះ មានរយៈពេលជាង២ខែហើយចាប់តាំងពីប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែសបានចុះកិច្ចព្រមព្រៀងចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនជាតិរ៉ូហ៊ីងយ៉ាដែលមានចំនួនប្រមាណ៧០ម៉ឺននាក់ ដែលបានរត់គេចពីរដ្ឋ Rakhine នៅភាគខាងជើង ក្រោយពេលមានការបង្ក្រាបយ៉ាងព្រៃផ្សៃដោយពួកយោធាកាលពីឆ្នាំមុន។ ប៉ុន្តែដំណើរការបញ្ចូនត្រឡប់មកវិញនេះ បានជាប់គាំង។
ពុទ្ធសាសនិកដែលមិនសប្បាយចិត្តនៅក្នុងរដ្ឋ Rakkhin
លោក Sein Gyaw គឺជាមេដឹកនាំសង្គមស៊ីវិលមួយរូបនៅរដ្ឋ Rakhine។ លោកបានថ្លែងប្រាប់ VOA ថា ពលរដ្ឋនៅក្នុងស្រុកមានការធុញទ្រាន់ណាស់ពីព្រោះមិនមានអ្នកណាទៅពិគ្រោះយោបល់ជាមួយពួកគេអំពីបញ្ហានេះទេ។
«រដ្ឋាភិបាលមិនបានពិភាក្សាជាមួយប្រជាជនអំពីបញ្ហានេះទេ ហើយមនុស្សច្រើនណាស់ដែលបារម្ភពីរឿងនេះ។ លោក Sein Gyaw ថ្លែងបន្តថា ពលរដ្ឋជាច្រើននៅរដ្ឋ Rakhine នេះបារម្ភថា អ្នកដែលវិលត្រឡប់តាមរយៈកម្មវិធីនេះ អាចរួមមានពួកភេរវជន ដោយពួកគេសំដៅទៅលើ«កងទ័ពសង្គ្រោះរ៉ូហ៊ីងយ៉ា Arakan» ដែលជាក្រុមមួយបានបើកការវាយប្រហារជាច្រើនលើកកាលពីខែសីហា ហើយការវាយប្រហារនោះបាននាំទៅដល់ការបង្ក្រាបរបស់ពួកយោធា។
លោក Sein Gyaw បាននិយាយថា៖ «មនុស្សនៅទីនេះមិនចង់វាយប្រយុទ្ធគ្នាជាមួយពួកអ្នកកាន់សាសនាឥស្លាមទេ។ ប៉ុន្តែពួកគេក៏មិនយល់ស្របថា ពួកមូស្ល៊ីមទាំងនោះជាពលរដ្ឋប្រទេសនេះដែរ។ ពួកគេមិនចង់ឲ្យមនុស្សដែលមិនមានអត្តសញ្ញាណជាពលរដ្ឋទាំងនេះត្រឡប់ចូលប្រទេសនេះវិញទេ»។ លោកថ្លែងដូច្នេះដោយបង្ហាញពីការយល់ឃើញដូចពលរដ្ឋភាគច្រើនរបស់ប្រទេសមីយ៉ាន់ម៉ាដែរ ដែលពួកគេនិយាយថា ពួករ៉ូហ៊ីងយ៉ាមិនមែនជា«ពូជសាសន៍ផ្លូវការ»របស់ប្រទេសមីយ៉ាន់ម៉ាទេ។
ភាពចលាចលប៉ះពាល់ដល់សេដ្ឋកិច្ច
នៅឯទីផ្សារមួយកណ្ដាលទីក្រុង Sittwe ដែលជាក្រុងរបស់រដ្ឋ Rakhine អ្នកលក់បន្លែម្នាក់គឺអ្នកស្រី Daw Hla Khin បានថ្លែងប្រាប់ VOA ថា ការលក់ដូរនៅក្នុងក្រុងនេះលក់មិនដាច់ខ្លាំងឡើងហើយ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីមានការកើនឡើងនៃអំពើហិង្សាកាលពីខែសីហាមក។
អ្នកស្រីនិយាយថា៖ «ឆ្នាំនេះ យើងឃើញថាការលក់ដូរកាន់តែចុះថយតិចទៅៗ។ យើងមិនសប្បាយចិត្តរឿងនេះទេ។ ចាប់តាំងពីជម្លោះបានកើតឡើង ការលក់បន្លែរបស់យើងស្ទើរតែលក់លែងដាច់ ហើយ យើងមិនអាចរកប្រាក់បានទៀតទេ»។
បើទោះបីជាអ្នកស្រីនិយាយថាអ្នកស្រីចង់ឃើញជម្លោះត្រូវបានបញ្ចប់ក៏ដោយ អ្នកស្រី Hla Khin Myint និយាយថា អ្នកស្រីមិនសូវប្រាកដក្នុងចិត្តទេអំពីការយល់ឃើញលើដំណើរការធ្វើមាតុភូមិនិវត្តន៍នេះ។ អ្នកស្រីមិនប្រាកដក្នុងចិត្តថា ពលរដ្ឋនៅរដ្ឋ Rakhine អាចរស់នៅត្រូវគ្នាជាមួយនឹងជនជាតិរ៉ូហ៊ីងយ៉ាឬយ៉ាងណាទេ ដោយសារតែមានការស្អប់គ្នាខ្លាំង ចាប់តាំងពីអំពើហិង្សាបានឆេះឡើងនៅទូទាំងរដ្ឋ Rakhine កាលពីឆ្នាំ២០១២។
លោក Hla Thein ដែលជាអ្នកលក់បន្លែម្នាក់ទៀតនៅក្នុងផ្សារនេះដែរ មានភាពក្លាហានក្នុងការនិយាយពីរឿងនេះដោយលោកនិយាយថា៖
«ពួកមូស្ល៊ីមជាអ្នកបើកការវាយប្រហារនេះ។ ខ្ញុំគិតថាដោយសារតែពួកគេមិនចង់រស់នៅចុះសម្រុងជាមួយពលរដ្ឋនៅរដ្ឋ Rakhine នេះ។ ពួកគេមិនចង់រស់នៅជាមួយពួកយើង ហើយខ្ញុំគិតថាយើងក៏មិនអាចរស់នៅជាមួយពួកគេដែរ»។
បញ្ហានានាក្នុងដំណើរការ(ធ្វើមាតុភូមិនិវត្តន៍)
កាលពីខែមុន រដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថា ក្រោយពេលបានពិនិត្យទៅលើបញ្ជីឈ្មោះ រូបថត និងភូមិឋានរបស់មនុស្សដែលបាត់បង់ទីជម្រកចំនួន៨,០៣២ ដែលត្រូវបានបញ្ជូនទៅប្រទេសបង់ក្លាដែស មានមនុស្សតែ១៩៣នាក់ប៉ុណ្ណោះក្នុងចំណោមពួកគេត្រូវបានគេរកឃើញអត្តសញ្ញាណថាធ្លាប់បានរស់នៅប្រទេសមីយ៉ាន់ម៉ា។តែពលរដ្ឋទាំង១៩៣នោះមិនប្រាកដថានឹងព្រមត្រឡប់ទៅវិញដោយស្ម័គ្រចិត្តឬទេ។
លោក Win Myat Aye រដ្ឋមន្ត្រីក្រសួងកិច្ចការសង្គម សង្គ្រោះនិងការផ្លាស់ទីលំនៅ មិនអាចទាក់ទងសុំការពន្យល់បានទេ។
ជនជាតិរ៉ុហ៊ីងយ៉ាងនៅក្នុងប្រទេសបង់ក្លាដែសបានបង្ហាញការព្រួយបារម្ភអំពីការវិលត្រឡប់មកប្រទេសមីយ៉ាន់ម៉ាវិញដោយមានការភ័យខ្លាចលើសុវត្ថិភាពរបស់ពួកគេ។
ថាតើប្រទេសមីយ៉ាន់ម៉ាមានភាពស្មោះត្រង់កម្រិតណាក្នុងការអនុញ្ញាតឲ្យជនជាតិរ៉ូហ៊ីងយ៉ាត្រឡប់មកប្រទេសនេះវិញ នៅពេលនេះវានៅតែចោទជាសំណួរទៅមុខ បន្ទាប់ពីមានការបញ្ចេញមតិដោយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ដែលបានរិះគន់យ៉ាងខ្លាំងទៅលើជនជាតិភាគតិចមូស្ល៊ីមនេះ។
នៅក្នុងការជួបជុំមួយនៅរដ្ឋ Kachin កាលពីថ្ងៃ២៦មីនា ឧត្តមសេនីយ៍រូបនេះបានហៅក្រុមជនជាតិនេះថាជាជន «Bengalis» ដែលជាពាក្យសំដៅដល់គំនិតមួយដែលបញ្ជាក់ថា ពួកគេគឺជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយលោកនិយាយថា «ពួកគេមិនមានអប្បកិរិយាឬវប្បធម៌ដូចជនជាតិភាគតិចនានាក្នុងប្រទេសមីយ៉ាន់ម៉ាទេ»។
លោកថ្លែងថា៖ «ភាពតានតឹងត្រូវបានបញ្ឆេះដោយសារតែពួក Bengalis ទាមទារសញ្ជាតិ»។
ការអត្ថាធិប្បាយបែបនេះបានធ្វើឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងមួយពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដោយលោកបាននិយាយថា «វាជាការចាំបាច់ដែលលក្ខខណ្ឌនានាត្រូវដាក់ឲ្យអនុវត្តដើម្បីធានាបានថា ជនជាតិរ៉ូហ៊ីងយ៉ាអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយស្ម័គ្រចិត្ត ដោយសុវត្ថិភាព និងប្រកបដោយកិត្តិយស៕
ប្រែសម្រួលដោយ នៀម ឆេង