ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាញ់​មីស៊ីល​ថ្មីៗ​នេះ​របស់​កូរ៉េ​ខាង​ជើង


ឯកអគ្គរដ្ឋទូត​អាមេរិក​អ្នកស្រី Samantha Power (កណ្តាល) និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​អគ្គរដ្ឋទូត​ជប៉ុនលោក Koro Bessho (ឆ្វេង) និង​អគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​លោក Hahn Choong-hee (ស្តាំ) បន្ទាប់​ពីកិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​ពិភាក្សា​ការ​បាញ់​មីស៊ីល​ចុងក្រោយ​នេះ​ដោយ​កូរ៉េ​ខាង​ជើង​។
ឯកអគ្គរដ្ឋទូត​អាមេរិក​អ្នកស្រី Samantha Power (កណ្តាល) និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​អគ្គរដ្ឋទូត​ជប៉ុនលោក Koro Bessho (ឆ្វេង) និង​អគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​លោក Hahn Choong-hee (ស្តាំ) បន្ទាប់​ពីកិច្ច​ប្រជុំ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​ពិភាក្សា​ការ​បាញ់​មីស៊ីល​ចុងក្រោយ​នេះ​ដោយ​កូរ៉េ​ខាង​ជើង​។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ភ្លាមៗ​ចំពោះ​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​លើក​ចុង​ក្រោយ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង និង​បាន​ព្រមាន​ថា​នឹង​ចាត់​វិធានការ​សំខាន់ៗ​បន្ថែម​ទៀត ប្រសិនបើ​ចាំបាច់។ ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មាន​សមាជិក​ចំនួន ១៥ ប្រទេស​នេះ បាន​ឯកភាព​គ្នា​លើ​សេចក្ដី​សម្រេច​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ គឺ​ធ្វើ​ឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុមប្រឹក្សា​នេះ​បាន​បើក​កិច្ច​ប្រជុំ​បិទ​ទ្វារ​បន្ទាន់​មួយ​ទៅ​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

ក្រុមប្រឹក្សា​នេះ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា ការ​បាញ់​គ្រាប់​មីស៊ីល Rodong ទាំង ៣ គ្រាប់​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ចូល​ទៅ​ក្នុង​តំបន់​កំណត់​ការពារ​ដែន​អាកាស​របស់​ប្រទេស​ជប៉ុន គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង នៅ​ក្រោម​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នានា​ជា​ច្រើន។

លោក Hahn Choong Hee ឯក​អគ្គរដ្ឋទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា សហគមន៍​អន្តរជាតិ​គួរ​សហការ​គ្នា​ជា​ធ្លុង​មួយ​នៅ​ក្នុង​ការ​ផ្ញើ​សារ​ដ៏​ច្បាស់លាស់​មួយ​ទៅ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​ថា ប្រសិនបើ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​តែ​បន្ត​បង្កហេតុ និង​បំពាន​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សហគមន៍​អន្តរជាតិ និង​បំពាន​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ​របស់​អង្គការ​សហប្រជាជាតិ នោះ​សហគមន៍​អន្តរជាតិ​នឹង​ចាត់​វិធានការ​ខ្លាំងក្លា​ជាង​មុន​ប្រឆាំង​នឹង​ទង្វើ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ទាំង​នេះ»។

សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​នេះ​បាន​ដាក់​បទ​បញ្ជា​ឲ្យ​គណៈកម្មការ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ទទួល​បន្ទុក​មើល​ការ​ខុសត្រូវ​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​ប្រឹងប្រែង​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​ចំពោះ​កិច្ចការ​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​វិធានការ​នេះ​ឲ្យ​ដំណើរការ​ឲ្យ​បាន​ជោគជ័យ និង​ជំរុញ​បណ្ដា​ប្រទេស​ផ្សេងៗ​ឲ្យ​បង្កើត​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ទ្វេ​ដង​ថែម​ទៀត​នៅ​ក្នុង​ការ​អនុវត្ត​នូវ​វិធានការ​នានា​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។

លោកស្រី Samantha Power ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា៖ «យើង​ឃើញ​មាន​មតិ​ដ៏​មាន​ឥទ្ធិពល​ជា​ច្រើន​លើកឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​របស់​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ប្រឹងប្រែង​បន្ថែម​ទៀត​លើ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង»។

ការ​ឯកភាព​ដោយ​មិន​បង្អែបង្អង់​យូរ​លើ​សេចក្ដី​សម្រេច​នេះ អាច​ជា​សញ្ញា​នៃ​ការ​ខកចិត្ត​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែល​កំពុង​តែ​កើន​ឡើង​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នោះ។ ការ​បាញ់​គ្រាប់​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នា​សប្ដាហ៍​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​ប្រទេស​ចិន​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​កិច្ច​ប្រជុំ G ២០៕

XS
SM
MD
LG