ចំណាត់ការរបស់កូរ៉េខាងជើងដើម្បីបាញ់កាំជ្រួចផ្លោងចេញពីនាវាមុជទឹក កំពុងបណ្តាលឲ្យពួកអ្នកវិភាគក្នុងទីក្រុងសេអ៊ូលសន្និដ្ឋានពីអ្វីដែលអាចជំរុញឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងធ្វើការសាកល្បង នេះតាមសេចក្តីរាយការណ៍របស់ លោកKim Hwan Yong អ្នកយកព័ត៌មានរបស់ VOA ផ្សាយជាភាសាកូរ៉េ។
អ្នកវិភាគជាច្រើន ទំនងយល់ស្របថា កូរ៉េខាងជើង កំពុងធ្វើឲ្យមានការជឿនលឿនកម្មវិធីកាំជ្រួចមីស៊ីលបាញ់ចេញពីនាវាមុជទឹក ឬ (SLMB)។ គេបានដឹងឭថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមសាកល្បងកាំជ្រួចផ្លោងចាប់តាំងពីដើមឆ្នាំ២០១៥មក។ ការសាកល្បងកាលពីថ្ងៃពុធដែលកាំជ្រួចមីស៊ីលបាញ់ចេញពីនាវាមុជទឹក ឬ (SLMB) បានហោះចម្ងាយ៥រយគីឡូម៉ែត្រទំនងជាបង្ហាញការជឿនលឿននៅក្នុងការខំប្រឹងប្រែងរបស់កូរ៉េខាងជើងដើម្បីទទួលបានសមត្ថភាពកាំជ្រួចមីស៊ីលបាញ់ចេញពីនាវាមុជទឹក។
លោក Kim Jin-moo ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯវិទ្យាស្ថានការវិភាគការពារប្រទេសរបស់កូរ៉េ បាននិយាយថា កម្មវិធីកាំជ្រួចមីស៊ីលបាញ់ចេញពីនាវាមុជទឹកឬ (SLMB) របស់កូរ៉េខាងជើង ប្រហែលមានការជឿនលឿនជាងការគិតកាលពី ពេលមុន។ លោក Kim និយាយបន្តទៀតថា កូរ៉េខាងជើង អាចធ្វើបានសម្រេចនូវការអភិវឌ្ឍកម្មវិធីកាំជ្រួចមីស៊ីលបាញ់ចេញពីនាវាមុជទឹក ឬ (SLMB) នៅក្នុងរយៈពេលមួយឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគខាងយោធា បាននិយាយថា គេនៅមិនទាន់ដឹងនៅឡើយថាតើកូរ៉េខាងជើងអាចបំពាក់ក្បាលនុយក្លេអ៊ែរលើកាំជ្រួចមីស៊ីល ឬយ៉ាងណានោះទេ។ អ្នកវិភាគនោះ និយាយទៀតថា គេត្រូវធ្វើការវិភាគបន្ថែមទៀត។
លោក Moon Sung-muk នៅវិទ្យាស្ថានយុទ្ធសាស្រ្តរបស់កូរ៉េក្នុងទីក្រុងសេអ៊ូលជឿជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង អាចត្រូវការពេលរាប់សិបឆ្នាំទៀតដើម្បីទទួលបានកាំជ្រួចផ្លោងបាញ់ចេញពីនាវាមុជទឹកពីព្រោះកូរ៉េខាងជើងចាំបាច់ស្ថាបនានាវាមុជទឹកកាន់តែធំឡើង។
ចំណាត់ការរបស់កូរ៉េខាងជើង កើតមានឡើងតាមពេលវេលាកំណត់។ ការណ៍នេះ កើតមានឡើង២ថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក Chang Yong-seok នៅវិទ្យាស្ថានដើម្បីការសិក្សាសន្តិភាពនិងការបង្រួបបង្រួមនៃសាកលវិទ្យាល័យជាតិទីក្រុងសេអ៊ូល មើលឃើញការសាកល្បងជាការប៉ុនប៉ងរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដើម្បីបដិសេធការសន្និដ្ឋានថា ប្រទេសកុម្មុយនិស្តនេះមិនមានស្ថិរភាពក្រោយពីមានការរត់ចោលស្រុករបស់មន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងជើង។ កាលពីសប្តាហ៍មុន កូរ៉េខាងត្បូងបានប្រកាសថា ឯកអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើងប្រចាំនៅទីក្រុងឡុងដ៍ បានគេចខ្លួនមកកាន់កូរ៉េខាងត្បូង។
លោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូងដែលបានព្រមានថា កូរ៉េខាងជើងអាចបង្ករឿងអ្វីមួយនៅសប្តាហ៍នេះ។ ហើយលោកស្រី និយាយថា ការរត់ចោលប្រទេសរបស់មន្រ្តីកូរ៉េខាងជើងនៅពេលថ្មីៗបំផុតនេះជាការបែកបាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងរបបកូរ៉េខាងជើង។
លោក Chang បាននិយាយបន្តទៀតថា «ការសាកល្បងកាំជ្រួចនេះ មានគោលបំណងប្រមូលការគាំទ្រនៅខាងក្នុងប្រទេសដល់របបនេះ។ ការសាកល្បងកាំជ្រួចនេះបង្កើតសារថា ប្រទេសនេះមានសមត្ថភាពការពារទប់ទល់នឹងការវាយប្រហារពីសហរដ្ឋអាមេរិក ឬប្រទេសកូរ៉េខាងត្បូង»៕