អង្គការសិទ្ធិមនុស្សមួយកំពុងចាប់ផ្ដើមកសាងសំណុំឯកសារសម្រាប់កាត់ទោសលោក Kim Jong Un និងមេដឹកនាំកូរ៉េខាងជើងផ្សេងៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ អង្គការនេះបានបង្ហាញព័ត៌មានលំអិតអំពីមនុស្សរាប់ពាន់នាក់ដែលត្រូវរដ្ឋាភិបាលកូរ៉េខាងជើងចាប់ដាក់ឃុំនៅក្នុងជំរំពន្ធនាគារនយោបាយ។
អង្គការសិទ្ធិមនុស្សនោះមានឈ្មោះថា មជ្ឈមណ្ឌលទិន្នន័យដើម្បីសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង (Database Center for North Korean Human Rights)។ អង្គការនេះបានបោះពុម្ពបញ្ជីឈ្មោះអ្នកដែលត្រូវគេចាប់ដាក់ឃុំនៅក្នុងគុកនយោបាយ បញ្ជីឈ្មោះបុគ្គលិក និងជនរងគ្រោះនៃការចាប់ដាក់គុកដោយសម្ងាត់ ដែលក្នុងនោះមានទាំងកាលបរិច្ឆេទដែលអ្នកទាំងនោះត្រូវគេឃុំខ្លួន បទឧក្រិដ្ឋចោទប្រកាន់ និងទីតាំងនៃជំរំគុកនយោបាយដែលកំពុងប្រតិបត្តិការរាលថ្ងៃផងដែរ។
លោក Kim In Sung អ្នកស្រាវជ្រាវនៃអង្គការសិទ្ធិមនុស្សនេះបាននិយាយថា៖ «ដោយផ្ដល់នូវព័ត៌មានជាក់លាក់អំពីអ្នកប្រព្រឹត្តិនីមួយៗ យើងអាចបង្ហាញប្រាប់ពួកគេថា ពួកគេមានការទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ»។
របាយការណ៍ស្រាវជ្រាវនេះ ផ្អែកលើការអង្កេត និងសម្ភាសន៍ជាមួយអ្នករត់គេចខ្លួនជនជាតិកូរ៉េខាងជើងចំនួនច្រើនជាង ១ ពាន់នាក់។ របាយការណ៍នេះមានគោលបំណងផ្ដល់នូវភស្តុតាងបន្ថែមទៀតដើម្បីគាំទ្រនូវរបាយការណ៍ស៊ើបអង្កេតឆ្នាំ ២០១៤ របស់គណៈកម្មការស៊ើបអង្កេតអង្គការសហប្រជាជាតិ។ របាយការណ៍របស់អង្គការសហប្រជាជាតិនេះ បានកត់ត្រាអំពីបណ្ដាញជំរំគុកនយោបាយនៅក្នុងប្រទេសកូរ៉េខាងជើង និងអំពើឃោរឃៅរីករាលដាល ដែលស្រដៀងទៅនឹងអ្វីដែលពួក Nazis បានធ្វើនៅមុន និងក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ។
បន្ទាប់ពីរបាយការណ៍ឆ្នាំ ២០១៤ របស់គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានចេញផ្សាយរួចមក មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតឯកភាពបញ្ជូនករណីប្រទេសកូរ៉េខាងជើងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ប៉ុន្តែ វិធានការនេះត្រូវបានជាប់គាំងនៅត្រឹមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយហេតុថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួនពីរ គឺប្រទេសរុស្ស៊ី និងប្រទេសចិន ដែលជាសម្ព័ន្ធមិត្តជាមួយប្រទេសកូរ៉េខាងជើងបានប្រើសិទ្ធិវេតូរបស់ខ្លួនដើម្បីរារាំងករណីនេះមិនឲ្យទទួលបានជោគជ័យ៕