ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករាយការណ៍​ពិសេស​សហប្រជាជាតិ​ស្នើ​សុំ​កម្ពុជា​បញ្ចប់​ការបង្ក្រាប​សំឡេង​ប្រឆាំង


លោក​វិធិត​ មុន​ថាប៊ន​អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថ្លែង​នៅ​សន្និសីទសារព័ត៌មានក្នុង​រាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី​២៦ សីហា ឆ្នាំ២០២២។
លោក​វិធិត​ មុន​ថាប៊ន​អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថ្លែង​នៅ​សន្និសីទសារព័ត៌មានក្នុង​រាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី​២៦ សីហា ឆ្នាំ២០២២។

អ្នករាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការបង្ក្រាប​លើ​ក្រុម​អ្នកប្រឆាំង​និង​រៀបចំ​ការបោះឆ្នោតដោយ​សេរី​និង​ត្រឹមត្រូវ​ក្នុង​ខណៈ​ពេល​ដែល​លំហរ​សេរីភាព​នៃ​ការបញ្ជេញ​មតិ​កាន់តែ​រួម​តូច។​

លោក​ វិធិត​ មុន​ថាប៊ន​ អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ថ្លែង​នៅ​ឯ​សម័យ​ប្រជុំ​លើក​ទី​៥៧​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ​នាដើម​សប្តាហ៍​នេះ​ដោយ​បាន​លើក​ចំណុច​សំខាន់​ចំនួន១០​ពាក់​ព័ន្ធ​នឹង​ការអនុវត្ត​សិទ្ធិ​នៅ​កម្ពុជា​ដែល​ក្នុង​នោះ​មាន​សិទ្ធិស្រ្តី​ ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ ការកែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ ​និង​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ជាដើម។​

នៅ​ក្នុង​សារ​បង្ហោះ​តាម​ហ្វេសប៊ុក​របស់​ក្រុម​ប្រឹក្សា​នេះ​លោក​មុនថាប៊ន​បាន​ថ្លែង​ថា៖

«ស្មារតី​នៃ​ការបោះឆ្នោត​ទាមទារ​ឲ្យ​បញ្ចប់​ការបង្ក្រាប​លើ​សំឡេង​ប្រឆាំង​និង​ចាត់​វិធាន​ការចាំ​បាច់​ដើម្បី​ធានា​ឲ្យ​មាន​ការបោះឆ្នោត​ពិតប្រាកដ​ដែល​មាន​គណបក្ស​ជាច្រើន​ចូលរួម»។​

លោក​មុនថាប៊ន​ក៏​បាន​រិះគន់​ការផ្ទេរអំណាច​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៣​ថា​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​នេះ​គឺជា​ការបន្ត​ក្តោបក្តាប​អំណាចដោយ​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​និង​តម្លាភាព​ទេ​។

​រីឯ​អ្នកតំណាង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិបាន​សម្តែង​ក្តី​បារម្ភ​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​រួម​ទាំង​ការប្រើប្រាស់​ច្បាប់​អង្គការ​ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល។

អ្នកស្រី ​Tania Ghazar ភារៈធារី​នៃ​ស្ថានបេសកកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​បានថ្លែង​នៅ​ក្នុង​ការសន្ទនា​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទជាមួយ​នឹង​លោក​វិធិត​ មុន​ថាប៊ន​ អំពី​ការបន្ត​ធ្វើ​ទុក្ខ​បុកម្នេញ​សកម្មជន​សង្គម​និង​អ្នកនយោបាយ​ប្រឆាំង។​

អ្នកស្រី​ Tania Ghazar ​បាន​ថ្លែង​បន្ថែមថា៖
«យើង​នៅ​តែ​ព្រួយ​បារម្ភអំពី​ការបន្ត​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ក្នុង​នោះ​មាន​ការបន្ត​ឃុំឃាំង​អ្នក​នយោបាយ​ប្រឆាំង​និង​ការកាត់​ទោស​សកម្មជន​សិទ្ធិមនុស្ស​និង​អ្នក​ការពារ​បរិស្ថានពី​បទ​ញុះញង់​និង​បទល្មើស​ផ្សេងៗ​ទៀត»។

អាជ្ញាធរ​កំពុង​ក្រៀកកញ្ញា​ ឡុង គន្ធា សកម្មជន​ចលនា​មាតា​ធម្មជាតិ​បញ្ជូន​ចូល​រថយន្ត នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)
អាជ្ញាធរ​កំពុង​ក្រៀកកញ្ញា​ ឡុង គន្ធា សកម្មជន​ចលនា​មាតា​ធម្មជាតិ​បញ្ជូន​ចូល​រថយន្ត នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកស្រី​ Ghazar បាន​លើក​ឡើង​ពី​ករណី​កាត់ទោស​សកម្មជន​បរិស្ថាននៃ​ចលនា​មាតា​ធម្មជាតិ​ដែល​ក្នុង​នោះ​ពួកគេ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពី​៦​ទៅ ១០​ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់​និង​ប្រមាថ​ព្រះ​មហាក្សត្រ។

លោក ​OIKE Atsuyuki ​ឯក​អគ្គរាជទូត​ជប៉ុន​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ក៏​បាន​អំពាវនាវ​ដល់​កម្ពុជា​ឲ្យ​ធានា​ដល់​ការការពារ​និង​លើក​កម្ពស់​សិទ្ធិ​នយោបាយ​និង​ស៊ីវិល​ដោយ​រួម​ទាំង​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ សារព័ត៌មាន​ ការជួបជុំ​និង​សមាគម។​

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ និង​សមិទ្ធផល​របស់​ខ្លួនក្នុង​ការលើក​កម្ពស់​ និង​ការពារ​សិទ្ធិមនុស្ស។

នៅ​ក្នុង​សារបង្ហោះ​តាម​ហ្វេសប៊ុកលោក អ៊ិន តារា តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ នៅ​ទីក្រុង​ហ្សឺណែវ​ ​បាន​រិះគន់​ផែនការ​១០​ចំណុច​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ថា​«មិនបាន​ឆ្លុះ​បញ្ចាំង​ការរីកចម្រើន​ជាក់ស្តែង»​ដែល​មាន​នៅ​លើ​ផ្នែក​កំណែទម្រង់​ច្បាប់​និង​ស្ថាប័ន​ វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ និង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។​

លោក ​អ៊ិន តារា​ ក៏​បាន​ឆ្លើយតបការ​រិះគន់​ដល់​ការផ្ទេរ​អំណាច​ក្នុង​ក្រុម​គ្រួសារ​ផងដែរ​ថា៖
«ការត្អូញត្អែរ​អំពី​«ការផ្ទេរអំណាច​នៅ​ក្នុង​ក្រុមគ្រួសារ»​គឺជា​ការមើល​មិនឃើញការពិត​ដែល​ថា​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​និង​រដ្ឋធម្មនុញ្ញ។ ការផ្ទេរអំណាច​គឺ​ធ្វើឡើង​តាម​ដំណើរ​ការ​ប្រជាធិបតេយ្យ​យ៉ាង​មធ្យ័ត​តាម​កម្រិត​បក្ស​ ការបោះឆ្នោត​និង​សភា​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ»។

ក្រុម​សកម្មជន​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​ក្រៅ​ប្រទេស​យល់​ស្រប​នឹង​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​និង​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ដល់​បញ្ហា​កម្ពុជា។​

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ (AP)
រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ (AP)

អ្នកស្រី ​មូរ សុខហួរ ​ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​បាន​ដឹកនាំ​ប្រតិភូ​ទៅ​ទីក្រុង​ហ្សឺណែវ​ដើម្បី​តាម​ដាន​ការវាយ​តម្លៃ​ស្ថានការណ៍​នយោបាយ​និងសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បានថ្លែង​តាម​សារ​ហ្វេសប៊ុក​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា៖
«ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នេះ​គឺ​មាន​ភាព​ចាំបាច់​ណាស់​ហើយ​គឺ​ជា​ចំណុច​ដ៏​សំខាន់​ដែល​យើង​ជា​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​នឹង​ជំរុញ​នៅ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ទៅ​មុខ​នេះ»។​

អ្នកស្រី មូរ សុខហួរ ក៏​បានប្តេជ្ញា​បន្ត​ធ្វើ​បេសកកម្ម​ផ្តល់​ព័ត៌មាន​អំពី​ការលំបាក​របស់​ពលរដ្ឋ​ខ្មែរ​ ការភិតភ័យ​ ​និង​ការចាប់​ចង​ ​ដែល​អ្នក​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ជួប​ប្រទះ​បើទោះ​បី​ជា​ពួកគេ​បាន​ទៅ​ដល់​ក្រៅ​ប្រទេស​ហើយ​ក៏ដោយ។​

ករណី​ថ្មី​ចុងក្រោយ​នេះ​គឺកម្ពុជា​បានសហការ​ជាមួយ​នឹង​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់​ខ្លួន​កញ្ញា នួន តឿន​ដែល​ជា​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ីឲ្យ​មក​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​នៅ​កម្ពុជា​ដោយ​សារតែ​ការ​រិះគន់​រដ្ឋាភិបាល​កម្ពុជា។​ រីឯលោក ​ម៉ិច តារា​ អ្នកសារព័ត៌មាន​ឯករាជ្យត្រូវ​បាន​ចាប់​ខ្លួន​នៅ​ដើម​ចុង​ខែ​កញ្ញា​ដោយ​សារតែ​លោក​បាន​រិះគន់​ការអភិវឌ្ឍ​នៅ​ខេត្ត​ព្រៃវែង។​ ​

អ្នកស្រី ​មូរ សុខហួរ ស្នើឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​តាម​ដាន​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដោយ​អ្នកស្រី​ថ្លែងថា​៖

«នៅ​ថ្ងៃ​ទី​២៣​តុលា​នេះ​គឺជា​ខួប​ទី​៣៣​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ សន្តិភាព​អត់​មាន​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សន្តិភាព​អត់​មាន​ទេ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​បងប្អូន»។​

បន្ថែម​ពី​នោះ​ទៀត​អ្នកស្រី​និង​ក្រុម​ការងារស្នើ​ឲ្យ​ពលរដ្ឋ​ធ្វើ​សកម្មភាព​បន្ត​ទៀត​ដើម្បី​រៀបចំ​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ជាតិ​មួយ​ដែល​នឹង​តំណាង​ឲ្យ​ខ្មែរ​នៅ​ទូទាំង​សកល​លោក។

​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លទ្ធផល​នៃ​ការត្រួត​ពិនិត្យ​ជា​សាកល​លើក​ទី៤​របស់​កម្ពុជា​ហើយ​ប្រទេស​កម្ពុជា​បាន​ទទួល​យក​អនុសាសន៍​ចំនួន​២៣២​ក្នុង​ចំណោម​២៧៥​របស់​អង្គការ​សហប្រជាជាតិ​ដោយ​បាន​ចាត់​ទុក​ថា​អនុសាសន៍​ទាំង​៤៣​នោះ​«មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​ជាក់​ស្តែង​របស់​ប្រទេស​កម្ពុជា​ មាន​ចរិត​នយោបាយ​ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជានិង​មាន​លក្ខណៈ​មិន​ស្រប​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​របស់​កម្ពុជា»។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ទី​២​ខែ​តុលា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG