ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារ​បង្ហោះ​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​​សង្គម​របស់​អ.ស.ប​ត្រូវ​បាន​លុបចោល​នៅ​ចិន បន្ទាប់​ពី​រង​ការ​រិះគន់


រូបឯកសារ៖ បុគ្គលិក​ធ្វើការ​ក្នុង​ការិយាល័យ​ក្រុមហ៊ុន Sina Weibio ក្នុង​ក្រុង​ប៉េកាំង។
រូបឯកសារ៖ បុគ្គលិក​ធ្វើការ​ក្នុង​ការិយាល័យ​ក្រុមហ៊ុន Sina Weibio ក្នុង​ក្រុង​ប៉េកាំង។

​សារ​ដំបូង​ដែល​ត្រូវ​បាន​បង្ហោះ​ឡើង​មួយ​ថ្ងៃ​មុន​បុណ្យ​ចូលឆ្នាំចិន អ.ស.ប​បាន​សរសេរថា «លោកអ្នក​ជាទី​ស្រឡាញ់ តើលោក​អ្នក​ស្រស់​ស្រូប​​អាហារ​ពេល​ល្ងាច​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​ឬ​នៅ? ប្រហែល​ជា​គគ្រឹកគគ្រេង​ណាស់​ហើយ!»។ សារ​នោះ​បាន​បន្ត​និយាយ​ពី​ការ​ដែល​មនុស្ស​ប្រមាណ​ ៨០០​លាន​នាក់​នៅ​លើ​ពិភពលោក​ ដែល​កំពុង​ប្រឈម​នឹង​ភាព​អត់ឃា្លន​ជា​រៀងរាល់​ថ្ងៃ។

ការ​រិះគន់​តបត​មក​វិញ​យ៉ាង​ធ្ងន់ធ្ងរ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​នៅ​ប្រទេស​ចិន​បាន​នាំ​ឲ្យ​អង្គការសហប្រជាជាតិ​លុបចោល​សារ​បង្ហោះ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​ ដែល​លើក ឡើង​ពី​ជនអន្តោប្រវេសន៍ និង​ភាពទីទ័លក្រ​ចេញ​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម Weibo របស់​ប្រទេស​ចិន។

សារបង្ហោះឡើង​នោះ​ហាក់​ដូចជា​សំដៅ​ទៅ​លើ​ការ​លើក​កម្ពស់​ការ​យល់ដឹង​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​បាន​គិត​ថា សារ​នោះ​គឺជា​ការ​ប្រមាទ​មើល​ងាយ​ដល់​ប្រទេស​ចិន ដោយ​ពួកគេ​បាន​អះអាង​ថា ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទីពីរ​លើ​លោក​មួយ​នេះ​បាន​ធ្វើ​គ្រប់គ្រាន់​នៅ​ក្នុងការ​រួមចំណែក​ដល់​អ.ស.ប និង​មិនមែន​ជា​ប្រភព​នៃ​បញ្ហា​ផ្សេងៗ​ឡើយ មិនថា បញ្ហា​ជនអន្តោប្រវេសន៍ ឬ​ភាព​ទីទ័លក្រ​ទេ។

ពិភព​មួយ​ទៀត

នៅ​ក្នុង​សារ​ដំបូង​ដែល​ត្រូវ​បាន​បង្ហោះ​ឡើង​មួយ​ថ្ងៃ​មុន​បុណ្យ​ចូលឆ្នាំចិន អ.ស.ប​បាន​សរសេរ​បង្ហោះ​ថា «លោកអ្នក​ជាទី​ស្រឡាញ់ តើលោក​អ្នក​ស្រស់​ស្រូបអាហារ​ពេល​ល្ងាច​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​ឬ​នៅ? ប្រហែល​ជា​គគ្រឹកគគ្រេង​ណាស់​ហើយ!»។ សារ​នោះ​បាន​បន្ត​និយាយ​ពី​ការ​ដែល​មនុស្ស​ប្រមាណ​ ៨០០​លាន​នាក់​នៅ​លើ​ពិភពលោក​ ដែល​កំពុង​ប្រឈម​នឹង​ភាព​អត់ឃា្លន​ជា​រៀងរាល់​ថ្ងៃ ហើយ​ចំនួន​ដូចគ្នា​នេះ​ដែរ​កំពុង​រស់​នៅ​ក្នុង​ភាព​ទីទ័លក្រ។ សារ​នោះ​ក៏​បាន​លើកឡើង​ថា ​ប្រាក់​មូលនិធិ​ប្រមាណ ២៥០​ពាន់លាន​ដុល្លារ​គឺ​ត្រូវការ​ពី​បណ្តាប្រទេស​នានា​នៅ​លើ​ពិភពលោក​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពរបស់​អ.ស.ប​ក្នុង​ការ​លុប​បំបាត់​ភាព​ទីទ័លក្រ​នៅ​ឆ្នាំ ២០៣០។

សារបង្ហោះដោយ​អ.ស.ប​ ដែល​មាន​វីដេអូ។
សារបង្ហោះដោយ​អ.ស.ប​ ដែល​មាន​វីដេអូ។

សារ​ទី​ពីរ​ ដែល​បាន​បង្ហោះ​ឡើង​នៅ​ដើម​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន រួម​មាន​វីដេអូ​មួយ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង​រវាង​ប្រជាជនដែល​រស់​នៅ​តំបន់​ដែល​មាន​ជម្លោះ ដូចជា​នៅ​ស៊ីរី និង​ក្នុង​ជំរុំ​ជនភៀសខ្លួន​ និង​អ្នក​ដែល​រស់​នៅ​កន្លែង​ដទៃ​ទៀត។ ចំណង​ជើង​នៃ​សារ​នោះ​បាន​សរសេរ​ថា៖ «ស្រប​ពេល​ដែល​ផ្កា​នាបុណ្យនិទាឃរដូវ​រីកស្គុះ​ស្គាយ ​ខ្ញុំ​សូម​បង្ហាញ​ពិភព​មួយ​ទៀត...»។

មុន​ពេល​ដែល​សារ​នោះ​ត្រូវ​បាន​លុប​ចោល វីដេអូ​នោះ​ត្រូវ​បាន​គេ​មើល​ជាង​១០​លាន​ដង និង​ទទួល​បាន​ការ​សរសេរ​ឆ្លើយ​តប​ជាង​ ៥​ម៉ឺន​៤ពាន់ សារ។ ភាគ​ច្រើន​នៃ​ការ​សរសេរ​ឆ្លើយ​តប​គឺ​មាន​លក្ខណៈ​អវិជ្ជមាន ហើយ​មនុស្ស​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​អ.ស.ប​ឈប់​បញ្ជូន​សារ​លក្ខណៈ​ដូចនេះ​មក​កាន់​ប្រទេស​ចិន ជាពិសេស​ក្នុង​អំឡុង​ពេល​រដូវ​បុណ្យ​ឈប់​សម្រាក។

សារ​មួយ​បង្ហោះ​ដោយ​ MarcelZ ដែល​ទទួល​បាន​ចំនួន «Like» ប្រមាណ ២ម៉ឺន​១​ពាន់ បាន​អះអាង​ថា ប្រទេស​ចិន​បាន​រួមចំណែក​យ៉ាង​ច្រើនដើម្បី​ជួយ​ទៅ​ដល់ «ពិភពលោក​ដទៃ​មួយ​នោះ» ដែល​អ.ស.ប​បាន​ចែក​រំលែក​ជាមួយ​នឹង​សាធារណជន​ចិន។

សារនោះ​បាន​សរសេរ​ថា៖ «យើង​ដឹង​ច្រើន​អំពី​ពិភពដទៃ​ទៀត​នោះ​ជាង​អ្នក ហើយ​ការ​រួម​ចំណែក​របស់​យើង​គឺ​ថែមទាំង​មាន​លើស​អ្នក​ទៀត​ផង» ដោយបាន​កត់​សម្គាល់​ពី​ការ​ចូលរួម​របស់​ប្រទេស​ចិន​នៅ​ក្នុង​កិច្ចការ​រក្សា​សន្តិភាព​ វេជ្ជសាស្ត្រ​ និង​សំណង់​របស់​អ.ស.ប។ សារ​ដដែល​នេះ​បាន​បន្ថែម​ថា៖ «នៅ​គ្រា​នេះ យើង​កំពុងតែ​ធ្វើការ​ស្រាប់​ទៅ​ហើយ​សម្រាប់​ពិភព​មួយ​នោះ​ ដូចនេះ​ចូរ​កុំ​មក​ប្រាប់​យើង​នៅ​ពេលនេះ​ ហើយ​សុំ​ឲ្យ​យើង​មើល​ទៅ​ពិភព​មួយ​ទៀត»។

សារ​មួយ​ទៀត ដែល​ទទួល​បាន​ចំនួន​ «Like» ប្រមាណ ១ម៉ឺន​១​ពាន់​បាន​ចោទ​ប្រកាន់​អ.ស.ប​ពី​ការ​ព្យាយាម​លាង​ខួរ​ក្បាល​សាធារណជន​ចិន​ដោយ​ការ​ប្រើ​ប្រាស់​វប្បធម៌​បស្ចឹម​ប្រទេស។

សារ​នោះ​បាន​ឲ្យ​ដឹង​ថា «អ្នកឯង (តាម​បែប​ស្តី​បន្ទោស) អ.ស.ប ​និយាយ​ពី​សង្រ្គាម​ចុះ នៅ​ពេល​ដែល​យើងកំពុងសប្បាយ​រីករាយ​ជាមួយ​នឹង​បុណ្យ​និទាឃរដូវ​របស់​យើង» ដោយ​បន្ត​ថា «តើ​អ.ស.ប​មាន​គំនិត​អាក្រក់ទៅ​កាន់​ប្រទេស​ចិន​ឬ?»។

ការ​ផ្តោត​ទៅលើ​ប្រទេស​ចិន​ដោយ​អយុត្តិធម៌

ទោះ​បី​ជា​សារ​បង្ហោះ​ទាំង​ពីរ​ខាង​លើ​មិន​បាន​លើកឡើង​ថា ប្រទេស​ចិន​គឺ​គួរ​ត្រូវ​ស្តី​បន្ទោស​ក្តី ក៏​ប្រជាជន​ចិន​មួយ​ចំនួន​គិត​ថា ប្រទេស​ខ្លួន​ជា​ជន​រង​គ្រោះ​ដោយសារ​សារ​បង្ហោះ​សារ​នោះ ហើយ​បាន​ប្រកែក​ថា សហរដ្ឋអាមេរិក​និង​បស្ចឹម​ប្រទេសវិញ​ទេ​ ដែល​គួរ​តែ​ទទួល​សារ​ដូចនេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ (Facebook) ក្នុង​អំឡុង​ថ្ងៃ​បុណ្យ​ទាន​របស់​ពួកគេ។

មនុស្សម្នា​ដុតធូប​នៅ​វិហារ Thien Hau ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ២០១៧ ដែល​ជា​ថ្ងៃទីមួយនៃពិធី​បុណ្យចូលឆ្នាំចិន។
មនុស្សម្នា​ដុតធូប​នៅ​វិហារ Thien Hau ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ២០១៧ ដែល​ជា​ថ្ងៃទីមួយនៃពិធី​បុណ្យចូលឆ្នាំចិន។

សារ​មួយ​បាន​កត់​សម្គាល់​ថា «នេះ​គឺ​ដូចជា​បញ្ចូន​រូបថត​បុណ្យ​សព​អំឡុង​ថ្ងៃ​រៀប​អាពាហ៌ពិពាហ៌​អញ្ចឹង»។

គេ​មិន​បាន​ឃើញ​សារ​ទាំងពីរ​ខាងលើ​នៅ​ថ្ងៃ​បុណ្យ​ណូអែល ឬ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំលើ​បណ្តាញ​ផ្សព្វផ្សាយ ឬ​គេហទំព័រ​របស់​អ.ស.ប​ឡើយ។ ប៉ុន្តែ​នៅ​លើ​គេហទំព័រ​ទ្វីធឺ (Twitter) នៅ​ថ្ងៃ​បុណ្យ​ណូអែល អ.ស.ប​បាន​បង្ហោះ​សារ​ស្រដៀង​គ្នា​នេះ​ចំនួន​ពីរ មួយ​គឺ​អំពី​ប្រទេស​ស៊ីរី និង​មួយ​ទៀត​អំពី​ភាព​ទីទ័លក្រ។ គេហទំព័រ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដូចជា ហ្វេសប៊ុក យូធូប (Youtube) និង​ទ្វីធឺ ត្រូវ​បាន​បិទ​នៅ​ប្រទេស​ចិន។

VOA មិន​អាច​ទាក់ទង​ទៅ​អ.ស.ប​នៅ​ក្រុង​ប៉េកាំងបាន​ទេ ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​ការ​រិៈគន់​យ៉ាង​ខ្លាំង​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ប៉ុន្តែ​សារអំពី​បញ្ហា​ប្រឈម​នៅ​លើ​ពិភពលោក​បែប​នេះ​គឺ​មាន​ជា​ទូទៅ​នៅ​លើ​គេហទំព័រ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​របស់​អ.ស.ប។

បន្ថែម​ពី​លើ​សារ​បង្ហោះ​អំពី​ជនអន្តោប្រវេសន៍ និង​ភាព​ទីទ័លក្រ អ.ស.ប​ក៏​បាន​បង្ហោះ​សារ​មួយ​ចំនួន​ដើម្បី​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ផង​ដែរ​ ដែល​ក្នុង​នោះ​រួម​មាន​វីដេអូ​ពី​អគ្គលេខាធិការ​លោក Antonio Guterres ដែល​លោក​បានសង្កត់​ធ្ងន់​ពី​អ្វី​ដែល​លោក​និយាយ​ថា​ជា​ តួនាទី​សំខាន់​របស់​ចិន។

​លោក​ Gutteres បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​សុំ​បួងសួង​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ។ យើង​ត្រូវ​តែ​ធ្វើការ​រួម​គ្នា​ដើម្បី​ជម្នះ​លើ​ជម្លោះ​ ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស ភាព​ទីទ័លក្រ និង​វិបត្តិ​ដទៃ​ទៀត» ហើយ​លោក​បាន​បន្ត​ថា៖ «ហើយ​លើស​ពីនេះ​ទៀត យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ការពារបញ្ហា​ទាំង​នេះ​កុំ​ឲ្យ​កើត​មាន​ឡើង​តាំង​ពី​ដើម​ទី»។

រូបឯកសារ៖ អគ្គលេខាធិការអ.ស.ប​ថ្លែងទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​អ.ស.បកាល​ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ អគ្គលេខាធិការអ.ស.ប​ថ្លែងទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​អ.ស.បកាល​ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

ទោះ​បី​យ៉ាងណាក៏ដោយ ការ​សរសេរ​ឆ្លើយតប​ទៅ​នឹង​វីដេអូ​នោះ​វិញ​មួយ​ចំនួន​ធំ​នៅ​តែ​បន្ត​ជះ​កំហឹង និង​ភាព​តានតឹង​អារម្មណ៍​ ជាមួយ​នឹង​សារ​បង្ហោះ​ដែល​ត្រូវ​បាន​លុប​ចោល​នោះ​។

សារ​មួយ​បាន​សរសេរ​ថា៖ «ចូរ​មើល​ខុស​ត្រូវ​អាមេរិក​ឲ្យ​តែ​បាន​ស្រួលបួល​ទៅ នោះ​ជា​សមិទ្ធផល​ដ៏​មហិមា​របស់​អ្នក​ហើយ»។ ហើយ​សារមួយ​ទៀត​បានសរសេរ​ថា៖ «អរគុណ​លោក​អគ្គលេខាធិការ ប៉ុន្តែ​យើង​មិន​ទទួល​យក​ជនអន្តោប្រវេសន៍​ទេ។ តែ​អ្វី​ផ្សេង​ទៀត​ យើង​អាច​ពិភាក្សា​គ្នា​បាន»។

សារ​មួយ​ទៀត​ហាក់​ដូចជា​ឆ្លើយ​តប​ទៅ​លោក​ Gutteres ដោយ​ជំរុញ​ឲ្យ​លោក​អគ្គលេខាធិការ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អ្វី​ ដែល​ហៅ​ថា «ឥរិយាបថ​ដ៏​អាក្រក់​របស់​បក្ស​កុម្មុយនីស្ត​ចិន ដែល​ក្នុង​នោះ​រួម​មាន​ការ​រំលោភបំពាន​លើ​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ​ខ្លួន និង​ការ​ប្រកាន់​ពូជសាសន៍​របស់​ជន​អំបូរ​ហាន (កុលសម្ព័ន្ធ​ចម្បង​នៅ​ចិន)។

តួនាទី​ធំ​ជាង​មុន

ភាព​ជ្រួលច្រាល​នៅ​លើ​បណ្តាញ​អ៊ិនធឺណិត​នេះ​បានកើត​ឡើង​ ស្រប​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ កំពុង​តែ​ប្រឈម​នឹង​ការ​រិះគន់​នៅ​ក្នុង​ស្រុក​ពាក់ព័ន្ធ​នឹង​គោល​នយោបាយអន្តោប្រវេសន៍ និង​ស្រប​ពេល​ដែល​ចិន​សម្លឹង​នឹង​ដើរ​តួនាទី​ធំ​ជាង​មុន​នៅ​លើ​ឆាក​អន្តរជាតិ។

របាយការណ៍​នានា​បាន​លើក​ឡើង​ថា រដ្ឋបាល​លោក​ត្រាំ​អាច​កាត់បន្ថយ​មូលនិធិ​ឧបត្ថម្ភ​ក្នុង​ទំហំ​ធំ​ទៅ​កាន់​អ.ស.ប ហើយ​មន្រ្តី​ចិន​ធ្លាប់បានបង្ហើប​ឡើង​សន្សឹមៗ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​អំណាច​ដែល​អាច​កើត​មាន​ឡើង។

ប៉ុន្តែ​មក​ទល់​ពេល​នេះ នៅ​ពេល​ដែល​និយាយ​ពាក់ព័ន្ធ​នឹង​លុយ និង​ការ​ដើរ​តួនាទី​ធំ​ជាង​មុន​ សាធារណជន​ចិន​ហាក់ដូចជា​ស្ទាក់ស្ទើរ​ និង​មាន​គំនិត​ខ្វែង​គ្នា។

នៅ​ពេល​ដែល​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីន (Xi Jinping) ថ្លែង​សុន្ទរកថា​ដំបូង​របស់​លោក​នៅ​អ.ស.ប​ក្នុង​ឆ្នាំ​ ២០១៥ ហើយ​បាន​សន្យា​ប្រាក់​ពីរ​ពាន់លាន​ដុល្លារ​សម្រាប់​សម្រាលបំណុល និង​ជំនួយ​ទៅ​កាន់​បណ្តា​ប្រទេស​ក្រីក្រ ក្រុម​អ្នក​រិះគន់​ក្នុង​ស្រុក​បាន​អះអាង​ថា លោក​បាន​ធ្វើ​ជ្រុលហួស ដោយ​កត់សម្គាល់​ថា ប្រទេស​ចិន​នៅ​តែ​មាន​ប្រជាជន​រាប់​លាន​នាក់ ដែល​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។

រូបឯកសារ៖ ប្រធានាធិបតីចិន​លោកស៊ី ជីនពីន​ថ្លែងនៅ​ក្នុង​វេទិកាសេដ្ឋកិច្ចពិភពលោក​នៅ​ប្រទេស​ស្វីស កាល​ពី​ថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០១៧។
រូបឯកសារ៖ ប្រធានាធិបតីចិន​លោកស៊ី ជីនពីន​ថ្លែងនៅ​ក្នុង​វេទិកាសេដ្ឋកិច្ចពិភពលោក​នៅ​ប្រទេស​ស្វីស កាល​ពី​ថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០១៧។

អស់រយៈពេល​ជាង​ប្រាំមួយ​ទសវត្សរ៍​មក​នេះ រដ្ឋាភិបាល​ចិន​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​រួម​ចំណែក​ប្រាក់​ជិត​ ៦០​ពាន់លាន​ដុល្លារក្នុង​ទម្រង់​ជា​ជំនួយ​ទៅ​កាន់់ប្រទេស និង​អង្គការ​ផ្សេងៗ​ចំនួន​សរុប​ ១៦៦ នៅ​ជុំវិញ​ពិភពលោក។ ប៉ុន្តែ​ទំហំ​ប្រាក់​នេះ​នៅ​តែ​ទាប​ជាង​ទំហំ​ប្រាក់​ពីបណ្តា​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប​ ដែល​ផ្តល់​ឲ្យ​ជា​រៀងរាល់​ឆ្នាំ។​

ហើយ​នៅ​ពេល​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ជន​អន្តោប្រវេសន៍​ ចិន​បាន​យល់​ឃើញ​ថា​មួយ​ភាគ​ធំ​ជា​បញ្ហា​មួយ​បង្ក​ឡើង​ដោយ​បណ្តា​ប្រទេស​នៅ​បស្ចឹមលោក។ នៅ​ឆ្នាំ ១៩៨២ ប្រទេស​ចិន​បាន​ផ្តល់​សច្ចានុម័ត​លើ​ឯកសារ​អ.ស.ប​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជនអន្តោប្រវេសន៍។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ ​ច្បាប់​នោះទើប​តែត្រូវ​យក​ទៅ​អនុវត្ត នៅ​ឆ្នាំ​២០១៣ ដែល​អនុញ្ញាត​ឲ្យ​មន្រ្តី​សន្តិសុខ​សាធារណៈ​ចេញ​អត្តសញ្ញាណប័ណ្ណ​ទៅ​ឲ្យ​ជនភៀសខ្លួន និង​ជនស្វែងរកសិទ្ធិ​ជ្រកកោន៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG