ទីភ្នាក់ងារអ.ស.ប.ខាងជនភៀសខ្លួន អង្គការទេសន្តរប្រវេសន៍អន្តរជាតិ និងដៃគូ៧២ទៀតបានអំពាវនាវសុំប្រាក់៦៩១លានដុល្លារដើម្បីអនុវត្តផែនការថ្មីមួយសម្រាប់បញ្ជូនក្រុមជនភៀសខ្លួនឱ្យទៅរស់នៅកន្លែងថ្មី និងជួយបន្ធូរបន្ថយស្ថានភាពពិបាករបស់ពួកជនភៀសខ្លួន និងពួកជនចំណាកស្រុករាប់ម៉ឺននាក់ក្នុងទ្វីបអឺរ៉ុបនៅឆ្នាំនេះ។
ជនភៀសខ្លួន និងជនចំណាកស្រុកជាង១,៣លាននាក់មកពីប្រទេសស៊ីរី អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងតំបន់ពយខាងកើតនៃទ្វីបអាហ្វ្រិក ព្រមទាំងមកពីកន្លែងឯទៀតៗបានមកដល់ទ្វីបអឺរ៉ុបពីរឆ្នាំមកនេះ។ ពួកគេបានជួបប្រទះការទប់ទល់ពីប្រទេសជាតិនានាក្នុងទ្វីបអឺរ៉ុបដែលមានការរារែកមិនចង់ទទួលពួកគេ។ មនុស្សរាប់ម៉ឺននាក់នៅតែបន្តរស់នៅក្នុងជំរំដែលមានការខ្វះខាត និងកន្លែងរស់នៅបណ្តោះអាសន្ន ដោយមានជំនួយមិនគ្រប់គ្រាន់ និងមានសង្ឃឹមតែបន្តិចបន្តួចអំពីអនាគតពួកគេ។
ផែនការដែលកំពុងចាប់ផ្តើមធ្វើដោយទីភ្នាក់ងារអ.ស.ប.ខាងជនភៀសខ្លួន និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិកំណត់យុទ្ធសាស្ត្រថ្មីមួយដើម្បីធ្វើឱ្យប្រាកដថា ពួកបុគ្គលទាំងនេះមានសុវត្ថិភាពក្នុងការសុំសិទ្ធិជ្រកកោន និងទទួលបានកិច្ចការពារផងដែរ។
អ្នកស្រី Cecile Pouilly អ្នកនាំពាក្យនៃអង្គការ UNHCR បានហៅការណ៍នេះថាជាផែនការមួយគិតតែពីសាច់ការ—គឺជាផែនការមួយដែលនឹងត្រូវពិនិត្យសើរើរៀងរាល់ឆ្នាំ និងត្រូវសម្របសម្រួលតាមការណ៍ពិតជាក់ស្តែងនៅនឹងកន្លែង។អ្នកស្រីបាននិយាយប្រាប់ VOA ថា ផែនការនេះមានគោលដៅគាំទ្រដំណោះស្រាយសម្រាប់រយៈពេលយូរ និងវិធីចាត់ចែងចំណាកស្រុកដោយមានរបៀបរៀបរយនិងសេចក្តីថ្លៃថ្នូរ។
«យើងតែងតែគាំទ្រជាទៀងទាត់ឱ្យប្រទេសនានាក្នុងទ្វីបអឺរ៉ុបផ្តល់វិធានការខាងផ្លូវច្បាប់ច្រើនជាងមុនសម្រាប់ឱ្យពួកជនភៀសខ្លួន និងពួកជនចំណាកស្រុកមកកាន់អឺរ៉ុប។ ហេតុផលគឺថា បើយើងមិនផ្តល់វិធានការខាងផ្លូវច្បាប់បែបនេះទេ
ពួកជនទាំងនេះនឹងធ្លាក់ទៅក្នុងការរត់ពន្ធមនុស្សដែលនាំឱ្យមានផលវិបាកដ៏ប្រល័យដែលយើងបានឃើញពីរឆ្នាំកន្លងទៅនេះ»។
អ.ស.ប.និយាយថា មានមនុស្សប្រមាណ៥ពាន់នាក់បានបាត់បង់ជីវិតនៅក្នុងឆ្នាំ២០១៦ នៅពេលធ្វើដំណើរប្រកបដោយគ្រោះថ្នាក់តាមនាវាមិនមាំទាំឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់ទ្វីបអឺរ៉ុប។
ទីភ្នាក់ងារជំនួយសង្ឃឹមថា គេអាចបញ្ចៀសគ្រោះថ្នាក់បែបនេះ ដោយពួកគេបានបង្ហាញជម្រើសមានសុវត្ថិភាពជាងមុនដល់ក្រុមជនភៀសខ្លួន និងពួកជនចំណាកស្រុក។ អ្នកស្រី Pouilly និយាយថា ផែនការនេះគូសបញ្ជាក់សេចក្តីត្រូវការជាពិសេសរបស់ពួកជនភៀសខ្លួន និងពួកកូនៗរបស់ពួកជនចំណាកស្រុក ព្រមទាំងសេចក្តីត្រូវការជាពិសេសរបស់ក្រុមស្ត្រី និងក្មេងស្រីផងដែរ។
អ្នកស្រីថ្លែងថា នឹងមានកិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញសេចក្តីត្រូវការរបស់ក្រុមកុមារដែលគ្មានញាតិសន្តានមកជាមួយនិងពួកកុមារដែលបែកខ្ញែកពីញាតិសន្តាននៅអឺរ៉ុប ព្រមទាំងសេចក្តីត្រូវការរបស់កុមារជាង២៥០០០នាក់ដែលបានទៅដល់ប្រទេសអ៊ីតាលីតាមសមុទ្រកាលពីឆ្នាំទៅមិញ៕
ប្រែសម្រួលដោយ ឈឹម សុមេធ