កាលពីថ្ងៃអង្គារអង្គការសហប្រជាជាតិបាននិយាយថា មនុស្សជិត១៩០០០ពាន់នាក់ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីរ៉ាក់នៅចន្លោះខែមករាឆ្នាំ២០១៤និងខែតុលាឆ្នាំទៅមិញ ហើយមានមនុស្សជាងបីលាននាក់ទៀតបានខ្ចាត់ព្រាត់ពីផ្ទះសំបែងពួកគេ។
កំណើននៃអំពើហិង្សានេះ ត្រូវចំពេលគ្នាជាមួយនឹងការវាយយកបាននិងកាន់កាប់តំបន់ដ៏ធំធេងក្នុងប៉ែកខាងជើងនិងប៉ែកខាងលិចនៃប្រទេសអ៊ីរ៉ាក់ដោយក្រុមរដ្ឋឥស្លាម ដែលបាននាំឱ្យមានការចាប់អារម្មណ៍ពីសំណាក់អន្តរជាតិនៅពាក់កណ្តាលឆ្នាំ២០១៤ និងចាប់ផ្តើមការវាយប្រហារតាមអាកាសដោយស.រ.អា.លើពួកជនសកម្មប្រយុទ្ធទាំងនេះក្នុងខែសីហាឆ្នាំ២០១៤។
លោក Zeid Ra'ad Al Hussein ប្រធានផ្នែកសិទ្ធិមនុស្សរបស់អ.ស.ប.បានមានប្រសាសន៍ថា «ទោះណាជាតួលេខនៃចំនួនមនុស្សស្លាប់ទាំងនេះមិនបានឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវពិតប្រាកដអំពីថាតើក្រុមជនស៊ីវិលបានរងទុក្ខវេទនាខ្លាំងបែបណាក្នុងប្រទេសអ៊ីរ៉ាក់ក៏ដោយ ក៏តួលេខទាំងនេះបង្ហាញអំពីចំនួនមនុស្សដែលបានស្លាប់ឬបានកំបុតដៃជើងដោយអំពើហិង្សាដោយចំហ
ក៏ប៉ុន្តែមានមនុស្សរាប់មិនអស់បានបាត់បង់ជីវិតដោយសារគ្មានម្ហូបអាហារជាមូលដ្ឋាន ទឹកនិងការថែរក្សាសុខភាព។
របាយការណ៍នេះនិយាយថា គេមានជំនឿថាពួកជនសកម្មប្រយុទ្ធទាំងនេះបានឃុំឃាំងទាសករខាងកាមតណ្ហា៣៥០០នាក់ ដោយភាគច្រើនមកពីក្រុមជនអំបូរភាគតិច Yazidi ហើយនៅតែបន្ត «ការរំលោភជាប្រព័ន្ធនិង ការរាលដាលនៃអំពើហិង្សានិងការរំលោភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិតទៅទៀត។»
សេចក្តីរាយការណ៍នេះក៏កត់សម្គាល់ដែរអំពីការត្អូញត្អែរស្តីពីការរំលោភសិទ្ធិដោយកងកម្លាំងលម្អៀងទៅខាងរដ្ឋាភិបាល៕