ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​លើក​គោលដៅ​បង្កើន​ទេសចរ​ដោយ​ឲ្យ​ភ្ញៀវ និស្សិត​និង​«ពនេចរឌីជីថល»​ស្នាក់​នៅ​កាន់​តែ​យូរ


រូបឯកសារ៖ ទេសចរជនជាតិចិន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Chiang Mai ខេត្ត Chiang Mai ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ ទេសចរជនជាតិចិន​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Chiang Mai ខេត្ត Chiang Mai ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

រដ្ឋាភិបាល​ថៃ​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​ឧសភា​ថា ​ខ្លួន​បាន​អនុម័ត​សុពលភាព​ទិដ្ឋាការ​ស្នាក់នៅ​យូរ​ជាង​មុន​សម្រាប់​ទេសចរ និស្សិត​ថ្នាក់​ក្រោយ​ឧត្តមសិក្សា​ និង​បុគ្គលិក​ធ្វើ​ការ​ពី​ចម្ងាយ ព្រមទាំង​អនុម័ត​លក្ខខណ្ឌ​ទិដ្ឋាការល្អ​ជាង​មុន​សម្រាប់​និវត្តជន ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ដ៏​សំខាន់​របស់​ខ្លួន ក្នុង​គ្រា​ដែល​សេដ្ឋកិច្ច​ថៃនៅ​ទ្រឹង។ នេះ​បើយោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់ Reuters។

កម្មវិធី​នឹង​ចាប់​ផ្តើម​នៅ​ខែ​មិថុនា ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចំនួន​ ៩៣ គឺ​កើនឡើង​ពី​បច្ចុប្បន្ន​ចំនួន​ ៥៧​ ស្នាក់នៅ​រយៈ​ពេល ​៦០ ​ថ្ងៃ ហើយ​អ្នក​ដំណើរ​ច្រើន​ទៀត​ក៏​អាច​ទទួល​បាន​ទិដ្ឋាការ​ពេល​មក​ដល់​ផងដែរ។​ នេះ​បើយោង​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ លោក Chai Wacharonke ដែល​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន។

លោក​បន្ថែម​ Wacharonke ថា ​និស្សិត​បរទេស​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​បន្ត​ ១​ឆ្នាំ​ទៀត​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា រីឯ​ការ​តម្រូវ​ឲ្យ​មាន​ធានារ៉ាប់រ៉ង​សម្រាប់ជនបរទេស​ ដែល​ចង់​រស់នៅ​ជានិវត្តជន​ក្នុង​ប្រទេស​ថៃ ក៏​នឹង​ត្រូវសម្រួល​ផងដែរ។​

វិស័យ​ទេសចរណ៍​ ជា​កត្តាជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ​និង​ក៏​ប្រភព​ផ្តល់​ការងារ​ដ៏​ធំ​ដល់​ប្រទេស​ថៃ​ ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ ២ ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

វិធានការ​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជាផ្នែក​មួយ​នៃ​ការ​ខិតខំ​ជំរុញ​កំណើន​ទេសចរ ជាពិសេស​មក​ពី​ប្រទេស​សំខាន់ៗ​និង​រីកចម្រើន​យ៉ាង​លឿន​បំផុត ដោយ​ការ​ពន្យារពេល​ស្នាក់​នៅ​ពី​ ៣០ ​ថ្ងៃ​រហូត​ដល់​ ៦០​ ថ្ងៃ​ សម្រាប់​ទិដ្ឋាការ​ពេល​មក​ដល់។​

សុពលភាព​នៃ​ទិដ្ឋាការ​ដែល​គេ​ហៅ​ថា «ពនេចរ​ឌីជីថល» ឬ digital nomads សម្រាប់​អ្នក​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង និង​បុគ្គលិក​ដែល​ធ្វើ​ការ​ពី​ចម្ងាយ នឹង​ត្រូវ​ពន្យារ​រហូត​ដល់​ ៥ ​ឆ្នាំ គឺ​កើន​ពី​ ៦០ ​ថ្ងៃ​ពេលបច្ចុប្បន្ន ដោយ​ការ​ស្នាក់​នៅ​ម្តងៗ ត្រូវ​កម្រិត​ត្រឹម​១៨០ ​ថ្ងៃ។

ប្រទេស​ថៃ កត់​ត្រាទេសចរ​ចំនួន​ ១៤,៣​ លាននាក់ ​ចូល​មកពី​ខែ​មករា ​ដល់​ថ្ងៃ​ទី ​២៦ ​ខែ​ឧសភា​ឆ្នាំ​នេះ ​ហើយ​ដាក់​គោលដៅ​ទាក់ទាញ​ភ្ញៀវ​បរទេស​ចំនួន ​៤០ ​លាន​នាក់​ សម្រាប់​មួយ​ឆ្នាំ​ពេញ ដោយ​ទទួល​បាន​ចំណូល​ ៩៥,៧៣​ ពាន់​លាន​ដុល្លារ។

នៅ​ឆ្នាំ​ ២០១៩ មុន​ជំងឺ​ឆ្លង​រាតត្បាត​ ប្រទេស​ថៃ​ស្វាគមន៍​អ្នក​ដំណើរ​ចូល​មក​ចំនួន​ ៣៩,៩​លាន ​នាក់​ ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ដោយ​រក​ចំណូល​បាន​ប្រមាណ ​៥២ ​ពាន់​លាន​ដុល្លារ៕

ប្រែ​សម្រួល​ដោយ​លោក សាយ មុន្នី

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG