និយ័តករទូរគមនាគមន៍កម្ពុជា ប្រកាសបិទខ្ទប់គេហទំព័រចំនួន៩ បន្ទាប់ពីរកឃើញមានការបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ដែលបង្កផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។
អ្នកជំនាញសិទ្ធិកុមារសាទរការបិទខ្ទប់នេះ និងផ្តល់ការកត់សម្គាល់ថា ករណីបង្ហោះរូបភាពអាសអាភាសកុមារដែលមានភាពលាយឡំគ្នាទាំងកុមារកម្ពុជា និងបរទេសតាមប្រព័ន្ធអ៊ីនធឺណិតកំពុងមានការកើនឡើងនៅក្នុងប្រទេស និងបានក្លាយជាក្តីបារម្ភចំពោះការធ្វើឲ្យខូចកិត្តិយសរបស់កុមារកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ និយ័តករទូរគមនាគមន៍កម្ពុជាសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបិទខ្ទប់គេហទំព័រ និងយូអអិល (URL) ទាំង៩ នោះ បន្ទាប់ពីរកឃើញថា គេហទំព័រ និងយូអអិលទាំងនោះ បានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ ប្រវត្តិទាក់ទងនឹងពេលវេលានៃការបង្ហោះរូប និងវីដេអូអាសអាភាសទាំងនោះ មិនត្រូវបានបង្ហាញនោះទេ។
និយ័តករទូរគមនាគមន៍កម្ពុជាបន្ថែមថា សកម្មភាពនេះ បានជំរុញ និងបង្កឱ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួញដូរមនុស្ស ដែលបង្កនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ អ្នកស្រី ញ៉េប សុភាព ប្រាប់ VOA នៅថ្ងៃអង្គារនេះថា រូបភាព និងវីដេអូអាសអាភាសមួយចំនួនក្នុងគេហទំព័រ និងយូអអិលទាំង៩នោះ មានរូបភាព និងវីដេអូរបស់កុមារនៅកម្ពុជាផងដែរ។
«វាមានលាយគ្នា។ វាមានរូបភាពកុមារនៅខ្មែរដែរ...មិនទាំងស្រុងទេ ...មានការលាយគ្នា។ អ៊ីចឹងដែលធ្វើឲ្យយើងឈានទៅបិទជាបន្ទាន់»។
អ្នកជំនាញសិទ្ធិកុមាររូបនេះ បន្ថែមថា បច្ចុប្បន្ននៅមានគេហទំព័ររូបភាព និងវីដេអូអាសអាភាសជាច្រើនទៀត ត្រូវបានបញ្ជូនមកកាន់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារដើម្បីទទួលការត្រួតពិនិត្យ ឈានដល់ការពិចារណាថា នឹងត្រូវបិទខ្ទប់ ឬយ៉ាងណា។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង លើកឡើងថា ការប្រើប្រាស់រូបភាព និងវីដេអូអាសអាភាសកុមារដើម្បីធ្វើអាជីវកម្ម គឺជាអំពើល្មើសដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កុមារ។
អ្នកស្រីប្រាប់វីអូអេថា៖ «កុមារទាំងអស់ហ្នឹង គាត់ត្រូវបានគេយកទៅផ្សព្វផ្សាយ អាចថា ជួនកាលថា ជាការស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្ត។ ប៉ុន្តែរឿងកុមារមួយ ទោះបីស្ម័គ្រចិត្ត ក៏គេអត់យកជាការដែរ ពីព្រោះកុមារអត់ទាន់មានការសម្រេចចិត្តអីបានត្រឹមត្រូវទេ។ ហើយនៅពេលណាដែលយកមកផ្សព្វផ្សាយបែបរូបភាពអាសអាភាសអ៊ីចឹង គឺជាការធ្វើអាជីវកម្មធំណាស់ទៅលើកុមារ។ ហើយវា ជាបទឧក្រិដ្ឋ។ វា ជាបទល្មើស។អ៊ីចឹងបើក្នុងករណីដែលនៅតែបណ្តែតបណ្តោយឲ្យមានរឿងហ្នឹងកើតឡើងទៀត បានន័យថា ធ្វើឲ្យកុមារដទៃទៀតហ្នឹងក៏រងគ្រោះដែរ។ ហើយកុមារដែលត្រូវបានគេបង្ហោះហ្នឹង ក៏គ្នារងគ្រោះរួចទៅហើយ»។
អ្នកស្រីរដ្ឋលេខាធិការ ជូ ប៊ុនអេង បន្តថា បច្ចុប្បន្នការប្រើប្រាស់រូបភាព និងវីដេអូអាសអាភាសកុមារដើម្បីធ្វើអាជីវកម្ម មានការកើនឡើងច្រើន ដោយសារការប្រើប្រាស់បច្ចេកវិទ្យាមានការកើនឡើងតាមប្រព័ន្ធអ៊ីនធឺណិត។
«នៅពេលបណ្តាញអ៊ីនធឺណិតហ្នឹងវាទូលំទូលាយ ហើយក្មេងៗ ក៏ត្រូវបានប្រើប្រាស់រឿងអ៊ីនធឺណិតហ្នឹងច្រើន អ៊ីចឹងធ្វើឲ្យការសាយភាយការផ្សព្វផ្សាយហ្នឹងវាធំជាងមុន»។
អ្នកស្រីបន្ថែមថា អាជ្ញាធរពាក់ព័ន្ធ កំពុងមានវិធានការលើករណីនេះដើម្បីទប់ស្កាត់ និងចាត់វិធានការលើជនល្មើសដែលពាក់ព័ន្ធនឹងការបង្កើត និងផ្សព្វផ្សាយរូបភាព និងវីដេអូអាសអាភាសទាំងនោះ។
នាយកប្រតិបត្តិនៃអង្គការ APLE Cambodia លោក សំលៀង សីលា លើកឡើងថា គេហទំព័រអាសអាភាសចំនួន៩ដែលសមត្ថកិច្ចទើបប្រកាសបិទនេះ គឺជាគេហទំព័រដែលមានប្រជាប្រិយភាពនៅកម្ពុជា។ លោកបន្តថា ការចែកចាយរូបភាព និងវីដេអូអាសអាភាសកុមារ មានការកើនឡើង ប៉ុន្តែអាជ្ញាធរពិបាកក្នុងការស្វែងរកអត្តសញ្ញាណកុមារ និងអ្នកប្រព្រឹត្ត។
«បញ្ហាទីមួយ គឺយើងគួរកត់សម្គាល់ថា រូបភាពមួយចំនួនធំ គឺបានផលិតដោយកុមារខ្លួនឯងផ្ទាល់តាមរយៈការចាញ់កលល្បិច និងការលួងលោមរបស់ជនប្រព្រឹត្ត ឬក៏តាមរយៈការអូសទាញឲ្យថត និងផលិតរូបភាពរបស់ខ្លួនឯងហ្នឹងដើម្បីចែករំលែក។ហើយទីពីរបច្ចេកវិទ្យា គឺបានបង្កនូវបរិយាកាសអំណោយផលដល់អ្នកប្រព្រឹត្ត ក្នុងការលាក់បំបាំងនូវការប្រព្រឹត្តរបស់ពួកគេ»។
លោក សំលៀង សីលា បន្ថែមថា អាជ្ញាធរគួរបង្កើនវិធានការក្នុងការទប់ស្កាត់ និងលុបបំបាត់ការចែកចាយរូបភាពអាសអាភាសទាំងអស់នេះ ដោយចាប់ខ្លួនជនដែលប្រព្រឹត្តមកផ្តន្ទាទោសតាមផ្លូវច្បាប់។
«ត្រូវពង្រឹងនូវយន្តការនៃការសហការជាអន្តរជាតិមួយឲ្យមានប្រសិទ្ធភាព ពីព្រោះបទល្មើសកុមារនេះ ជាបទឧក្រិដ្ឋអន្តរជាតិគ្មានព្រំដែន អ៊ីចឹងទាមទារឲ្យមានកិច្ចសហការជាអន្តរជាតិ និងជំរុញក្នុងការអនុវត្តច្បាប់ដែលមានស្រាប់ ដើម្បីទប់ស្កាត់នូវការចែកចាយរូបភាពទាំងអស់នេះ ហើយនិងគិតគូរអំពីការបង្កើតនូវក្របខណ្ឌ ឬក៏យន្តការគោលនយោបាយ និងច្បាប់បន្ថែមទៀតដើម្បីដោះស្រាយនូវការប្រឈម និងចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន»។
បើតាមលោក សំលៀង សីលា ក្នុងឆ្នាំ២០២១នេះ មានករណីផ្សព្វផ្សាយរូបភាព និងវីដេអូអាសអាភាសរបស់កុមាររហូតដល់ទៅជិត១ពាន់ករណី ដែលលោកថា នេះ ជាសញ្ញាណគួរឲ្យព្រួយបារម្ភសម្រាប់កម្ពុជា៕