លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កត់សម្គាល់នៅថ្ងៃព្រហស្បតិ៍នេះថា មានការវិវត្តជាវិជ្ជមានមួយចំនួនទាក់ទិនបញ្ហាកំណែទម្រង់ក្នុងវិស័យច្បាប់ ដីធ្លី និងសេវាគាំពារសង្គម។ ប៉ុន្តែសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងការជួបប្រជុំ និងសិទ្ធិពលរដ្ឋក្នុងវិស័យនយោបាយនៅក្នុងប្រទេសកម្ពុជានៅតែជាកង្វល់នៅឡើយ។
នៅក្នុងសន្និសីទកាសែតបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃនៅកម្ពុជា នៅថ្ងៃនេះ មន្ត្រីអង្គការសហប្រជាជាតិដដែលបានលើកឡើងថា លោកស្រីបានដឹងអំពីចំណាត់ការនានាដែលបានធ្វើដោយក្រុមនគរបាល ឬតុលាការប្រឆាំងនឹងអតីតសមាជិក និងមន្ត្រីជាប់ឆ្នោតរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន៨០រូប នៅថ្នាក់ក្រោមជាតិ រួមបញ្ចូលទាំងដីកាកោះហៅចំនួន២៥ ដែលចេញដោយសាលាដំបូងខេត្តបាត់ដំបងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
លោកស្រី រ៉ូណា ស្មីត (Rhona Smith) បញ្ជាក់ថា៖ «ចំពោះទស្សនៈរបស់ខ្ញុំ ចំណាត់ការបែបនេះ មិនអាចនាំទៅរកការពង្រឹងសិទ្ធិនយោបាយ និងលំហប្រជាធិបតេយ្យ»។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោកស្រីរ៉ូណា ស្មីត បានលើកពីការជំទាស់របស់លោកស្រីទៅនឹងការបន្តឃុំខ្លួនលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ហើយលោកស្រីបានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា ចេញពីការឃុំខ្លួន និងពន្លឿនការបិទការស៊ើបសួរ ឬទម្លាក់ការចោទប្រកាន់មកលើរូបគាត់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ច្រានចោលការវាយតម្លៃរបស់អ្នកស្រីស្មីតដោយលោកយល់ថា លោកស្រីទំនងជាមិនពេញចិត្តនឹងសន្តិភាពនិងស្ថិរភាពនយោបាយនៅកម្ពុជា។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ «គាត់មិនឲ្យតម្លៃពីសន្តិភាព ហើយនិងស្ថិរភាពដែលកម្ពុជាទទួលបានមុនពេលបោះឆ្នោត នៅពេលបោះឆ្នោត រហូតដល់បច្ចុប្បន្នកាលនេះ គឺប្រជាពលរដ្ឋលោកសប្បាយចិត្តណាស់អាហ្នឹងមួយ»។
ទោះជាយ៉ាងណាលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក គាំទ្រការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ៖
«ការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត វាជារឿងមួយដែលត្រឹមត្រូវហើយ ព្រោះការមើលឃើញនេះ យើងឃើញហើយមានការចាត់វិធានការហ្នឹង ក្នុងដំណាក់កាលនៃវត្តមានលោកស្រី នៅក្នុងប្រទេសយើងហ្នឹងតែម្តង»។
នៅពេលបំពេញទស្សនកិច្ចលើកទីប្រាំពីរនៅប្រទេសកម្ពុជា ដើម្បីពិនិត្យ និងវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រីស្មីតបានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីសំខាន់ៗមួយចំនួន រួមមានលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោកស្រី លោកស្រី រ៉ូណា ស្មីត ក៏បានអំពាវនាវឲ្យទម្លាក់ការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរនាក់ ដែលត្រូវបានចោទពី «បទផ្តល់ព័ត៌មានដល់រដ្ឋបរទេស»។ អ្នកកាសែតទាំងពីររូបត្រូវបានតុលាការកម្ពុជាដោះលែងឲ្យបានស្ថិតនៅក្រៅឃុំបណ្តោះអាសន្នកាលពីខែសីហា ឆ្នាំ២០១៨។
ជាមួយគ្នានោះ លោកស្រី ស្មីត ក៏ជំរុញប្រជាជនកម្ពុជាឲ្យផ្លាស់ប្តូរវប្បធម៌នយោបាយទៅជាកិច្ចសន្ទនាមួយ ដែលផ្តោតទៅលើបញ្ហាជាជាងផ្តោតលើបុគ្គល ដែលជាវិធីមួយដែលឈានទៅមុខ និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់សន្តិភាពយូរអង្វែង ការអភិវឌ្ឍប្រកបដោយចីរភាព និងសម្រេចបានសិទ្ធិមនុស្សទាំងអស់៕