លោកស្រីរ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានលើកទឹកចិត្តដល់អាជ្ញាធរប្រទេសកម្ពុជា ឲ្យទម្លាក់ចោលបទចោទប្រកាន់លើអតីតអ្នកកាសែតពីរនាក់របស់វិទ្យុអាស៊ីអាសេរី ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានពិភពលោក»។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ។
លោកស្រីស្មីតបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកស្រីជាភាសាអង់គ្លេស និងមានការប្រែសម្រួលជាភាសាខ្មែរថា ទិវាសេរីភាពសារព័ត៌មានពិភពលោកត្រូវបានប្រកាសដោយមហាសន្និបាតក្នុងឆ្នាំ ១៩៩៣។ នៅឆ្នាំនេះ ប្រធានបទគឺ «ប្រព័ន្ធផ្សព្វផ្សាយសម្រាប់លទ្ធិប្រជាធិបតេយ្យ៖ វិជ្ជាជីវៈខាងសារព័ត៌មាន និងការបោះឆ្នោតនៅពេលមានព័ត៌មានមិនពិត»។
នៅក្រោមប្រធានបទនេះ លោកស្រីបានលើកឡើងពីកង្វល់របស់លោកស្រីដែលកម្ពុជាបានធ្លាក់ចុះមួយពិន្ទុបន្ថែមទៀតមកត្រឹម ១៤៣ កាលពីឆ្នាំ ២០១៨ បន្ទាប់ពីធ្លាក់ចុះ ១០ ពិន្ទុ ពី ១៣២ នៅឆ្នាំមុន នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការអ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders)។
អ្នករាយការណ៍ពិសេសរបស់ អ.ស.ប. រូបនេះបានសរសេរបន្តក្នុងន័យដើមថា៖
«ដូច្នេះ ខ្ញុំសូមគូសបញ្ជាក់ពីសារៈសំខាន់នៃសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្តល់ព័ត៌មានចាំបាច់សម្រាប់ការជជែកដេញដោល ក្នុងន័យស្ថាបនាជុំវិញបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ និងបញ្ហាជាច្រើនផ្សេងទៀត ដែលមានឥទ្ធិពលដល់យើងគ្រប់គ្នា»។
លោកស្រីបានបន្ថែមថា៖
«ខ្ញុំសូមជំរុញលើកទឹកចិត្តជាថ្មីម្តងទៀតឲ្យទម្លាក់ការចោទប្រកាន់លើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរនាក់ផងដែរ»។
លោកស្រីស្មីត ក៏បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលផ្តល់លំហសម្រាប់សេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ ទាំងតាមអនឡាញ និងទាំងអូហ្វឡាញ ព្រមទាំងតាមរយៈការអនុម័ត និងការអនុវត្តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។
នៅថ្ងៃទី ៣ ខែឧសភានេះ ប្រទេសកម្ពុជាក៏បានប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនេះ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់សារព័ត៌មានក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ»។
នៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកនេះដែរ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងពីបច្ចុប្បន្នភាពនៃសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលលោកថា មានសារៈសំខាន់ចំពោះសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការទទួលបានព័ត៌មាន។
លោកមានប្រសាសន៍ថា កាលពីខែមករា ឆ្នាំ ២០១៩ ការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលមាន ៩ ជំពូក និង ៣៨ មាត្រាបានបញ្ចប់ក្នុងកម្រិតក្រុមការងារបច្ចេកទេស និងដៃគូពាក់ព័ន្ធ។ លោកបន្ថែមថា រហូតមកដល់ពេលនេះ សេចក្តីព្រាងច្បាប់ដដែលកំពុងដាក់ឲ្យស្ថិតក្រោមការពិភាក្សាផ្ទៃក្នុងមុននឹងបញ្ជូនទៅរដ្ឋាភិបាល និងស្ថាប័ននីតិប្រតិបត្តិផ្តល់ការអនុម័ត។
លោកខៀវ កាញារីទ្ធ ថ្លែងថា៖
«បច្ចុប្បន្ន យើងកំពុងពិភាក្សាក្នុងក្របខណ្ឌចង្អៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដល់ជំពូកទី ៤ មាត្រា ២០ ស្តីពីព័ត៌មានសម្ងាត់ ហើយសង្ឃឹមថា នឹងបញ្ចប់ការឆ្លងកិច្ចប្រជុំថ្នាក់ក្រសួងនេះ នៅក្នុងពេលឆាប់ៗដើម្បីដាក់ជូនរាជរដ្ឋាភិបាល និងស្ថាប័ននីតិប្រតិបត្តិ អនុម័តនាពេលដ៏ខ្លីខាងមុខនេះ»។
លោកខៀវ កាញារីទ្ធ បានប្រាប់ក្រុមមន្ត្រីរដ្ឋាភិបាល តំណាងអង្គការយូណេស្កូ (UNESCO) និងតំណាងទូតប្រទេសស៊ុយអែតថា រដ្ឋាភិបាលកម្ពុជាក៏គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ ១៩៩៥ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន។
លោកថា វិសោធនកម្មនឹងជំរុញឲ្យអង្គភាពសារព័ត៌មានចេញការកែតម្រូវនូវព័ត៌មាន ដែលប្រាស់ចាកពីការណ៍ពិត។
លោកមានប្រសាសន៍ថា៖
«សំខាន់បំផុតនោះគឺកាតព្វកិច្ចឆ្លើយតប ហៅថា កាតព្វកិច្ចចុះផ្សាយការឆ្លើយតប របស់អ្នកដែលយល់ថា ការផ្សាយព័ត៌មាននោះវាមិនត្រឹមត្រូវ ហើយដែលគេសុំកែតម្រូវ។ នៅក្នុងច្បាប់សារព័ត៌មាន យើងឲ្យសារព័ត៌មានគឺអាចផ្សាយ ប៉ុន្តែដល់ពេលនិយាយប៉ះទៅគេ ចាំគេផ្ញើមកឲ្យកែតម្រូវ បើគាត់មិនកែតម្រូវ គាត់អត់មានអីទេ»។
មិនមានការពិភាក្សាលើករណីចោទប្រកាន់អតីតអ្នកកាសែតរបស់វិទ្យុអាស៊ីសេរី (RFA) លោកយាង សុធារិន្ទ និងលោកអ៊ួន ឈិន នោះទេ នៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០១៩ ដែលបានរៀបចំឡើងដោយអង្គការយូណេស្កូ និងក្រសួងព័ត៌មាននៃរាជរដ្ឋាភិបាលកម្ពុជា។
អតីតអ្នកយកព័ត៌មានទាំងពីរត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ ពីបទផ្តល់ព័ត៌មានដល់រដ្ឋបរទេសដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។ ប្រសិនបើត្រូវបានរកឃើញថា មានទោសមែននោះ អ្នកទាំងពីរអាចត្រូវជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ។
ការចាប់ខ្លួនអតីតអ្នកយកព័ត៌មានទាំងពីរនាក់នេះធ្វើឡើង ក្រោយពីមានយុទ្ធនាការបង្ក្រាបជាទូទៅរបស់រដ្ឋាភិបាលទៅលើក្រុមប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនដែលមិនចំណុះរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ កាលពីខែសីហាឆ្នាំ ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាដោះលែងលោកអ៊ួន ឈិន និងលោកយាង សុធារិន្ទ ឲ្យបានស្ថិតនៅក្រៅឃុំ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ៩ ខែ។ សាលាដំបូងរាជធានីភ្នំពេញ មិនបានបញ្ជាក់ហេតុផលនៃការដោះលែងអ្នកទាំងពីរនោះទេ។
ដោយឡែក នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន បានចេញសារនយោបាយមួយកាលពីថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០១៩៖ «អំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងបរទេសទាំងអស់ ដែលកំពុងបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបំពេញការងារនៅបរទេសក្តី សូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ ចៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ដោយមិនបានផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយធ្វើការឆ្លុះបញ្ចាំងសភាពការណ៍ទាំងមូល ដោយពុំបានគិតគូរអំពីក្រឹត្យក្រមក្បួនខ្នាតនៃការសរសេរព័ត៌មាន ឬការផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីបំប៉ោងសភាពការណ៍ និងបន្តុះបង្អាប់ ញុះញង់អុជអាលឲ្យមានការស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿសាសនា និន្នាការនយោបាយ ឬស្ថានភាពដទៃទៀត ដែលធ្វើឲ្យមានអរិភាពដល់ទំនាក់ទំនងជាមួយប្រទេសដទៃ បង្កឲ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ឬបង្កឲ្យមានទំនាស់ជាមួយបរទេសដែលធ្វើឲ្យអន្តរាយដល់ប្រទេសជាតិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន»៕