បេសកជនពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោក Zeid Ra'ad Al Hussein និយាយថា លោកនៅតែប្រកាន់ជំហរចំពោះការសំរេចចិត្តរបស់លោកក្នុងការព្យួរមន្រ្តីជាន់ខ្ពស់របស់អ.ស.បម្នាក់ដែលបានធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់អំពីការរំលោភបំពានផ្លូវភេទទៅលើកុមារនៅសាធារណៈរដ្ឋអាហ្រ្វិកកណ្តាល។ ប្រធានផ្នែកសិទ្ធិមនុស្សរូបនេះនិយាយថា មន្រ្តីដែលត្រូវបានព្យួរការងារនោះបានបំពានបទបញ្ញត្តិរបស់អ.ស.បដែលមានគោលបំណងការពារអត្តសញ្ញាណនិងសុវត្ថិភាពរបស់ជនរងគ្រោះ សាក្សី និងអ្នកស៊ើបអង្កេត។
ការសម្រេចចិត្តរបស់បេសកជនពិសេសក្នុងការព្យួរការងាររបស់លោក Anders Kompass ដែលជាអ្នកធ្វើឲ្យបែកធ្លាយព័ត៌មានអ.ស.ប កាលពី៣សប្តាហ៍មុន បានធ្វើឲ្យរឿងចម្រូងចម្រាស់ចាប់ផ្តើម។ លោក Kompass បានបញ្ចេញរបាយការណ៍សម្ងាត់របស់អ.ស.បឲ្យទៅអាជ្ញាធរបារាំងដោយបានចោទប្រកាន់ទាហានបារាំង១៤នាក់ដែលមានតួនាទីរក្សាសន្តិភាពនៅសាធារណៈរដ្ឋអាហ្រ្វិកកណ្តាល ថាបានរំលោភបំពានផ្លូវភេទលើកុមារជាច្រើននាក់ដែលមានអាយុចាប់ពី៨ឆ្នាំដល់១៥ឆ្នាំ។
ការរំលោភបំពានដែលរងការចោទប្រកាន់នោះបានកើតឡើងក្នុងរយៈពេល៧ខែ ហើយបានបញ្ចប់ជិតមួយឆ្នាំទៅហើយ គឺចាប់់ពីខែធ្នូ ឆ្នាំ២០១៣ ដល់ខែមិថុនា ឆ្នាំ២០១៤។ ក៏ប៉ុន្តែ គ្មានករណីណាមួយត្រូវបានគេស៊ើបអង្កេតនោះទេ នៅមុនពេលដែលលោក Kompass ធ្វើឲ្យបែកធ្លាយរបាយការណ៍នោះ។ តុលាការរបស់អ.ស.បបានកាត់សេចក្តីកាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០១៥ ដោយនិយាយថា ការព្យួរការងាររបស់លោកជារឿង «ខុសច្បាប់» ហើយបានបញ្ជាឲ្យអ.ស.បផ្តល់ការងារនោះទៅឲ្យ Kompass ដែលមានសញ្ជាតិស៊ុយអ៊ែតឡើងវិញ។
បេសកជនពិសេសលោក Zeid ប្រាប់វីអូអេថា ការិយាល័យរបស់លោកបានអនុវត្តតាមការបង្គាប់របស់តុលាការ។
«វាមិនមែនមានន័យថា យើងត្រូវតែទទួលយកហេតុផលទាំងអស់នោះទេ ប៉ុន្តែយើងទទួលស្គាល់ថា យើងត្រូវតែធ្វើតាមការបង្គាប់របស់តុលាការ។ ហើយជាការពិត ការយល់ឃើញរបស់យើងជាផ្នែកមួយនៃការបញ្ជូនរឿងក្តីនេះទៅឲ្យតុលាការ។ ខ្ញុំមិនបានសុំទោសដល់លោក Anders Kompass ទេ។ ខ្ញុំគិតថា វាជារឿងគួរឲ្យសោកស្តាយណាស់ ដែលបន្ទុកនៃការទទួលខុសត្រូវក្នុងកម្រិតណាមួយនោះស្ទើរតែធ្លាក់ទៅលើអ.ស.បទាំងស្រុង»។
បេសកជនពិសេសរូបនេះបានកត់សម្គាល់ថា វាអាស្រ័យលើអាជ្ញាធរបារាំងទេ ដែលត្រូវធ្វើការស៊ើបអង្កេតករណីរំលោភបំពានផ្លូវភេទនៅសាធារណៈរដ្ឋអាហ្រ្វិកកណ្តាលនោះ ដោយសារតែករណីនេះត្រូវបានប្រព្រឹត្តឡើងដោយទាហានរបស់គេ។ វាមិនអាស្រ័យលើអ.ស.ប.ទេ។
លោក Zeid និយាយថា លោកជឿថា មនុស្សជាច្រើនដឹងអំពីអ្វីដែលកំពុងកើតមាន ក៏ប៉ុន្តែ ស្ថានភាពនោះត្រូវគេឃើញកាន់តែច្បាស់នៅពេលដែលអ.ស.ប ចងក្រងព័ត៌មានអំពីករណីរំលោភបំពានទាំងនោះ ហើយចុងក្រោយវាក៏បានបញ្ឆេះឲ្យមានការឆ្លើយតប។
លោកនិយាយថា របាយការណ៍ដែលបែកធ្លាយនោះរួមមានឈ្មោះរបស់ក្មេងៗដែលជាជនរងគ្រោះ ហើយថា ប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានប្រកាសជាសាធារៈយ៉ាងហោចណាស់អត្តសញ្ញាណរបស់ជនរងគ្រោះម្នាក់ដែរ។
«យើងប្រកាន់គោលការណ៍ថា ការបញ្ចេញព័ត៌មានរសើបណាមួយ ដែលអាចមានគ្រោះថ្នាក់ដល់សាក្សី និងជនរងគ្រោះ ជាពិសេសលើជនរងគ្រោះក្មេងៗដែលត្រូវគេរំលោភបំពាន ត្រូវតែផ្ទេរ បញ្ជូននិងផ្សព្វផ្សាយឲ្យបានត្រឹមត្រូវ។ ប្រសិនបើមានការរកឃើញថា វាត្រូវបានគេផ្សព្វផ្សាយមិនត្រឹមត្រូវ អញ្ចឹងវាច្បាស់ណាស់យើងត្រូវតែពិនិត្យមើលរឿងនោះ»។
លោក Ander Kompass គឺជាប្រធានប្រតិបត្តិការនៅនឹងកន្លែងនៃការិយាល័យឧត្តមស្នងការផ្នែកសិទ្ធិមនុស្ស។ តុលាការរបស់អ.ស.បដែលបានលើកលែងការព្យួរការងាររបស់លោក និយាយថា ខ្លួនបានចូលរួមចំណែកដើម្បីជៀសវាងការខូចខាតកេរ្តិ៍ឈ្មោះរបស់លោកបន្ថែមទៀត។
បេសកជនពិសេស លោក Zeid និយាយថា លោកបានពិភាក្សាជាមួយលោក Kompass យ៉ាងយូរ កាលពីថ្ងៃសុក្រ ទី៨ ខែឧសភា ដែលក្នុងពេលនោះ មានការយល់ព្រមគ្នាថា ការងាររបស់ការិយាល័យមានសារៈសំខាន់ខ្លាំងណាស់ ហើយថា ពួកគេនឹងធ្វើជាមួយគ្នាដោយមានកិច្ចសហការដើម្បីបន្តការងារនោះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ