ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​កម្ពុជា​​រង​ការ​ធ្វើ​បាប​ដោយ​អាជ្ញាធរ​


នារី​​រកស៊ី​​ផ្លូវភេទ​អង្គុយ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ទីក្រុង​​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​
នារី​​រកស៊ី​​ផ្លូវភេទ​អង្គុយ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ទីក្រុង​​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​

ភ្នំពេញ៖​ អង្គការ​ឃ្លាំ​មើលសិទ្ធិ​មនុស្ស​ Human Rights Watch ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ចាត់​វិធានការ​ដើម្បី​បញ្ចប់​ការ​រំលោភ​របស់​នគរបាល​ទៅ​លើ​នារី​រក​ស៊ី​ផ្លូវ​ភេទ។​ របាយការណ៍​ថ្មី​មួយ​រៀប​រៀង​ដោយ​អង្គការ​នេះ​បាន​រក​ឃើញ​ថា​ ស្រី​ពេស្យា​នៅ​កម្ពុជា​ទទួល​រង​ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត​ ឃុំខ្លួន​ខុស​ច្បាប់​ ការ​វាយ​ដំ​ និង​ការ​រំលោភ​ដោយ​អាជ្ញាធរ។

អង្គការ​សិទ្ធិមនុស្ស​ឲ្យ​ដឹង​ថា​ ការ​ស្រាវជ្រាវ​របស់​ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​សម្ភាស​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ចំនួន​ ៩០​នាក់​ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ ហើយ​លាត​ត្រដាង​បញ្ហា​ដែល​ធ្ងន់ធ្ងរ​នៅ​រាជធានី​ភ្នំពេញ។

អេលែន​ ភាសាន់​ (Elaine​ Pearson)​ ​ជា​ប្រធាន​ស្តីទី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human​ Rights​ Watch​ ប្រចាំ​ទ្វីប​អាស៊ី។​ លោក​ស្រី​មាន​ប្រសាសន៍​ថា​ មាន​កត្តា​មួយ​ចំនួន​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​ និង​ការ​ឃុំឃាំង​ខុស​ច្បាប់​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ និង​ការ​បំពារ​បំពាន​ផ្សេងៗ​ទៀត​ក្រោយ​ពី​ការ​ឃុំ​ខ្លូន។​ លោក​ស្រី​ថ្លែង​ដូច្នេះ​ថា៖

«យើង​រក​ឃើញ​ថា​ ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០០៨​ រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​បំពាន​នេះ​ ពី​ព្រោះ​វា​អាច​ផ្តល់​លេស​ដើម្បី​ចាប់​ខ្លួន​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ។​ ប៉ុន្តែ​យើង​រកឃើញ​ថា​ វា​ក៏អាច​កើត​ឡើង​ដោយ​សារ​អភិបាល​ខេត្ត​ក្រុង​បញ្ជា​ឲ្យ​បង្ក្រាប​អំពើ​អបាយមុខ​ និង​ពេស្យាកម្ម​ ដែល​ជា​កិច្ច​ខិត​ខំប្រឹង​ប្រែងយូរៗ​ម្តង​ ដើម្បី​សម្អាត​ផ្លូវ​ និង​ថែរក្សា​សណ្តាប់​ធ្នាប់​សង្គម​ផង​ដែរ»។

លោក​ស្រី​ ភាសាន់​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរ​តែ​លប់​ចោល​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ដែល​ក្រុម​នគរបាល​ប្រើ​ប្រាស់​ដើម្បី​ចាប់​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ។

អង្គការ​ Human​ Rights​ Watch ​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ត្រូវតែ​ចែក​ឲ្យ​ដាច់​រវាង​អ្នក​រកស៊ី​ផ្លូវ​ភេទ​ និង​ជន​រងគ្រោះ​នៃ​ការ​ជួ​ញ​ដូរ​មនុស្ស។

អង្គ​ការ​នេះ​ក៏​ចង់​ឲ្យ​មាន​ការ​បិទមជ្ឈមណ្ឌល​ឃុំឃាំង​ទាំង​ឡាយ​ ជាទី​ដែល​ការ​រំលោភ​បំពាន​បាន​កើត​ឡើង​ដែរ។​ អង្គ​ការ​នេះ​ក៏​ឲ្យដឹង​ទៀត​ថា​ ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ អាច​មាន​ស្ថាន​ភាព​ប្រសើរ​ជាង​នេះ​ប្រសិន​បើ​ត្រូវ​បាន​ឃុំ​ទុក​នៅ​ក្នុង​ទី​កន្លែង​ដែល​ចាត់​ចែង​ដោយ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ ដែល​អង្គ​ការនេះ​យល់​ថា​ មាន​ការ​ចាត់​ចែង​បាន​ប្រសើរ​ជាង​កន្លែង​ដែល​គ្រប់​គ្រង​ដោយ​ក្រសួង​សង្គមកិច្ច។​ លោក​ស្រី​ភាសាន់​ថ្លែង​ថា៖

«យើង​យល់​ថា​ ស្រី្ត​រក​ស៊ី​ផ្លូវ​ភេទ​មិន​គួរ​ត្រូវបាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ឃុំឃាំង​ ជា​ទី​ដែល​គេ​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដោយ​អំពើ​ហឹង្សា​ និង​ការ​បំពារ​បំពាន​ផ្សេងៗនោះ​ទេ។​ ហើយ​ពិត​ណាស់​ថា​ មជ្ឈមណ្ឌល​ទាំង​នោះ​មិន​បាន​ដើរ​តួនាទី​ផ្តល់​ការ​កសាង​ខ្លួន​ឡើង​វិញ​ទាល់​តែសោះ​ដល់​ស្រ្តី​ទាំង​នេះ។​ មាន​មធ្យោបាយ​ផ្សេងៗ​ទៀត​ជា​ច្រើន​ក្នុង​ការ​ផ្តល់​សេវា​ឲ្យ​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ និង​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​ដែល​មាន​លទ្ធភាព​ក្នុង​ការ​ផ្តល់​ជំនួយ។​ ដូច្នេះ​យើង​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ ឲ្យ​ធ្វើ​ការ​ជាមួយ​នឹង​អង្គការ​ទាំង​នោះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ»។

អង្គការ​ Human​ Rights​ Watch​ ក៏​ចង់​ឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ​មួយ​ចំពោះ​ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភដោយ​មន្រ្តី​នគរបាល​ និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។​ លោក​ស្រី​ ភាសាន់​ មានប្រសាសន៍​ថា​ ប្រទេស​ផ្តល់​ជំនួយ​ ដែល​បាន​ផ្តល់​ថវិកា​ដើម្បី​ប្រយុទ្ធ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ និង​បង្ហាត់​នគរបាល​ ក៏​ត្រូវ​តែ​ចូល​រួម​ដើរតួនាទី​របស់​ខ្លួន​ដែរ។​ លោក​ស្រី​បន្ត​ថា៖

«ដូច្នេះ​ យើង​សូម​អំពាវនាវ​ដល់​ប្រទេស​ផ្តល់​ជំនួយ​ទាំង​ឡាយ​ឱ្យ​គាំទ្រ​អនុសាសន៍​ទាំង​នេះ​ ហើយ​ពិនិត្យ​ឡើង​វិញ​នូវ​ជំនួយ​ថវិកា​របស់​ខ្លួន​ទៅ​ឲ្យ​ក្រសួង​សង្គមកិច្ច​ និង​នគរបាល​ រហូត​ដល់​មានកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​គេ​ក្នុង​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បំពារ​បំពាន​ទាំងនេះ​ និង​មាន​ការ​បិទ​មជ្ឈមណ្ឌល​ឃុំ​ឃាំង»។

រដ្ឋាភិបាល​បដិសេធ​ថា​ ខ្លួន​មិន​បាន​ផ្តោត​ទៅលើ​ករណី​ស្រ្តីរក​ស៊ី​ផ្លូវ​ភេទ ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ទេ​ ហើយ​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​នៃ​ការ​រំលោភ​បំពាន​ ដែល​ត្រូវ​បាន​ប្តឹង​មក​ខ្លួន។

លោកស្រី​ ជូ​ ប៊ុនឡេង​ គឺជា​រដ្ឋលេខាធិការ​ក្រសួ​ងមហាផ្ទៃ​ ទទួល​បន្ទុក​កិច្ច​ការ​ប្រយុទ្ធ​នឹង​ការ​ជួញដូរ​មនុស្ស។​ លោក​ស្រី​មាន​ប្រេសាសន៍​ថា​ រដ្ឋាភិបាល​ចង់​ដឹង​ការ​រំលោភ​បំពាន​បែប​នេះ​ ប៉ុន្តែ​ត្រូវ​ការឲ្យ​អ្នកប្តឹង​ប្រាប់ឈ្មោះ​អ្នក​ដែល​ថា​មាន​កំហុស​ ដើម្បី​ធានា​ដល់​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធិភាព​មួយ។

លោក​ស្រី​មាន​ប្រសាសន៍​ថា​ នគរបាល​ត្រូវ​ស្ថិត​នៅ​ក្រោម​ច្បាប់​ ហើយ​នឹង​ត្រូវ​នាំ​ទៅ​កាត់​ទោស​ ប្រសិនបើ​ការ​ចោទប្រកាន់​នៃ​ការ​រំលោភ​បំពាន​នោះមាន​ភស្តុតាង​នៅ​ចំពោះ​មុខ​តុលាការ៕

ប្រែ​សម្រួល​ដោយ​ អ៊ឹម សុធារិទ្ធ

XS
SM
MD
LG