ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) លោក Volker Turk បានសម្តែងក្តីបារម្ភយ៉ាងជ្រាលជ្រៅកាលពីថ្ងៃចន្ទចំពោះ «ការងាករេយ៉ាងខ្លាំង» នូវទិសដៅរបស់សហរដ្ឋអាមេរិកតាំងពីពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានឡើងកាន់តំណែងម្តងទៀត និងបានរិះគន់ខ្លាំងៗលើ «អំណាចដែលគ្មានការត្រួតពិនិត្យ» របស់ «ជនមួយក្តាប់តូចដែលមានអំណាចបច្ចេកវិទ្យាដែលមិនត្រូវបានជ្រើសរើសតាមការបោះឆ្នោត»។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងពេលថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Turk បានស្តីបន្ទោសខ្លាំងក្លាបំផុតលើអ្វីដែលបានបង្ហាញឲ្យឃើញនៅសហរដ្ឋអាមេរិកក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
លោក Turk បាននិយាយថា៖ «យើងទទួលបានការគាំទ្រពីបក្សទាំងពីរនៅសហរដ្ឋអាមេរិកលើបញ្ហាសិទ្ធិមនុស្សអស់ជាច្រើនទសវត្សរ៍មកហើយ។ ឥឡូវនេះ ខ្ញុំបារម្ភយ៉ាងខ្លាំងអំពីការងាករេយ៉ាងខ្លាំងនូវទិសដៅ [របស់អាមេរិក] ដែលកំពុងកើតឡើងនៅក្នុងប្រទេសនិងអន្តរជាតិ»។
ដោយមិននិយាយចំឈ្មោះលោក Trump លោក Turk បានរិះគន់ខ្លាំងៗថា «គោលនយោបាយដែលមានបំណងការពារមនុស្សពីការរើសអើងឥឡូវនេះត្រូវបានចាត់ទុកថាជាការរើសអើងទៅវិញ»។
លោក Turk បាននិយាយទៀតថា៖ «ការរីកចម្រើនផ្នែកសមភាពយនឌ័របានបកក្រោយវិញ។ព័ត៌មានប្រឌិត ការសម្លុត ការគំរាម ជាពិសេសលើអ្នកកាសែតនិងមន្ត្រីសាធារណៈ ប្រឈមនឹងហានិភ័យនៃការធ្វើឲ្យចុះខ្សោយដល់ការងារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងដំណើរការរបស់ស្ថាប័ន»។
ដោយមិននិយាយចំឈ្មោះលោក Elon Musk ដែលជាប្រធានកាត់ចំណាយដែលតែងតាំងដោយលោក Trump លោក Turk ក៏បានសម្តែងក្តីបារម្ភកាលពីថ្ងៃចន្ទផងដែរចំពោះឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ «ជនមួយក្តាប់តូចដែលមានអំណាចបច្ចេកវិទ្យាដែលមិនត្រូវបានជ្រើសរើសតាមការបោះឆ្នោត» ដែលមានទិន្នន័យរបស់ប្រជាជនអាមេរិកនៅក្នុងដៃ។
លោក Turk បានសង្កត់ធ្ងន់ថា៖ «ទម្រង់នៃអំណាចណាដែលគ្មានការត្រួតពិនិត្យអាចឈានទៅដល់ការគាបសង្កត់ ការជិះជាន់ និងភាពផ្ដាច់ការ ដែលជាលក្ខណៈរបស់ជនអត្តាធិបតេយ្យ»៕
វេទិកាបញ្ចេញមតិ