ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាប់ខ្លួន​ជន​ចំណាកស្រុក​នៅ​ព្រំដែន​អាមេរិក-ម៉ិកស៊ិក​មាន​ចំនួន​ជិត​ទាប​បំផុត​ក្នុង​ខែ​កុម្ភៈ


ទាហាន​ឆ្មាំ​ជាតិ​ដើរ​នៅ​ថ្ងៃ​ដែល​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​រៀបចំ​ពិធី​មួយ​ដើម្បី​ជ្រើស​រើស​ឆ្មាំ​ជាតិ​តិចសាស់ ដើម្បី​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លេខ៨ នៅ​ជិត​ព្រំដែន​អាមេរិក-ម៉ិកស៊ិក ក្នុង​ក្រុង El Paso រដ្ឋ Texas កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ទាហាន​ឆ្មាំ​ជាតិ​ដើរ​នៅ​ថ្ងៃ​ដែល​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​រៀបចំ​ពិធី​មួយ​ដើម្បី​ជ្រើស​រើស​ឆ្មាំ​ជាតិ​តិចសាស់ ដើម្បី​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លេខ៨ នៅ​ជិត​ព្រំដែន​អាមេរិក-ម៉ិកស៊ិក ក្នុង​ក្រុង El Paso រដ្ឋ Texas កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ជន​ចំណាកស្រុក​ដែល​ត្រូវបាន​ចាប់ខ្លួន​ពេល​ឆ្លងដែន​ខុសច្បាប់​ពី​ម៉ិកស៊ិក​ចូល​អាមេរិក​ក្នុង​ខែ​កុម្ភៈ​មាន​ចំនួន​ស្មើ​ឬ​ជិត​ស្មើ​នឹង​ចំនួន​តិច​បំផុត​ប្រចាំ​ខែ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​អ្នក​នាំពាក្យ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​និង​ប្រភព​ពីរ​ផ្សេង​ទៀត។

ទីភ្នាក់ងារ​ល្បាត​ព្រំដែន​អាមេរិក​បាន​ចាប់ខ្លួន​ជន​ចំណាកស្រុក​ប្រមាណ ៨.៥០០ នាក់​នៅ​តាម​ព្រំដែន​ក្នុង​ខែ​កុម្ភៈ។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​អ្នកស្រី Tricia McLaughlin។ ប្រភព​ពីរ​ទៀត​ថា​ចំនួន​ជន​ចំណាកស្រុក​ដែល​ត្រូវបាន​ចាប់ខ្លួន​សរុប​ក្នុង​មួយ​ខែ​នេះ​ស្មើ​ឬ​ជិត​ស្មើ​នឹង​ចំនួន​ទាប​បំផុត។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​កម្លា​រារាំង​អន្តោប្រវេសន៍​ខុសច្បាប់ ក្រោយពី​លោក​បាន​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​មក។ លោក​បាន​និយាយ​ថា​ការ​បង្ក្រាប​គឺ​ចាំបាច់​បន្ទាប់ពី​មាន​ការ​ធ្វើ​ចំណាកស្រុក​យ៉ាងច្រើន​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី Joe Biden។

វិធានការ​របស់​លោក Trump រួម​មាន​ទាំង​ការ​អនុវត្ត​បម្រាម​លើ​ការ​ស្នើសុំ​សិទ្ធិ​ជ្រកកោន​នៅ​តាម​ព្រំដែន​និង​ការ​បង្កើន​ចំនួន​កងទ័ព​ដើម្បី​ជួយ​ខាង​សន្តិសុខ​ព្រំដែន​ផងដែរ។

សហជីព American Civil Liberties បាន​ប្តឹង​រដ្ឋបាល​លោក Trump ដោយសារ​បម្រាម​នេះ​កាលពី​ដើម​ខែ​កុម្ភៈ ដោយ​លើកឡើង​ថា​បម្រាម​នេះ​បាន​រំលោភ​ច្បាប់​សុំ​សិទ្ធិ​ជ្រកកោន​របស់​អាមេរិក​និង​សន្ធិសញ្ញា​អន្តរជាតិ​នានា។

រដ្ឋបាល​លោក Trump ក៏​បាន​ចុះ​កិច្ច​ព្រមព្រៀង​ថ្មី​ជាមួយ​ម៉ិកស៊ិក​និង​ប្រទេស​នានា​ក្នុង​តំបន់​អាមេរិក​កណ្តាល​ផងដែរ​ដើម្បី​ឲ្យ​ប្រទេស​ទាំងនោះ​ទទួល​យក​ជន​ដែល​អាមេរិក​បណ្តេញ​ចេញ​ដែល​មកពី​ប្រទេស​ផ្សេង ហើយ​អាមេរិក​បាន​បញ្ជូន​ជន​ចំណាកស្រុក​ខ្លះ​ទៅ​ជំរំ​មួយ​នៅ​ឆក​សមុទ្រ Guantanamo ក្នុង​ប្រទេស​គុយបា​រួចហើយ៕

XS
SM
MD
LG