របាយការណ៍មួយរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែឧសភាបានបង្ហាញថា ការជួញដូររុក្ខជាតិនិងសត្វព្រៃខុសច្បាប់នៅតែបន្តមានឥតឈប់ឈរ ហើយវាសំខាន់ដែលរដ្ឋាភិបាលនានាត្រូវផ្ដោតលើប្រភេទរុក្ខជាតិនិងសត្វព្រៃផ្សេងទៀតក្រៅពីប្រភេទសត្វ «លេចធ្លោ» ដូចជាដំរីជាដើម ដែលការបង្ក្រាបលើការជួញដូរទាំងនេះមានភាពប្រសើរជាងមុនរួចហើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះបីជាការបង្ក្រាបលើការជួញដូររុក្ខជាតិនិងសត្វព្រៃខុសច្បាប់ដែលត្រូវបានរាយការណ៍នៅក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ មានចំនួនប្រហែលពាក់កណ្ដាលនៃការរាយការណ៍កាលពីលើកមុនៗក៏ដោយ ក៏វាអាចបណ្ដាលមកពីការបង្អាក់ដែលពាក់ព័ន្ធនឹងវិធានការដាក់កំហិតជំងឺកូវីដ១៩ ជាជាងការធ្លាក់ចុះនៃការជួញដូរជាក់ស្ដែង។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ស្ដីពីឧក្រិដ្ឋកម្មសត្វព្រៃនៅលើពិភពលោក។
ការសិក្សាស្រាវជ្រាវនេះត្រូវបានចេញផ្សាយរៀងរាល់ ៤ ឆ្នាំម្ដង ហើយឆ្នាំ ២០២០ ទៅ ២០២១ គឺជាឆ្នាំចុងក្រោយបង្អស់ដែលមានទិន្នន័យអំពីការជួញដូរនេះ។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្មបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយអំពីរបាយការណ៍នេះថា៖ «ការជួញដូររុក្ខជាតិនិងសត្វព្រៃជាទូទៅមិនបានថយចុះគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះទេ»។
ការិយាល័យអង្គការសហប្រជាជាតិនេះបានអំពាវនាវឱ្យមានវិធានការផ្សេងៗ ដែលក្នុងនោះរួមមានទាំងវិធានការប្រឆាំងនឹងអំពើពុករលួយផងដែរ។
របាយការណ៍នេះបានបញ្ជាក់ថា៖ «សត្វនិងរុក្ខជាតិដែលរងការគំរាមកំហែងរាប់ពាន់ប្រភេទកំពុងរងគ្រោះដោយសារការជួញដូរ ដែលមួយចំនួនតូចក្នុងចំណោមនោះដូចជាដំរី ខ្លា និងរមាសជាដើមបានធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងខាងគោលនយោបាយ»។
របាយការណ៍នេះបានបន្ថែមថា ឧក្រិដ្ឋកម្មរុក្ខជាតិនិងសត្វព្រៃ «ដូចជាការប្រមូលយកដោយខុសច្បាប់នូវរុក្ខជាតិប្រភេទប្រទាលនិងផ្កាអ័រគីដេកម្រជាដើម» ហើយនឹងការជួញដូរឧរង្គសត្វ ត្រី បក្សី និងថនិកសត្វជាច្រើនប្រភេទ បានដើរតួនាទីសំខាន់នៅក្នុងការធ្វើឱ្យរុក្ខជាតិនិងសត្វព្រៃទាំងនោះផុតពូជទាំងក្នុងស្រុកនិងលើពិភពលោក។
នៅរវាងឆ្នាំ ២០១៥ និងឆ្នាំ ២០២១ ការរឹបអូសយកបាននូវរុក្ខជាតិនិងសត្វព្រៃចំនួន ១៣ លានបានបង្ហាញឱ្យឃើញនូវការជួញដូរខុសច្បាប់លើរុក្ខជាតិនិងសត្វព្រៃប្រហែល ៤.០០០ ប្រភេទនៅក្នុងប្រទេសនិងដែនដីចំនួន ១៦២។ នេះបើយោងតាមរបាយការណ៍នេះ។
ប្រភេទរុក្ខជាតិនិងសត្វព្រៃដែលត្រូវជួញដូរច្រើនបំផុតគឺផ្កាថ្មចំនួន ១៦% ក្រពើ ៩% និងដំរី ៦%។
របាយការណ៍នេះបានបញ្ជាក់ថា ផ្នែកដ៏ល្អកម្រមួយគឺកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរភ្លុកដំរីនិងកុយរមាស ដោយគេឃើញមានការថយចុះនូវការលួចបរបាញ់ កម្រិតនៃការរឹបអូសបាននូវវត្ថុទាំងនេះ និងតម្លៃនៃវត្ថុទាំងនេះនៅលើទីផ្សារក្នុងពេលមួយទសវត្សរ៍កន្លងមកនេះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ