កំពុងឈរនៅលើបរិវេណកំពូលវត្តភ្នំ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ស្រ្តីម្នាក់កាន់សត្វចាបមួយគូកៀកនឹងមាត់ ហើយធ្វើការបន់ស្រន់។ បន្ទាប់មក ស្រី្តរូបនោះបានបើកដៃហើយលែងចាបទាំងនោះ ហើយចាបមួយគូនោះ ក៏ចាប់ផ្តើមហើរចេញទៅ។
ដូចមនុស្សរាប់រយនាក់ផ្សេងទៀតនាថ្ងៃនោះដែរ ស្រ្តីម្នាក់នោះបានធ្វើការបន់ស្រន់ «លែងសត្វ» ដែលតម្រូវឱ្យមានការលែងសត្វជាប់ទ្រុងដើម្បីសុំសេចក្តីសុខ និងរំដោះគ្រោះចង្រៃ។ សត្វចាបមួយគូដែលត្រូវបានព្រលែង មួយក្បាលបានហើរចូលទៅតាមដងផ្លូវក្រុងភ្នំពេញ ប៉ុន្តែចាបមួយក្បាលទៀតបានហើរទៅឆ្វេង ធ្លាក់មកដីវិញ ទាំងនៅមានដង្ហើម ប៉ុន្តែលែងកម្រើកតទៅទៀត។
ដោយមិនបានងាកមកមើល ស្រ្តីរូបនោះបានបែរខ្នង ហើយចាកចេញ។
ការលែងសត្វជាការអនុវត្តទូទៅក្នុងសហគមន៍អ្នកកាន់ព្រះពុទ្ធសាសនានៅទូទាំងសាកលលោក ដែលសត្វរាប់រយលានក្បាលត្រូវបានលែងជារៀងរាល់ឆ្នាំ។
នៅកម្ពុជា មនុស្ស ៩នាក់ក្នុងចំណោម ១០នាក់និយាយថា ពួកគេលែងសត្វដើម្បីសុំសេចក្តីសុខ ។ ប៉ុន្តែ ការលែងសត្វក្នុងបំណងសុំសេចក្តីសុខ ពិតណាស់មានសត្វជាច្រើនទទួលរងគ្រោះ។
ដោយសារមានតម្រូវការនៃការលែងសត្វ ធ្វើឲ្យមនុស្សចាប់សត្វទាំងនោះ ដែលត្រូវបានអ្នកកាន់លទ្ធិតាវដែលអនុវត្តការលែងសត្វសុំសេចក្តីសុខ មុនអ្នកកាន់ព្រះពុទ្ធសាសនាប្រតិបត្តិ ។
នៅក្នុងកំណត់ត្រា Liezi ដែលជាសំណេរបុរាណចិនអំឡុងសតវត្សរ៍ទី៣ មន្រ្តីជាន់ខ្ពស់ម្នាក់ «មានក្តីរីករាយ» ក្នុងការទទួលបានសត្វលលកដើម្បីលែងនៅថ្ងៃចូលឆ្នាំថ្មី ជាការបង្ហាញពីក្តីសន្តោសប្រណី។ ប៉ុន្តែអ្នកដំណើរម្នាក់បានលើកឡើងថា «មនុស្សដឹងថា មានអ្នកចង់លែងសត្វលលក ដូច្នេះពួកគេបានប្រជែងគ្នាចាប់សត្វលលកទាំងនោះ ហើយសត្វលលកមួយចំនួនបានងាប់ដោយសាររឿងនេះ»។
អ្នកស្រី Kit Magellan ដែលដឹកនាំការសិក្សាពីការបន់ស្រន់ដោយការព្រលែងសត្វកាលពីឆ្នាំ ២០១៩នៅកម្ពុជា និងវៀតណាម បានរំឭកពីការឃើញមនុស្សផ្កាប់ផ្ងារអង្រុន ទ្រុងដើម្បី «លែង» សត្វចាបដែលជាប់ក្នុងទ្រុងចុងក្រោយគេ។
អ្នកស្រីថ្លែងថា៖ «នៅទីបំផុត ចាបនោះបានហើរចេញពីទ្រុង ប៉ុន្តែបានធ្លាក់មកដីវិញ ប្រមាណមួយម៉ែត្រពីទីនោះ។ មនុស្សម្នាបានឃើញដូច្នេះ ហើយសើច»។
នៅកន្លែងផ្សេងទៀតក្នុងទីក្រុង ដែលមានវាលស្មៅមួយចន្លោះអាគារនិងសួនបន្លែ លោក ជឿន លៀង (ឈ្មោះបានផ្លាស់ប្តូរ) បានដាក់អន្ទាក់ចាប់ចាប។ លោកបានទាញសំណាញ់ចន្លោះបង្គោលឬស្សី ដោយសំណាញ់ម្ខាងចងភ្ជាប់នឹងបន្ទះដែកដាប់ជាប់នឹងដី ហើយបានត្រឡប់ទៅអង្គុយចាំមើលចម្ងាយពីរបីម៉ែត្រពីនោះ។
នៅក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ចាបពូក ចាបស្រុក និងចាបចង្រ្កង់ បានហើរទៅហើរមកចន្លោះអន្ទាក់និងដើមឈើក្បែរនោះ។ បន្ទាប់មក បង្គោលឬស្សីបានបត់ត្រឡប់ចូលក្នុង ហើយសត្វទាំងនោះបានជាប់ក្នុងសំណាញ់។
លោក ជឿន លៀង និយាយក្នុងសម្តីដើមថា៖ «កាលពីថ្ងៃមុន ខ្ញុំលក់ចាបបាន ៤០០ក្បាល ទៅឱ្យអ្នកទិញបោះដុំជិតផ្ទះខ្ញុំក្នុងតម្លៃ មួយក្បាល ១៥០០ រៀល ។ ថ្ងៃសីលគឺ ចំថ្ងៃពុធ។ តម្រូវការទិញចាបដើម្បីលែងកើនឡើងនៅជិតថ្ងៃសីល នៅពេលមនុស្សម្នានាំគ្នាមកបន់ស្រន់។
លោកបន្តថា «ខ្ញុំលក់ចាបរាល់ថ្ងៃ និងអាចរកប្រាក់ចំណូលបានជាមធ្យមពី ២សែន រៀល ទៅ ២៥ម៉ឺនរៀលក្នុងមួយថ្ងៃ»។
លោក ជឿន លៀង លើកឡើងថា ប្រសិនបើលោកធ្វើការជាអ្នកបើកម៉ូតូកង់បីឥណ្ឌា លោកអាចរកចំណូលបានតែ ១៥ដុល្លារ បន្ទាប់ពីផាត់ចំណាយលើសាំងរួច ។ លោកបានចោទសួរថា៖ «តើ៦ម៉ឺនរៀលចាយអ្វីគ្រាន់? គ្រាន់តែទិញអង្ករ ទឹក និងចំណាយកូនទៅរៀន មិនគ្រប់ផង»។
ការចាប់ចាបនៅជុំវិញក្រុងភ្នំពេញនិងជារឿយៗនៅតាមទីវាលខាងក្រៅឆ្ងាយពីទីក្រុង អ្នកចាប់ចាបដូចលោក ជឿន លៀង ជាដើមជាអ្នកធានាផ្គត់ផ្គង់ចាបជាប្រចាំទៅដល់អ្នកលក់។
យាយម៉ៅ (ឈ្មោះត្រូវបានផ្លាស់ប្តូរ) បានរស់នៅតាមដងផ្លូវនិងប្រមូលអេតចាយដើម្បីលក់ មុនពេលគាត់ចាប់ផ្តើមលក់ចាបនៅម្តុំមាត់ទន្លេក្នុងរាជធានីភ្នំពេញ ជាទីតាំងមួយទៀតដែលគេនិយមទិញចាបដើម្បីលែង។
នៅថ្ងៃធម្មតា យាយម៉ៅវ័យ ៦២ឆ្នាំ និយាយថា គាត់រកចំណូលបានប្រមាណ៤ម៉ឺន រៀល ដែលប្រហាក់ប្រហែលនឹងប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ប៉ុន្តែដូចលោក ជឿន លៀង ប្រាក់ចំណូលមួយភាគធំរបស់គាត់គឺរកបាននៅថ្ងៃសីល នៅពេលចាបមួយគូមានតម្លៃរហូតដល់មួយម៉ឺនរៀល (២.៥០ដុល្លារ) ដែលស្មើនឹងពីរដងនៃថ្លៃដើមដែលអ្នកស្រីបានទិញ ។ យាយម៉ៅនិយាយថា គាត់អាចលក់ចាបបានរហូតដល់ទៅ ១០០គូ នៅថ្ងៃសីល។
អ្នកលក់ចាបតែងតែលើកឡើងថា ពួកគេមើលថែសត្វចាបបានល្អ ដោយឱ្យចំណី សម្អាតទ្រុង ហើយពេលខ្លះដាក់បាយទឹកឱ្យចាបទាំងនោះ។ បើទោះបីជាដូច្នេះក្តី សត្វចាបទាំងនោះត្រូវប្រឈមនឹងសំឡេង និងការលើកដាក់ចុះឡើងធ្ងន់ៗ រហូតដល់ល្ងាច។
ទ្រុងខ្លះគឺមិនត្រូវបានគ្របនោះទេ សូម្បីតែនៅពេលថ្ងៃត្រង់។ ហើយចាបដែលមិនលក់ដាច់ត្រូវបានដឹកតាមម៉ូតូកាត់ចរាចរណ៍ដ៏មមាញឹកទៅវិញពេលល្ងាច ហើយដឹកយកមកលក់វិញនៅពេលព្រឹក។
នៅពេលព្រឹកមួយ អំឡុងពេលឈ្លោះគ្នាជាមួយអ្នកទិញ អ្នកលក់ម្នាក់បានចោលទ្រុងពេញដោយសត្វចាបទៅនឹងដី។ ពិតណាស់ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលចាបដាក់លក់មានស្ថានភាពទន់ខ្សោយ ដោយចាបមួយចំនួនឈឺ ឬរបួស។ យាយម៉ៅនិយាយថា គាត់ឃើញចាបបួនទៅប្រាំមួយក្បាលងាប់ជារៀងរាល់ថ្ងៃ ហើយអ្នកលក់លាក់ចាបងាប់ទាំងនោះ ដើម្បីកុំឱ្យអ្នកទិញឃើញ។
អ្វីដូចនេះអាចត្រូវបានឃើញច្បាស់អំឡុងពេលបុណ្យវិសាខបូជា ជាថ្ងៃដែលព្រះពុទ្ធត្រាស់ដឹង និងចូលនិព្វាន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃពេញបូណ៌មី នៅដើមខែឧសភា។ ថ្ងៃបុណ្យនេះគឺជាថ្ងៃដែលគេនិយមលែងសត្វនៅកម្ពុជា។
អ្នកមានជំនឿបានសម្រុកទៅអាស្រមព្រះអង្គដងកើ នៅមាត់ទន្លេ ជាទីដែលពួកគេបានទិញ និងលែងសត្វចាបជាច្រើននៅពេលល្ងាច។ សត្វចាបខ្លះហត់ពេលជាប់ក្នុងទ្រុង ហើយមិនអាចហើរចេញ។ ចាបភាគច្រើនក៏បានទុំនៅលើដីវិញ។
ដោយប្រើដំបងវែងប៊ៀកនឹងកាវ អ្នកលក់បានចាប់សត្វចាបទាំងនោះ ខណៈកុមារតូចៗដើរស្វែងរកចាបគ្រប់កន្លែង និងចាប់កាន់ចាបដោយដៃ។ សត្វចាបត្រូវបានចាប់ដាក់ក្នុងទ្រុងសារជាថ្មី ហើយត្រៀមដាក់លក់សម្រាប់ការលែងសត្វម្តងទៀតដើម្បីសុំសេចក្តីសុខ ។
សត្វចាបរាប់រយ ឬអាចដល់រាប់ពាន់ក្បាល ត្រូវបានចាប់ហើយលែង ម្តងហើយម្តងទៀតរហូតដល់ងាប់ ។
អ្នកស្រាវជ្រាវនៅចិនបានព្យាយាមប៉ាន់ប្រមាណចំនួនសត្វចាបដែលអាចនៅរស់ បន្ទាប់ពីត្រូវបានលែង ហើយសន្និដ្ឋានថា អត្រាងាប់មានជាអប្បបរមាពី ៥០ទៅ ៩០ភាគរយ។
អ្នកស្រី Christel Griffioen ដែលជានាយិកាជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលជាអង្គការអភិរក្សធម្មជាតិនិងសត្វព្រៃជិតក្រុងសៀមរាប បានឆ្លើយតបក្នុងសារអ៊ីម៉ែលថា៖ «សត្វភាគច្រើនដែលត្រូវបានចាប់សម្រាប់លែងសុំសេចក្តីសុខ បានងាប់អំឡុងពេលដឹក ឬភ្លាមៗបន្ទាប់ពីត្រូវបានលែង។ ការធ្វើដូចនេះគឺ ប៉ះពាល់ដល់បរិស្ថាន ហើយបង្កជារឿងអាក្រក់ច្រើនជាងរឿងល្អ»។
អ្នកស្រី Magellan ប៉ាន់ប្រមាណថា សត្វចាបយ៉ាងហោចណាស់ ៣លានក្បាលត្រូវបាន «ចាប់ហើយលែង» ជារៀងរាល់ឆ្នាំនៅកម្ពុជា ខណៈត្រីនិងអណ្តើកក៏ជាប្រភេទសត្វដែលគេនិយមលែងផងដែរ។ អ្នកស្រីបន្តថា សរុបមក «សត្វប្រមាណ ១០លានក្បាលត្រូវបានចាប់ហើយលែងនៅកម្ពុជាជារៀងរាល់ឆ្នាំ។ នេះជាការប៉ាន់ប្រមាណបែបអភិរក្សមួយ ហើយតួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះ»។
នៅវៀតណាម ជាទីដែលការលែងសត្វក៏ជាការពេញនិយមផងដែរ អ្នកស្រី Magellan រកឃើញថា ចំនួនគឺមានច្រើនជាងនេះ ដែលមានសត្វជាង ១៣០លានក្បាលត្រូវបានចាប់ដើម្បីលែងក្នុងមួយឆ្នាំ ហើយមួយភាគបីគឺ សត្វស្លាប។ តួលេខនេះគឺ គ្រាន់តែមួយភាគតូចប៉ុណ្ណោះនៃចំនួនសរុបនៅលើសាកលលោក។ នៅតៃវ៉ាន់ ការសិក្សាកាលពីឆ្នាំ ២០០៩ រកឃើញថា ពលរដ្ឋនៅទីនោះបានចំណាយជាង ៦លានដុល្លារ ដើម្បីលែងសត្វជាង ២០០លានក្បាលជារៀងរាល់ឆ្នាំ។
នៅតំបន់អាស៊ីអាគ្នេយ៍ អ្នកជំនាញបក្សីសាស្រ្តបានឃើញការធ្លាក់ចុះនៃពពួកសត្វស្លាបមួយចំនួន ដែលត្រូវបានចាប់ដើម្បីយកមកធ្វើការបន់ស្រន់ព្រលែង។
សត្វចាបប្រភេទ ចាបពូកលឿង គឺជាសត្វចាបតូចឈ្មោល ដែលមានរោមពណ៌លឿង។ យោងតាមការសិក្សាមួយដែលធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០០០ ប្រភេទចាបពូកលឿងនេះ ត្រូវបានចាប់ជាញឹកញយដើម្បីព្រលែងសុំសេចក្តីសុខនៅ ក្នុងទីក្រុងភ្នំពេញ ដែលចំនួននៃការចាប់ព្រលែងនេះបង្ហាញពីបរិមាណដ៏ច្រើននៃចំនួនចាបប្រភេទនេះជាសាកល។
ដោយធ្វើសំបុកជាហ្វូងនៅតាមតំបន់ដែលមានការដាំស្រូវ សត្វចាបប្រភេទនេះតែងងាយត្រូវចាប់ដោយអ្នកចាប់ចាបដើម្បីលក់ចំពោះការលែងសុំសេចក្តីសុខ ។
លោក Frédéric Goes អ្នកជំនាញបក្សីសាស្រ្តនិងអ្នកនិពន្ធសៀវភៅ The Birds of Cambodia: An Annotated Checklist (2014) បានរកឃើញថា ចំនួនសត្វចាបប្រភេទ ចាបពូកលឿង «បានធ្លាក់ចុះយ៉ាងខ្លាំងកន្លងទៅ» និងបានព្រមានថា «ការជួញដូរសត្វចាបសម្រាប់ការលែងសុំសេចក្តីសុខ បង្កជាការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វចាបប្រភេទនេះនៅកម្ពុជា»។
សត្វចាបប្រភេទចាបពូកលឿង ត្រូវបានចុះបញ្ជីជាប្រភេទសត្វជិតផុតពូជរបស់សាកលលោក។ ខណៈចាបពូកផ្សេងទៀត ត្រូវបានចាត់ទុកជាសត្វជិតផុតពូជ ក្នុងប្រទេសកម្ពុជា ។ ចំនួនសត្វចាបដ៏ច្រើនប្រភេទនេះ នៅតែត្រូវបានចាប់ហើយលែង ដើម្បីសុំសេចក្តីសុខ ។
សត្វចាបប្រភេទចាបពូកលឿង មិនមែនជាប្រភេទសត្វតែមួយជិតផុតពូជនោះទេ ។ ចាបមាសដែលជាប្រភេទសត្វចាបតូចមានរោមក្រហមភ្លឺស្អាតនៅរដូវបន្តពូជ ដែលមានឈ្មោះក្នុងបទចម្រៀងដ៏ល្បីល្បាញរបស់អធិរាជសំឡេងមាសលោក ស៊ិន ស៊ីសាមុត គឺទំនួញចាបមាស ។ ចាបមាសត្រូវបានចាប់ហើយលែងដើម្បីសុំសេចក្តីសុខផងដែរ ទោះបីជិតផុតពូជនៅកម្ពុជាក៏ដោយ។
លោក Frédéric Goes បន្តថា សត្វចាបដែលត្រូវចាប់ដាក់នៅក្នុងទ្រុងមានចំនួនខ្ពស់ ។ «ប្រសិនបើយើងបង្កើតតារាងក្រហមប្រភេទសត្វជិតពូជសម្រាប់កម្ពុជា ឋានៈនៃការអភិរក្សប្រភេទសត្វនេះគឺប្រហែលនឹងជិតផុតពូជបំផុត»។
នៅក្រុងសៀមរាប អ្នកលក់ក៏មានលក់សត្វច្រើនប្រភេទ ដើម្បីយកមកលែងសុំសេចក្តីសុខ ដែលគេមិនសូវឃើញមានលក់នៅក្រុងភ្នំពេញ ។
អ្នកទិញអាចទិញសត្វផ្សេងៗដើម្បីលែងដូចជា សារិកាកែវក្របី សត្វកញ្ចៀច គ្រលីងគ្រលោង អណ្តើកស្រែ និងសូម្បីតែប្រភេទសត្វក្រៅស្រុកដូចជា កន្ធាយចិនចិញ្ចឹម សត្វសេក និងសត្វលលកដែលចិញ្ចឹមក្រៅស្រុក ដើម្បីលក់និងរក្សាទុកជាសត្វចិញ្ចឹមផងដែរ។
អ្នកស្រី Magellan រំពឹងថា ការលែងសត្វដែលមិនមានប្រភពដើមនៅក្នុងតំបន់នឹងកើនឡើងទៅតាមស្ថានភាពសេដ្ឋកិច្ច។ អ្នកស្រីថ្លែងថា៖ «នៅពេលមនុស្សមានលុយច្រើនជាងមុន ពួកគេនឹងលែងសត្វច្រើនជាងមុន ប៉ុន្តែពួកគេក៏នឹងចាប់ហើយលែងសត្វដែលមិនមានប្រភពដើមនៅក្នុងស្រុកផងដែរ»។
ពិតណាស់ ការលែងសត្វសេកមួយគូនៅថ្ងៃសីលមានតម្លៃ៨ម៉ឺនរៀល ដែលថ្លៃជាងតម្លៃសត្វចាបមួយគូ១០ដង ។
នៅចម្ងាយពីរបីគីឡូម៉ែត្រ ប្រាសាទអង្គរវត្តបានរំលេចរូបនៅក្នុងស្រះ ដែលជាកន្លែងអ្នកទេសចរណ៍និយមមកមើលថ្ងៃរះ និងជាទីដែលគេឃើញមានសត្វអណ្តើកវារតាមវាលស្មៅ។
ដោយមានឆ្នូតពណ៌ក្រហមលើក្បាល អណ្តើកត្រចៀកក្រហម មានប្រភពដើមនៅតំបន់កណ្តាលភាគខាងលិចសហរដ្ឋអាមេរិក។ ហើយដោយសារតែការនាំចេញរាប់ទសវត្សរ៍ដោយកសិដ្ឋាននៅអាមេរិក សត្វអណ្តើកប្រភេទនេះបានក្លាយជាអណ្តើកសម្រាប់យកមកធ្វើជាសត្វចិញ្ចឹមដ៏មានប្រជាប្រិយភាពលើសាកលលោក ។
ដោយអាចរកបាននៅតាមហាងលក់សត្វចិញ្ចឹម អណ្តើកប្រភេទនេះគឺ ជាជម្រើសដ៏ពេញនិយមមួយសម្រាប់លែងដើម្បីសុំសេចក្តីសុខ ។ ប៉ុន្តែដោយត្រូវការពារខ្លួននៅក្នុងបរិយាសថ្មី អណ្តើកប្រភេទនេះអាច សម្របខ្លួនបានយ៉ាងល្អ ហើយថែមទាំងអាចយកឈ្នះទៅលើសត្វអណ្តើតក្នុងស្រុកផងដែរ ។
នៅទ្វីបអាស៊ី ពពួកសត្វអណ្តើកជាងពាក់កណ្តាលជិតផុតពូជ ។ អណ្តើកត្រចៀកក្រហមនៅតំបន់ខ្លះក្នុងទ្វីបអាស៊ី បានក្លាយជា អណ្តើកទឹកសាបច្រើនជាងគេបំផុត ដែលអណ្តើកប្រភេទនេះត្រូវបានចុះបញ្ជីក្នុងចំណោមប្រភេទសត្វទាំង១០០ប្រភេទ ដែលឈ្លានពានដ៏អាក្រក់បំផុត។
នៅកោះតៃវ៉ាន់ សត្វអណ្តើកត្រចៀកក្រហម បានក្លាយជាប្រភេទសត្វអណ្តើកទឹកសាបច្រើនជាងគេបង្អស់ទីពីរ ។ ការលែងអណ្តើកដើម្បីសុំសេចក្តីសុខ គឺជាដើមចមដែលនាំឱ្យមានសត្វអណ្តើកប្រភេទនេះឡើង ។
ងាកមកតំបន់មាត់ទន្លេក្នុងរាជធានីភ្នំពេញវិញ ស្រ្តីម្នាក់ដើរកាត់ទ្រុងសត្វចាបស្មៅមួយ ហើយសង្កេតឃើញថា សត្វចាបស្មៅមួយក្នុងនោះរងរបួស។ ដោយក្តីអាណិត ស្រ្តីរូបនេះបានទិញសត្វចាបស្មៅមួយគូ។ ងាកទៅកាន់ទន្លេ អ្នកស្រីធ្វើការបន់ស្រន់មួយស្របក់ ហើយក៏លែងចាបស្មៅទាំងនោះទៅ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំកើតឆ្នាំថោះ។ ហើយឆ្នាំនេះជាឆ្នាំថោះ អីចឹង វាមិនល្អសម្រាប់ខ្ញុំនោះទេ។ ខ្ញុំបានឮថា ព្រះអង្គដងកើនៅទីនេះ មានរឹទ្ធិអំណាច ។
អ្នកស្រីបន្តទៀតថា «ខ្ញុំចង់ព្រលែងចាបហ្នឹង ដូចថា យើងគិតថា យើងព្រលែងគ្រោះរបស់យើងចឹងដែរទៅណា»។
ព្រះសង្ឃព្រះនាម ធឹម ធា គង់នៅវត្តបទុមវត្តីក្នុងក្រុងភ្នំពេញ បានប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយការបង្រៀនព្រះពុទ្ធសាសនា ហើយ ពេលខ្លះ លើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន។ ព្រះអង្គមានអ្នកតាមដានជិត៤សែននាក់នៅលើបណ្តាញសង្គម TikTok និង Facebook ។
ព្រះសង្ឃ ធឹម ធា មានសង្ឃដីកាថា៖ «អ្នកខ្លះចង់ព្រលែងចាប ពីព្រោះពួកគេមានអារម្មណ៍អាណិតអាសូរដល់សត្វ។ ប៉ុន្តែអ្នកផ្សេងទៀត ពួកគេទិញចាបដើម្បីព្រលែងដើម្បីសុំសេចក្តីសុខផ្ទាល់ខ្លួន»។
ព្រះសង្ឃ ធឹម ធា មានសង្ឃដីកាថា៖ « មនុស្សខ្លះចង់ព្រលែងសត្វហ្នឹងដោយសេចក្តីអាណិតចេញពីចិត្តមេត្តារបស់គាត់»។
«គាត់ទិញសត្វហ្នឹងដើម្បីព្រលែង ដើម្បីខ្លួនគាត់ទេ ដើម្បីបានសេចក្តីសុខខ្លួនគាត់ទេ ឬក៏សេរីភាពខ្លួនគាត់ទេ»…ព្រះសង្ឃ ធឹម ធា មានសង្ឃដីកាបន្តទៀតថា « ឬធ្វើឱ្យការរកស៊ីរបស់ពួកគេរីកចម្រើន»។
ព្រះតេជគុណ ហាក់ សៀងហៃ ដែលជាព្រះប្រធានអង្គការពុទ្ធសាសនាដើម្បីការអប់រំកម្ពុជានៅខេត្តបាត់ដំបង មានអ្នកតាមដានយ៉ាងច្រើននៅក្នុងបណ្តាញសង្គមរបស់ព្រះអង្គ។
ព្រះតេជគុណមានសង្ឃដីកាថា នៅក្នុងព្រះពុទ្ធសាសនាចេតនានៃចិត្ត នោះគឺវាសំខាន់ណាស់នៅក្នុងច្បាប់កម្មផល ។ យើងមិនអាចធ្វើការវិនិច្ឆ័យចំពោះចិត្តគំនិត ឬ ចេតនារបស់អ្នកទិញឬអ្នកដែលលែងសត្វនោះទេ។
ព្រះតេជគុណមានសង្ឃដីកាថា អ្នកនោះមានចេតនាល្អ នៅពេលដែលពួកគេលែងសត្វ ក៏ប៉ុន្តែពួកគេក៏គួរតែចេះគិតពិចារណាផងដែរ ។ យើងតែងតែនិយាយលើកឡើងអំពីការធ្វើបុណ្យដោយបញ្ញា ការធ្វើកិច្ចការល្អផ្សេងៗ ប៉ុន្តែ គួរតែស្របតាមគំនិតដោយមានការយល់ដឹងដោយបញ្ញា ។ ជួនកាលយើងគិតថាវាជារឿងល្អ ប៉ុន្តែប្រសិនបើវាប៉ះពាល់អាក្រក់ដល់ជីវិតរបស់អ្នកដទៃឬសង្គម នោះយើងមិនគួរប្រតិបត្តិវាទេ។
ព្រះតេជគុណមានសង្ឃដីកាបន្ថែមទៀតថា «អ្នកចាប់យកសត្វនិងអ្នកលក់ គួរតែស្វែងរកមុខរបរចិញ្ចឹមជីវិតផ្សេងទៀត ។ ការជួញដូរសត្វ គឺវាមិនមែនជាមុខរបរសមរម្យ សម្រាប់អ្នកជឿលើព្រះពុទ្ធសាសនាឡើយ»។
ក្រឡេកទៅមើលសកម្មភាពផ្គត់ផ្គង់វិញលោក ជឿន លៀងក៏បានដឹងអំពីរឿងនេះដែរ។ លោកថ្លែងថា៖ « វាអាណិតគឺវាចេះតែអាណិតហើយ ប៉ុន្តែសំខាន់គឺក្រពះ ។ ប៉ុន្តែគ្រាន់តែថា យើងមិនមែនវាយវា ឬយកទៅសម្លាប់ចោលទេ គ្រាន់តែថាយើងខ្ចីខ្លួនវាដើម្បីយកទៅលក់យកលុយតែប៉ុណ្ណោះទេ»។
«ប៉ុន្តែគ្រាន់តែថា យើងបាប វាបាបហើយ ។ វាមិនមែនថា វាមិនបាបទេ ដែលយើងបំបែកបំបាក់បងប្អូនគ្រួសារគេ ។ តែសំខាន់ទីមួយគឺក្រពះហ្មង ។ អ្នកណាមិនខ្លាចបាប»?
ព្រះតេជគុណ ថូ ធូរស់ ដែលជាព្រះប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័នខេត្ត ឧត្តមានជ័យមានសង្ឃដីកាថា « អាត្មាភាព សូមបញ្ជាក់ថា ទង្វើទាំងអស់ហ្នឹង គួរតែបញ្ឈប់។ បើយើងនៅតែបន្តការទិញ ហើយយកទៅព្រលែង ហាក់ដូចជា លើកទឹកចិត្តឲ្យអ្នកដែលលក់ហ្នឹង មានសកម្មភាពយ៉ាងគឃ្លើនទៅទាក់យកសត្វហ្នឹងឯងមកលក់បន្តទៀត» ។
«សត្វស្លាបឬក៏សត្វដទៃ វាមានការបំលាស់ទីពីមួយថ្ងៃទៅមួយថ្ងៃ ។ សត្វខ្លះ រហូតដល់ទៅឆ្ងាយ អាចរាប់រយរាប់ពាន់គីឡូម៉ែត្រ ។ អ៊ីចឹងវាអត់មានការចាប់យកមកដាក់ក្នុងទ្រុងទេ»។
យ៉ាងណាក្តី ការផ្លាស់ប្តូរអាចកើតមាន ប៉ុន្តែត្រូវការពេលយូរ។
អ្នកស្រី Griffioen ថ្លែងថា៖ «ព្រះសង្ឃក្នុងពុទ្ធសាសនាសង្កត់ធ្ងន់ថា ការលែងចាបដើម្បីសុំសេចក្តីសុខគឺជាទំនៀមទម្លាប់បែបប្រពៃណីនិងមិនមែនជាការប្រតិបត្តិតាមបែបសាសនានោះទេ។ ពួកគេក៏ចង្អុលបង្ហាញដែរថា ការព្រលែងសត្វបែបនេះមិនអាចចាត់ទុកជាការអាណិតអាសូរនោះទេ ប្រសិនបើពួកគេសម្លាប់សត្វច្រើនជាជាងជួយសត្វទាំងនោះ »។
មជ្ឈមណ្ឌលអភិរក្សសត្វព្រៃ ACCBដែលមានអ្នកស្រី Griffioen ជាអ្នកដឹកនាំ បានបើកសិក្ខាសាលាជាមួយសហគមន៍សាសនាដើម្បីផ្តល់ការអប់រំស្តីពីបញ្ហាការអភិរក្ស រួមមានការលែងចាបដើម្បីសុំសេចក្តីសុខផងដែរ។
អ្នកស្រី Griffioen ថ្លែងថា៖ «សហគមន៍ពុទ្ធសាសនិកទូទាំងពិភពលោកកំពុងធ្វើការតស៊ូមតិឱ្យមានជម្រើសផ្សេងជាជាងការចាប់ដើម្បីលែងសត្វ។ ឧទាហរណ៍ជម្រើសមួយប្រកបដោយនិរន្តភាព ចំពោះការលែងសត្វដើម្បីសុំសេចក្តីសុខគឺអាចជាការបរិច្ចាគថវិការមកកាន់បណ្តាអង្គការអភិរក្សនានា ដើម្បីជួយជ្រោមជ្រែងការងារដ៏សំខាន់របស់ពួកគេ»។
អ្នកស្រីបានបន្តទៀតថា៖ «ធ្វើបែបនេះ នឹងអនុញ្ញាតឱ្យពុទ្ធសាសនិកដែលចង់លែងសត្វ បន្តរួមចំណែកនៅក្នុងការប្រតិបត្តិមួយ ដែលផ្តល់ប្រយោជន៍ដល់សត្វព្រៃនៅកម្ពុជាជាជាងធ្វើឱ្យសត្វព្រៃទាំងនោះប្រឈមនឹងហានិភ័យ»៕
អត្ថបទនិងរូបភាពទាំងនេះត្រូវបានចេញផ្សាយដំបូងនៅក្នុងទស្សនាវដ្តី Post Magazine នៃសារព័ត៌មាន South China Morning Post។
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា