របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិស្តីពីពលកម្មនិងការធ្វើចំណាកស្រុកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានបង្ហាញថា ផលចំណេញផ្នែកសេដ្ឋកិច្ចពីការធ្វើចំណាកស្រុក ជារឿយៗ ត្រូវបានគេមើលរំលង។ របាយការណ៍នេះអំពាវនាវឲ្យមានគោលនយោបាយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឲ្យកាន់តែច្រើនជាងមុន បើមិនដូច្នោះទេ វានឹងធ្វើឲ្យមានគ្រោះថ្នាក់ដោយសារតែមានវិសមភាពកាន់តែខ្ពស់ និងមានការរំលោភសិទ្ធិមនុស្សកាន់តែច្រើន។
នៅក្នុងឆ្នាំ២០១៣ នៅទូទាំងពិភពលោក មានជនចំណាកស្រុកជាង២១៣លាននាក់ ដែលក្នុងនោះមានជាង៥៩លាននាក់ កំពុងរស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ចំនួននេះធ្វើឲ្យមានទំនោរកើនឡើងខ្លាំងមួយចាប់តាំងពីឆ្នាំ១៩៩០ មក។
របាយការណ៍របស់ អ.ស.ប. ដែលបានផ្សាយកាលពីពីរសប្តាហ៍មុននិយាយថា នៅទូទាំងពិភពលោក ជនទេសន្តរប្រវេសន៍ជាង៩៥លាននាក់ មានប្រភពមកពីប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ចំនួននេះបង្ហាញពីការកើនឡើង៥០ភាគរយក្នុងរយៈពេល២ទសវត្សរ៍កន្លងទៅនេះ។ របាយការណ៍នេះក៏បានលើកឡើងថា ទំនោរនៃការកើនឡើងនេះនឹងនៅតែបន្ត។
លោក Hongjoo Hahm អគ្គលេខាប្រតិបត្តិរងរបស់គណៈកម្មការសង្គមនិងសេដ្ឋកិច្ចរបស់ អ.ស.ប.ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ហៅកាត់ថា UNESCAP និយាយថា កត្តាជំរុញចម្បងដែលធ្វើឲ្យមានការធ្វើចំណាកស្រុកនៅក្នុងតំបន់គឺបញ្ហាសេដ្ឋកិច្ច។ លោក Hongjoo Hahm បាននិយាយថា៖
«ការទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចជាមូលហេតុដែលធ្វើឲ្យជនចំណាកស្រុកផ្លាស់ទី ហើយយើងមើលឃើញថា ការផ្លាស់ទីនេះ មិនដូចនៅក្នុងតំបន់ដទៃទៀតក្នុងពិភពលោកទេ។ នៅអាស៊ី លក្ខណៈពិសេសធំជាងគេ ហើយប្លែកពីតំបន់ដទៃទៀតគឺថា ការធ្វើចំណាកស្រុកកើតឡើងពីតំបន់ខាងត្បូងទៅត្បូង លើកលែងតែអ្នកដែលធ្វើដំណើរទៅប្រទេសសម្បូរប្រេងនៅតំបន់ឈូងសមុទ្រ»។
ជារៀងរាល់ឆ្នាំ ជនជាតិហ្វីលីពីនប្រមាណពីរលាននាក់បានចាកចេញពីប្រទេសរបស់ខ្លួនទៅស្វែងរកការងារនៅក្រៅប្រទេស។ ពលករជាងកន្លះលាននាក់បានចាកចេញពីប្រទេសបង់ក្លាដែស ឥណ្ឌា ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន ជារៀងរាល់ឆ្នាំ។
ប្រទេសគោលដៅសំខាន់ៗសម្រាប់មនុស្សជាច្រើនដែលស្វែងរកការងារធ្វើរួមមាន ប្រទេសព្រុយណេ (Brunei) កាហ្សាក់ស្ថាន (Kazakhstan) ម៉ាឡេស៊ី (Malaysia) ម៉ាល់ឌីវ (Maldives) សហព័ន្ធរុស្ស៊ី (Russian Federation) សិង្ហបុរី (Singapore) និងប្រទេសថៃ (Thailand)។
ក៏ប៉ុន្តែ ការរឹតត្បិតមួយចំនួនដែលបានដាក់ទៅលើពលករចំណាកស្រុកនៅក្នុងប្រទេសម្ចាស់ផ្ទះខ្លះ បានប៉ះពាល់ដល់សិទ្ធិរបស់ជនចំណាកស្រុក ហើយដាក់កម្រិតនូវការទទួលបានការការពារផ្នែកសង្គមរបស់ពួកគេ។ របាយការណ៍នេះនិយាយថា ការរឹតត្បិតទាំងនោះធ្វើឡើងមិនត្រឹមត្រូវតាមបែបសេដ្ឋកិច្ចនោះទេ ហើយវាមានផលប៉ះពាល់ដល់សិទ្ធិមនុស្សទៀតផង។
លោក Hongjoo នៃគណកម្មការ UNESCAP និយាយថា បញ្ហាដូចជាផលប៉ះពាល់ផ្ទាល់របស់ជនចំណាកស្រុកទៅលើប្រាក់ឈ្នួលក្នុងស្រុក និងវិសមភាព ត្រូវបានរកឃើញថាមានតិចតួច។
«អ្វីដែលយើងបានរកឃើញនោះគឺ ផលប៉ះពាល់ទៅលើប្រាក់ឈ្នួល វិសមភាព និងឱកាសការងារដែលភាគច្រើនត្រូវបានកំណត់ ហើយវាជាមុខងារនៃគោលនយោបាយរដ្ឋាភិបាល តែមិនផ្តោតលើជនចំណាកស្រុកទេ។ នៅពេលអ្នកផ្តល់ការងារសមរម្យដល់ជនចំណាកស្រុក នៅពេលអ្នកចាត់ទុកពួកគេដូចជាខ្លួនអ្នក បញ្ចូលពួកគេទៅក្នុងសេដ្ឋកិច្ចរបស់អ្នក និងចាត់ទុកពួកគេជាពលករជាតិសាសន៍ខ្លួន ការធ្វើបែបនេះពិតជាជួយដល់សេដ្ឋកិច្ចប្រទេសជាតិរបស់អ្នកមែនទែន»។
ប៉ុន្តែលោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនិយាយថា រដ្ឋាភិបាលក្នុងតំបន់ ដូចជាម៉ាឡេស៊ី ចង់បានជនចំណាកស្រុកក្នុងកិច្ចសន្យារយៈពេលខ្លីជាង ដោយទុកឲ្យជនចំណាកស្រុកទាំងនោះស្ថិតក្នុងសេដ្ឋកិច្ចទីផ្សារងងឹតនិងមិនទៀងទាត់ ដែលទទួលបានការការពារតិចតួច។
«តាមរយៈបញ្ហាទាំងនេះ មានការបំភ្លើសលើមូលហេតុសន្តិសុខជាតិ ដែលធ្វើឲ្យគេយល់ថា ជនភៀសខ្លួន និងជនចំណាកស្រុកទាំងនេះចូលរួមបង្កើតការគំរាមកំហែងដល់ប្រទេសរបស់ពួកគេ។ អ្នកមើលឃើញបញ្ហានេះនៅក្នុងប្រទេសថៃ ជាទីដែលគេតែងតែហៅថាជា «បណ្តុំនៃជនភៀសខ្លួន ឬជនចំណាកស្រុក»។ អ្នកក៏ឃើញមានបញ្ហានេះនៅក្នុងប្រទេសម៉ាឡេស៊ីដែរ ដែលនៅទីនោះមានកិច្ចខិតខំប្រឹងប្រែងព្យាយាមដាក់ជនភៀសខ្លួនឲ្យស្ថិតនៅក្រៅសេដ្ឋកិច្ចផ្លូវការ ដោយមិនផ្តល់សិទ្ធិឲ្យពួកគេធ្វើការ»។
លោក Robertson បន្ថែមទៀតថា សហគមន៍សេដ្ឋកិច្ចអាស៊ាន របស់តំបន់អាស៊ីអាគ្នេយ៍ ឬ AEC ក៏បរាជ័យក្នុងការបង្កើតគោលនយោបាយការងារសម្រាប់ជនចំណាកស្រុកក្នុងតំបន់ទាំងមូល ដើម្បីឆ្លុះបញ្ចាំងលើកិច្ចព្រមព្រៀងដែលមានស្រាប់សម្រាប់សេវាកម្មនិងទំនិញ។
អ្នកសេដ្ឋកិច្ចរបស់ អ.ស.ប. និយាយថា ទំនោរនៃការធ្វើចំណាកស្រុកនៅក្នុងពេលអនាគតនឹងត្រូវទទួលឥទ្ធិពលពីបម្រែបម្រួលប្រជាសាស្រ្តក្នុងតំបន់ ជាពិសេសនៅតំបន់ដែលមានប្រជាជនវ័យចំណាស់ច្រើន ហើយនឹងមានការអំពាវនាវឲ្យមានគោលនយោបាយថ្នាក់តំបន់ដោយផ្អែកលើការគោរពសិទ្ធិមនុស្ស ការងារសមរម្យ និងការការពារផ្នែកសង្គមសម្រាប់ទាំងជនជាតិខ្លួន និងជនចំណាកស្រុក៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ