អង្គការសហប្រជាជាតិកាលពីថ្ងៃពុធបានពន្យារពេលលើកិច្ចប្រជុំសន្តិភាពអំពីបញ្ហាប្រទេសស៊ីរីនៅទីក្រុងហ្សឺណែវ រហូតដល់ចុងខែកុម្ភៈខាងមុខនេះ។
លោក Staffan de Mistura បេសកជនរបស់អង្គការសហប្រជាជាតិ ដែលជាអ្នកសម្របសម្រួលលើកិច្ចប្រជុំរវាងតំណាងរបស់លោកប្រធានាធិបតីស៊ីរី Bashar al-Assad និងក្រុមប្រឆាំងដែលព្យាយាមផ្តួលរំលំលោក បានស្នើឲ្យពន្យារកិច្ចប្រជុំនេះរហូតដល់ថ្ងៃទី២៥ខែកុម្ភៈ ដែលនេះជាការឈប់បណ្តោះអាសន្នមួយ មិនមែនជាការបញ្ឈប់កិច្ចខិតខំប្រឹងប្រែងលើកដំបូងបង្អស់ឲ្យមានសន្តិភាពក្នុងប្រទេសស៊ីរីក្នុងរយៈពេល២ឆ្នាំមកនេះនោះទេ។
លោក de Mistura បានមានប្រសាសន៍ថា៖ «នេះមិនមែនជាទីបញ្ចប់នោះទេ ហើយនេះ ក៏មិនមែនជាបរាជ័យនៃកិច្ចប្រជុំនេះនោះដែរ»។
ការផ្អាកកិច្ចប្រជុំនេះត្រូវបានធ្វើឡើងបន្ទាប់ពីកងកម្លាំងរបស់ស៊ីរីបានអះអាងថា ខ្លួនបានបញ្ចប់ការឡោមព័ទ្ធរបស់ក្រុមឧទ្ទាមទៅលើភូមិដែលមានអ្នកកាន់សាសនាឥស្លាមនិកាយ Shi'ite ចំនួន២ក្នុងខេត្ត Aleppo ដែលនេះជាជ័យជម្នះដ៏ធំមួយសម្រាប់រដ្ឋាភិបាលរបស់លោក Assad។
ទូរទស្សន៍រដ្ឋរបស់ស៊ីរីបានផ្សាយថា កងកម្លាំងយោធារបស់រដ្ឋាភិបាលនិងកងជីវពលរបស់អ្នកកាន់សាសនាឥស្លាមនិកាយ Shi'ite ដែលត្រូវបានគេស្គាល់ថាជាគណៈកម្មាធិការការពារដ៏មានប្រជាប្រិយភាព បានបំបែកការឡោមព័ទ្ធរបស់ក្រុមឧទ្ទាមរយៈពេល៣ឆ្នាំ ដែលស្ថិតនៅជុំវិញតំបន់ Nubul និងតំបន់ Zahraa ដែលជាផ្នែកមួយនៃចលនាឆ្ពោះទៅមុខរបស់រដ្ឋាភិបាលនៅក្នុងខេត្តAleppo ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ការយកជ័យជម្នះលើក្រុមឧទ្ទាម អនុញ្ញាតឲ្យកងកម្លាំងស៊ីរីត្រួតត្រាលើផ្លូវគមនាគមន៍ដែលធ្វើចរាចរណ៍ផ្តត់ផ្គង់ដល់ក្រុមនេះពីខេត្ត Aleppo ដល់ព្រំប្រទល់ប្រទេសតួកគី៕