លោក Antonio Guterresអគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមានកាលពីសប្ដាហ៍មុនថា មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកអាចបាត់បង់ជីវិតដោយសារការឆ្លងរាលដាលនៃជំងឺ COVID-19 បើសិនជា គ្មាន ការទប់ស្កាត់រួមគ្នាជាសកល។
លោក Guterres បានលើកឡើងថា បើសិនជាពិភពលោកអនុញ្ញាតឲ្យមេរោគកូរ៉ូណាថ្មីឆ្លងរាលដាលដូចជាភ្លើងឆេះព្រៃ ជាពិសេសនៅក្នុងតំបន់ដែលងាយរងគ្រោះខ្លាំង មេរោគនេះអាចនឹងសម្លាប់មនុស្សរាប់លាននាក់។
អង្គការសុខភាពពិភពលោកបានប្រកាសថា កន្លងមក មានករណីឆ្លងមេរោគកូរ៉ណានេះជិត ៤ សែនករណី ហើយមេរោគនេះបានសម្លាប់មនុស្សជាង ១ ម៉ឺន ៦ ពាន់នាក់នៅលើពិភពលោក។
ថ្លែងទៅកាន់អ្នកសារព័ត៌មានតាមរយៈការធ្វើសន្និសីទតាមវីដេអូអនឡាញ ស្របពេលដែលលោកបានបិទការិយាល័យកណ្ដាលរបស់អង្គការសហប្រជាជាតិ ដោយអនុញ្ញាតឲ្យតែមន្ត្រីដែលសំខាន់ចាំបាច់មកធ្វើការតែប៉ុណ្ណោះដើម្បីការពារកុំឲ្យមានការឆ្លងរាលដាលនៃជំងឺ COVID-19 នេះ លោក Guterre បាននិយាយថា ប្រទេសនីមួយៗទូទាំងពិភពលោកត្រូវតែប្ដូរយុទ្ធសាស្ត្រទប់ទល់ថ្នាក់ជាតិ ទៅជាយុទ្ធសាស្ត្រទប់ទល់នឹងមេរោគនេះជាលក្ខណៈសកល។
លោកបានលើកឡើងដូច្នេះថា៖ «គ្រោះមហន្តរាយផ្នែកសុខភាពស្តែងឲ្យឃើញយ៉ាងច្បាស់ថា ប្រសិនបើប្រព័ន្ធសុខាភិបាលប្រទេសមួយបរាជ័យ នោះពិភពលោកទាំងមូលនឹងបរាជ័យ។ ការសាមគ្គីគ្នាជាសកលមិនមែនគ្រាន់តែជាភាពចាំបាច់ផ្នែកសីលធម៌នោះទេ ប៉ុន្តែវាក៏ជាប្រយោជន៍រួមសម្រាប់មនុស្សជាតិទាំងមូលផងដែរ»។
លោកបានទទូចឲ្យប្រទេសនានាចូលរួមវិភាគទានដល់ការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ដើម្បីប្រមូលថវិកាជួយដល់ប្រទេសដែលត្រូវការជំនួយទប់ទល់នឹងមេរោគកូរ៉ូណាថ្មីនេះ។
កាលពីសប្ដាហ៍មុន អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ខ្លួនបានទទួលជំនួយជិត ៦៧៥ លានដុល្លារ ដែលខ្លួនបានស្នើសុំ ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគនេះក្នុងរយៈពេល ៣ ខែខាងមុខ។ ប៉ុន្តែអង្គការនេះបានបន្ថែមថា ខ្លួននឹងស្នើសុំថវិកាបន្ថែមទៀត ស្របពេលដែលមេរោគនេះវាយលុកប្រទេសផ្សេងៗច្រើនបន្ថែមទៀត។
លោក Guterres បានទទូចឲ្យប្រើយុទ្ធសាស្ត្រមួយដែលផ្តោតទៅលើផ្នែកជាច្រើនដូចជា ដំបូង គឺត្រូវដោះស្រាយជាបន្ទាន់ចំពោះបញ្ហាសុខភាពជាសកល ហើយបន្ទាប់មកត្រូវផ្ដោតលើផលប៉ះពាល់សង្គម ក៏ដូចជាការទ្រទ្រង់ និងស្ដារសេដ្ឋកិច្ចឡើងវិញ។
លោកបានបញ្ជាក់ដូច្នេះថា៖ «វិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសដែលមានប្រព័ន្ធការពារសង្គមរឹងមាំរងផលប៉ះពាល់តិចតួចបំផុត និងអាចស្ទុះងើបពីវិបត្តិនេះបានលឿនបំផុតផងដែរ»។
លោក Gutteres បានកត់សម្គាល់ថា វិបត្តិសេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរអាចនឹងកើតឡើង ហើយអ្នកធ្វើការមួយចំនួនអាចនឹងរងវិបត្តិហិរញ្ញវត្ថុ ដែលករណីនេះចាំបាច់បំផុតទាមទារឲ្យមាននូវវិធានការការពារខ្លាំងក្លាដើម្បីកុំឲ្យវិបត្តិនេះកើតឡើង។
លោក Guterres ថ្លែងដូច្នេះថា៖ «វិធានការទាំងនេះអាចជាការផ្ដល់ប្រាក់បៀវត្សរ៍ ការធានារ៉ាប់រង ការគាំពារសង្គម ការបង្ការភាពក្ស័យធន និងការការពារមិនឲ្យបាត់បង់ការងារជាដើម។ មិនតែប៉ុណ្ណោះ វិធានការទាំងនេះក៏អាចជាការរៀបចំឲ្យមាននូវការបន្ថូរបន្ថយពន្ធ និងការឆ្លើយតបផ្នែកហិរញ្ញវត្ថុ ដើម្បីធានាថា បន្ទុកនេះមិនធ្លាក់ទៅលើប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយនោះទេ»។
លោកបានបន្ថែមថា ការស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញមិនត្រូវធ្វើតាមរយៈការដាក់បន្ទុកបន្ថែមដល់អ្នកក្រីក្របំផុតនោះទេ «ហើយយើងមិនអាចបង្កើតពិភពក្រីក្រថ្មីទៀតនោះឡើយ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានសម្ដែងការគាំទ្រចំពោះរដ្ឋាភិបាលទាំងឡាយណា ដែលបានចាត់វិធានការលឿន ដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួន និងមិនបណ្ដាលឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។
លោកបញ្ជាក់ដូច្នេះថា៖ «ប្រទេសមួយចំនួនកំពុងអនុវត្តកិច្ចផ្តួចផ្ដើមគាំពារសង្គម ដូចជាការផ្ទេរសាច់ប្រាក់ និងចំណូលជាសកលជាដើម។ យើងត្រូវតែខំប្រឹងប្រែងបន្ថែមទៀតដើម្បីធានាថា ជំនួយធ្លាក់ទៅដល់ដៃប្រជាពលរដ្ឋទាំងឡាយណាដែលពឹងផ្អែកសុទ្ធសាធលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបណ្តាប្រទេសដែលខ្វះលទ្ធភាពទប់ទល់នឹងមេរោគនេះ»។
ជាចុងក្រោយ លោក Guterresបាននិយាយថា នេះគឺជាស្ថានការណ៍ដែលមិនធ្លាប់មានពីមនមក ដែលទាមទារឲ្យមានសាមគ្គីភាព ឆន្ទៈនយោបាយ និងវិធានការខ្លាំងក្លា៕
ប្រែសម្រួលដោយលោក សឿន វឌ្ឍនា