មន្ត្រីអង្គការសហប្រជាជាតិមួយរូបនិយាយថា រដ្ឋ Kayah ដែលស្ថិតនៅភាគខាងកើតក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងឆ្ពោះទៅរកវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរមួយ ដោយមនុស្សរាប់ពាន់នាក់ កំពុងទទួលរងគ្រោះទុរភិក្សគ្មានអាហារបរិភោគ បន្ទាប់ពីរត់គេចចេញពីផ្ទះសម្បែងរបស់គេ ដោយសារតែការវាយប្រយុទ្ធគ្នារវាងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងកងកម្លាំងឧទ្ទាមជនជាតិភាគតិច។
លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងប្រ ទេសមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធម្សិលមិញនេះ ដោយបញ្ជាក់ថា មនុស្សប្រមាណជាង១សែននាក់នៅក្នុងរដ្ឋ Kayah ដែលស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសថៃត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងនិងភូមិឋានរបស់ខ្លួនដើម្បីរត់គេចពីការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោង របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ដោយពួកគេជាច្រើននាក់ បានរត់ចូលទៅលាក់ខ្លួនក្នុងព្រៃនៅក្បែរនោះ ដោយគ្មានអាហារបរិភោគ ទឹកនិងទីជម្រក។
លោក Andrews និយាយថា លោកបានទទួលរបាយការណ៍ស្តីពីកងកម្លាំងសន្តិសុខរបស់របបយោធាមីយ៉ាន់ម៉ា ដាក់របាំងជាច្រើនកន្លែងនៅក្នុងរដ្ឋនេះដើម្បីរារាំងមិនឲ្យមានការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ជនភៀសខ្លួន ក៏ដូចជាដាក់មីននៅតាមផ្លូវសាធារណៈផងដែរ។
លោកបានព្រមានថា «ការស្លាប់យ៉ាងច្រើនដោយសារតែការអត់អាហារនិងជំងឺ»អាចកើតមានឡើងនៅក្នុងរដ្ឋ Kayah នេះ ប្រសិនបើគ្មានសកម្មភាពជាបន្ទាន់ណាមួយនោះទេ។ លោក Andrews ក៏បានអំពាវនាវឲ្យប្រទេសក្បែរខាងរបស់មីយ៉ាន់ម៉ា ធ្វើអ្វីៗគ្រប់យ៉ាងទៅតាមលទ្ធភាពរបស់ខ្លួនដើម្បីផ្តល់ជំនួយឆ្លងកាត់ព្រំដែនមកកាន់ប្រទេសមីយ៉ាន់ម៉ា។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងមក ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលនិងមេដឹកនាំរបស់រដ្ឋាភិបាលដែលដឹកនាំដោយជ័យលាភីណូបែលសន្តិភាពលោកស្រី Aung San Suu Kyi៕