អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃពុធនេះថា សហគមន៍អន្តរជាតិចាំបាច់ត្រូវចាត់វិធានការផ្សេងដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ។
លោក Tom Andrews បានប្រាប់អ្នកយកព័ត៌មាននៅប្រទេសឥណ្ឌូណេស៊ីថា៖ «ខ្ញុំមានការព្រួយបារម្ភថាវិបត្តិកាន់តែស៊ីជម្រៅនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានក្លាយទៅជាអ្វីដែលមនុស្សភាគច្រើននៃពិភពលោកមើលមិនឃើញ ហើយរដ្ឋាភិបាលមួយចំនួនកំពុងចាប់ផ្តើមគិតថា របបផ្តាច់ការរបស់របបយោធាគឺជៀសមិនរួច។ ការនិយាយដូចនេះគឺពិតជាអ្វីដែលរបបយោធាចង់បាន និងត្រូវការដើម្បីយកឈ្នះ»។
លោក Andrews បាននិយាយថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មិនគួរចូលរួមធ្វើការជាមួយមេដឹកនាំយោធារបស់មីយ៉ាន់ម៉ាទេ ដោយសារកង្វះវឌ្ឍនភាពក្នុងការអនុវត្តផែនការសន្តិភាពចំនួនប្រាំចំណុចដែលបានព្រមព្រៀងកាលពីពីរឆ្នាំមុន។
លោក Andrews បានបន្ថែមថា៖ «វាដល់ពេលដែលត្រូវពិចារណាជម្រើសផ្សេង ដើម្បីបំបែកភាព ជាប់គាំងដ៏ប្រល័យ។ ខ្ញុំសូមជំរុញឱ្យអាស៊ានចាត់វិធានការ ដើម្បីឲ្យរបបយោធាទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួន និងការមិនយកចិត្តទុកដាក់យ៉ាងច្បាស់ក្រឡែតចំពោះការអនុវត្តកិច្ចព្រមព្រៀងប្រាំចំណុចនោះ»។
យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយចោទប្រកាន់ពីការក្លែងបន្លំការបោះឆ្នោតដ៏ធំ បន្ទាប់ពីគណបក្សនយោបាយរបស់ពួកគេទទួលបានអាសនៈសភាត្រឹមតែ៣៣ ក្នុងចំណោម៤៩៨ ប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ជនស៊ីវិលយ៉ាងតិច៣០០០នាក់ត្រូវបានសម្លាប់ ជាង១៧.៥០០ នាក់ត្រូវបានឃុំខ្លួន និងជាងមួយលាននាក់បានផ្លាស់ទីលំនៅ ខណៈដែលយោធាបន្តការបង្ក្រាបដ៏ឃោរឃៅរបស់ខ្លួនដើម្បីរក្សាអំណាច៕
អ្នកស្រី Margaret Besheer បានចូលរួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។ ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះបានមកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters