ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជាជាតិ​ស្វាគមន៍​គោល​ជំហរ​រួម​របស់​បក្ស​ធំៗ​ទាំង​ពីរ


លោក​ ស៊ូយ៉ា ស៊ុបឺឌី (Surya P Subedi) ​អ្នក​រាយការណ៍​​ពិសេស​ អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។
លោក​ ស៊ូយ៉ា ស៊ុបឺឌី (Surya P Subedi) ​អ្នក​រាយការណ៍​​ពិសេស​ អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។
អង្គការ​សហប្រជាជាតិ​បាន​ស្វាគមន៍​ការសម្រេច​បាន​ ជំហរ​រួម​គ្នា​មួយ​រវាង​គណបក្ស​ដែល​ជា​គូ​ជម្លោះ​ទាំងពីរ​ ដែល​នឹង​ធ្វើ​ការ​កែ​លម្អ​ប្រព័ន្ធ​បោះឆ្នោត​ដែល​កំពុង​មាន​បញ្ហា​នា​ពេល​បច្ចុប្បន្ន​នេះ។
«ខ្ញុំ​ស្វាគមន៍​ចំពោះ​កិច្ច​ព្រមព្រៀងគ្នា​បង្កើត​គ​ណៈ​កម្មាធិការ ​ដែល​ចូលរួម​ដោយ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​នឹង​ធ្វើការ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត»។ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​តិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​លោក សុរិយា ស៊ូ​ប៊ែ​ឌី ​បាន​សម្តែង​ការអបអរសាទរ​យ៉ាង​ដូច្នេះ​ក្នុង​រយៈ​ពេល​តែ​បួន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរបាន​ជួបប្រជុំគ្នា​ជា​លើកដំបូង។

ក្នុង​កិច្ចប្រជុំ​គណបក្ស​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ថា​នឹង​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​នៃ​បក្សនយោបាយ ធ្វើការ​កែទម្រង់​ផ្សេងៗ​ទាក់ទង​ទៅនឹង​ការបោះឆ្នោត ​ដូចជា​ការកែទម្រង់​ស្ថាប័ន​បោះឆ្នោត ​យន្តការ​នៃ​ការដោះស្រាយ​វិវាទ​នៃ​ការបោះឆ្នោត ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​មធ្យោបាយ​សម្រាប់​គណបក្ស​នយោបាយ​ជាដើម។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្ប​តិ៍​លោក សុរិយា ស៊ូ​ប៊ែ​ឌី ​មាន​សុ​ទិដ្ឋិ​និយម​ថា​ដំណើរ​ទៅ​រក​ការដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​នឹង​ត្រូវបាន​បង្កើត​ឡើង។

ទោះជា​យ៉ាងណា​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​គូសបញ្ជាក់​ថា​លោក​នៅតែមាន​ការព្រួយបារម្ភ​ដែរ​ថា​ មានការ​រារាំង​មិន​ឲ្យ​មានការ​ធ្វើបាតុកម្ម​មួយ​ចំនួន។

បើទោះបីជា​កាលពីខែ​កុម្ភៈ​លោក នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានសម្រេច​ដកចេញ​បម្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួបជុំគ្នា​លើស​ពី​១០នាក់​យ៉ាងណាក្តី។

លោក សុរិយា ស៊ូប៊ែឌី ​មាន​ប្រសាសន៍បន្ថែម​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដូច្នេះ​ថា៖

«ខ្ញុំ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិសេរីភាព​នៃ​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​និង​គោរព​លើ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»។

លោក ឈាង វុន ​សមាជិក​នៃ​ក្រុមបច្ចេកទេស​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​រដ្ឋសភា​បាន​ហៅ​ការអបអរសាទរ​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ថា​ជា​ការ​លើក​ទឹកចិត្ត​មួយ​សម្រាប់​ឲ្យ​គណបក្ស​ទាំងពីរ។

ក៏ប៉ុន្តែ​លោក ឈាង វុន​លើកឡើងថា​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញ​មតិ​និង​ការជួប​ជុំគ្នា​នៅ​កម្ពុជា​មាន​ចែង​ក្នុង​ច្បាប់​ហើយ​សិទ្ធិសេរីភាព ​និង​ការបញ្ចេញ​មតិ​ត្រូវធ្វើឡើង​តាម​អ្វី​ដែល​ច្បាប់​ចែង។

«លើកទឹកចិត្ត​ឲ្យ​យើង​ដែល​រួមចំណែក​ក្នុងការ​ដើរតួរ​នាទី​ជា​អ្នក​គិតគូ​ពី​ក្របខណ្ឌ​ហ្នឹង ​ក្នុង​ការចរចា​ហ្នឹង​ខិតខំ​ធ្វើការ​តទៅទៀត។ សិទ្ធិ​បញ្ចេ​ញ​មតិ​គឺ​ត្រូវ​អនុវត្ត​តាមច្បាប់​ដែល​មាន​ជា​ធរមាន ​នៅ​កម្ពុជា។ យើង​មិន​អាច​ធ្វើ​អ្វីដែល​លើសពី​ហ្នឹង​ទៀត​ទេ»។

អ្នកនាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក យឹម សុវណ្ណ​ថ្លែងថា​គណបក្ស​សង្គ្រោះ​ជាតិ​អបអរសាទរ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​លោក សុរិយា ស៊ូ​ប៊ែ​ឌី​ដោយ​លោក​ចាត់ទុក​ថា​អ្នករាយការណ៍​ពិសេស​រូបនេះ​បាន​ជួយ​កម្ពុជា​ច្រើន​ទាំង​ការជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​និង​ការទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​បាន​ចំអក​ទៅនឹង​ការដក​បម្រាម​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដូច្នោះ​ថា៖

«យើង​ឃើញ​ហើយ​នាយក​រដ្ឋមន្ត្រី​ដក​បម្រាម ​តែ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មិន​ឲ្យ​ធ្វើ។ អីចឹ​ង​ម៉ា​គូ​ហើយ​នឹង​ពីរ​វា​ដូច​តែ​គ្នា»។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ​គណបក្ស​ខ្លួន ​និង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បើក​ការចរចា​ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ ១០ ខែ​មិនា​ខាងមុខ។ លោក យឹម​សុវណ្ណ​ថ្លែងថា​ការចរចា​បាន​លទ្ធផល​អាស្រ័យ​លើ​ឆន្ទៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕
XS
SM
MD
LG