ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេសកជន​អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​មាន​សកម្មភាព​រួម​គ្នា​ដើម្បី​បញ្ឈប់​ការ​គាប​សង្កត់​នៅ​មីយ៉ាន់ម៉ា


រូប​ឯកសារ៖ អ្នកស្រី Christine Schraner Burgener បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ជំរុញ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​នៅតែ​រួបរួម​គ្នា​ប្រឆាំង​នឹង​ការ​ប្រើ​កម្លាំង​របស់​យោធា​មីយ៉ាន់ម៉ា​។
រូប​ឯកសារ៖ អ្នកស្រី Christine Schraner Burgener បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ជំរុញ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​នៅតែ​រួបរួម​គ្នា​ប្រឆាំង​នឹង​ការ​ប្រើ​កម្លាំង​របស់​យោធា​មីយ៉ាន់ម៉ា​។

អ្នកស្រី Christine Schraner Burgener បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ជំរុញ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ឲ្យ​នៅតែ​រួបរួម​គ្នា​ប្រឆាំង​នឹង​ការ​ប្រើ​កម្លាំង​របស់​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ប្រល័យ​លើ​បាតុករ ដែល​កំពុង​បន្ត​តវ៉ា​តាម​ដង​ផ្លូវ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា។

អ្នកស្រី Schraner Burgener បាន​និយាយ​ថា៖ «ការ​គាប​សង្កត់ [នៅ​មីយ៉ាន់ម៉ា] ត្រូវតែ​បញ្ឈប់»។ នេះ​បើ​យោង​តាម​សំណៅ​មួយ​ច្បាប់​នៃ​សុន្ទរកថា​របស់​អ្នកស្រី​ដែល​បាន​ចែកចាយ​ជាមួយ​នឹង​អ្នក​កាសែត។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «វា​ជា​ការ​ចាំបាច់​ដែល​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ត្រូវ​មាន​ការ​តាំងចិត្ត​ម៉ឺងម៉ាត់​និង​មិន​ផ្លាស់ប្ដូរ​នៅ​ក្នុង​ការ​ព្រមាន​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា និង​ឈរ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ឲ្យ​បាន​រឹងមាំ ដើម្បី​គាំទ្រ​ដល់​លទ្ធផល​ជាក់​ច្បាស់​នៃ​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន»។

ទោះជា​យ៉ាងណា​ក៏ដោយ អ្នកស្រី Schraner Burgener បាន​ព្រមាន​ថា ក្ដី​សង្ឃឹម​ដែល​ប្រជាពលរដ្ឋ​មាន​លើ​អង្គការ​សហប្រជាជាតិ និង​លើ​ប្រទេស​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ «កំពុង​ធ្លាក់ចុះ» ហើយ។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ចលាចល​និង​អំពើ​ហិង្សា​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ បន្ទាប់ពី​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល និង​ដាក់​ឃុំ​អ្នកស្រី Aung San Suu Kyi និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី។ យោធា​បាន​និយាយ​ថា ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី មាន​ការ​លួច​បន្លំ។

ទាហាន​និង​ប៉ូលិស​បាន​បង្ក្រាប​លើ​ក្រុម​បាតុករ​ដោយ​ប្រើ​គ្រាប់​កាំភ្លើង​ពិត និង​គ្រាប់​កាំភ្លើង​ជ័រ ដោយ​បាន​បាញ់​មិន​រើស​មុខ​លើ​ហ្វូង​បាតុករ។

អ្នកស្រី​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា នៅ​ក្នុង​រយៈពេល ៧ ថ្ងៃ​ចុងក្រោយ​នេះ «អ្នក​តវ៉ា​ស្លូតត្រង់​ដោយ​សន្តិវិធី» ចំនួន​ប្រហែល ៥០ នាក់ ត្រូវ​បាន​សម្លាប់ ហើយ​អ្នក​តវ៉ា​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស។

ប៉ូលិស​បង្ក្រាប​កុបករ​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​បាញ់​ទៅ​លើ​ហ្វូង​បាតុករ​ ក្នុង​អំឡុពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
ប៉ូលិស​បង្ក្រាប​កុបករ​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​បាញ់​ទៅ​លើ​ហ្វូង​បាតុករ​ ក្នុង​អំឡុពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកស្រី​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ទី ២ ខែ​មីនា ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ដឹង​ថា មាន​មនុស្ស​ប្រហែល ១.០០០ នាក់ កំពុង​ជាប់​ឃុំ ឬ​បាត់​ដំណឹង បន្ទាប់ពី​ត្រូវបាន​យោធា​ចាប់​ដាក់​ឃុំ​ខុស​ច្បាប់​តាំង​ពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​មក។

អ្នកស្រី​បាន​ប្រាប់​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា៖ «សកម្មភាព​រួម​គ្នា​ត្រូវ​ធ្វើ​ជា​បន្ទាន់។ តើ​យើង​អាច​អនុញ្ញាត​ឲ្យ​យោធា​មីយ៉ាន់ម៉ា​ប្រព្រឹត្តិ​អំពើ​បែប​នេះ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ប៉ុណ្ណា​ទៀត?»។

ស្រប​ពេល​ដែល​អ្នកស្រី Schraner Burgener ថ្លែង​ដូច​នេះ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​អនឡាញ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​យោធា​បាន​កើតឡើង​ម្ដង​ទៀត​កាលពី​ថ្ងៃ​សុក្រ​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា។ មាន​សេចក្ដី​រាយការណ៍​ថា នៅ​ថ្ងៃ​នោះ យ៉ាង​ហោច​ណាស់​មាន​បាតុករ​ម្នាក់​ត្រូវ​បាន​សម្លាប់។

អ្នកស្រី Schraner Burgener បាន​និយាយ​ថា សហគមន៍​អន្តរជាតិ​ត្រូវតែ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា អ្នក​ប្រព្រឹត្តិ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

អ្នកស្រី​បញ្ជាក់​ដូច្នេះ​ថា៖ «សិទ្ធិ​រស់រាន​មាន​ជីវិត សិទ្ធិ​មាន​សេរីភាព​និង​សុវត្ថិភាព សិទ្ធិ​រួច​ផុត​ពី​ទារុណកម្ម​និង​អំពើ​អាក្រក់​ផ្សេងៗ និង​សិទ្ធិ​មាន​សេរីភាព​ក្នុង​ការ​ជួបជុំ​ដោយ​សន្តិវិធី ត្រូវតែ​គោរព»។

អ្នកស្រី Schraner Burgener បាន​កាន់​តំណែង​ជា​បេសកជន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​មីយ៉ាន់ម៉ា​នេះ​អស់​រយៈពេល ៣ ឆ្នាំ​មក​ហើយ និង​បាន​ចំណាយពេល​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

អ្នកស្រី​បាន​ព្យាយាម​រៀបចំ​ដំណើរ​ត្រឡប់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ ដើម្បី​ជួប​ជាមួយ​នឹង​មន្ត្រី​យោធា អ្នក​ជាប់​ឃុំ សង្គម​ស៊ីវិល និង​ក្រុម​បាតុករ។ មន្ត្រី​យោធា​មីយ៉ាន់ម៉ា​បាន​ប្រាប់​អ្នកស្រី​ថា ពេល​នេះ​មិនមែន​ជា​ពេល​វេលា​ស័ក្តិសម​សម្រាប់​អ្នកស្រី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ។

អ្នកស្រី Schraner Burgener បាន​អំពាវនាវ​ជា​ថ្មី​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កុំ​ឲ្យ​ផ្ដល់​ភាព​ស្រប​ច្បាប់ ឬ​ក៏​ទទួល​ស្គាល់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ដោយ​អ្នកស្រី​បាន​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​ឲ្យ​មាន​លទ្ធភាព​បញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​គ្មាន​ការ​រារាំង។

អ្នកស្រី​លើកឡើង​ដូច្នេះ​ថា៖ «ខ្ញុំ​នឹង​បន្ត​កិច្ច​ប្រឹងប្រែង​របស់​ខ្ញុំ​ក្នុង​សាមគ្គីភាព​ជាមួយ​នឹង​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា។ ក្ដី​សង្ឃឹម​របស់​ពួកគេ​គឺ​អាស្រ័យ​លើ​ការ​គាំទ្រ​និង​សកម្មភាព​ជា​ធ្លុង​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG