តុលាការជាន់ខ្ពស់អង្គការសហប្រជាជាតិបានចេញបញ្ជាតាមរយៈដីការផ្លូវច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ ឱ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់ច្រើនថែមទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌បន្ថែមដល់ក្រុមជនប៉ាឡេស្ទីន ដែលកំពុងទទួលរងភាពអត់ឃ្លាននៅទីនោះ។
ដីកាបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ បានប្រាប់ទៅប្រទេសអ៊ីស្រាអែល ឱ្យចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង និងមានប្រសិទ្ធភាពដោយគ្មានការយឺតយ៉ាវ ដើម្បីធានាដល់ការបញ្ជូនសេវាផ្គត់ផ្គង់ចាំបាច់សំខាន់បន្ទាន់ និងជំនួយមនុស្សធម៌ ដែលរួមមានម្ហូបអាហារ ទឹក ប្រេងឥន្ធនៈ និងឱសថជាដើម។
តុលាការនេះក៏បានបញ្ជាឱ្យអ៊ីស្រាអែលធានាជាបន្ទាន់ថា៖ «ក្រុមយោធារបស់ខ្លួនមិនធ្វើសកម្មភាព ដែលរំលោភទៅលើសិទ្ធិណាមួយរបស់ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សានោះឡើយ ដោយពួកគេត្រូវបានការពារនៅក្រោមអនុសញ្ញាស្តីពីការការពារនិងដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលរួមមានការការពារតាមរយៈសកម្មភាពណាមួយ និងការផ្តល់ជំនួយមនុស្សធម៌ដែលកំពុងត្រូវការបន្ទាន់ជាចំាបាច់»។
តុលាការនេះក៏បានប្រាប់ដល់ប្រទេសអ៊ីស្រាអែលឱ្យរាយការណ៍ត្រឡប់ទៅខ្លួនវិញក្នុងរយៈពេលមួយខែ ថាខ្លួនបានអនុវត្តបទបញ្ជានេះបានយ៉ាងដូចម្តេច។
អ៊ីស្រាអែលនៅមិនទាន់ធ្វើអត្ថាធិប្បាយបន្ទាន់ណាមួយនៅឡើយទេលើដីកាសម្រេចនេះ ប៉ុន្តែបានបដិសេធដាច់អហង្ការថា ខ្លួនមិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ឡើយ នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់អស់រយៈពេលជិត៦ខែកន្លងទៅនេះ។ អ៊ីស្រាអែលបានស្នើដល់តុលាការអង្គការសហប្រជាជាតិកុំឱ្យចេញដីកាបញ្ជាថ្មីៗដល់ខ្លួន។
ដីកាបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិនេះ ត្រូវបានធ្វើឡើងនៅក្នុងសំណុំរឿង ដែលត្រូវបានប្តឹងដោយប្រទេសអាហ្វ្រិកខាងត្បូង ដែលបានចោទប្រកាន់អ៊ីស្រាអែលពីការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ក្នុងតំបន់ហ្កាហ្សា៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse។
វេទិកាបញ្ចេញមតិ