យោធាអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍អំពីការវាយប្រហារនៅជិតមន្ទីរពេទ្យ Shifa នៅក្រុងហ្កាហ្សា (Gaza City) ក៏ដូចជានៅក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា។
ក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សានិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានជនជាតិប៉ាឡេស្ទីន ៦២នាក់ ត្រូវបានសម្លាប់នៅមួយថ្ងៃមុននោះ។
ក្រសួងនេះថា មានមនុស្សយ៉ាងតិច ៣២.៥៥២នាក់ ត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែលធ្វើការវាយប្រហារតបវិញកាលពីខែតុលា ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែលដែលបានសម្លាប់មនុស្ស ១.២០០នាក់។
នៅក្នុងការផ្លាស់ប្តូរជំហរមួយ អ៊ីស្រាអែលកាលពីថ្ងៃពុធបានយល់ព្រមបញ្ជូនក្រុមអ្នកយុទ្ធសាស្ត្រសង្គ្រាមរបស់ខ្លួនទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីពិភាក្សាអំពីចេតនារបស់អ៊ីស្រាអែលក្នុងការបើកការវាយប្រហារតាមផ្លូវគោកលើក្រុមហាម៉ាស់នៅទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា។
កាលពីថ្ងៃចន្ទ អ៊ីស្រាអែលបានលុបចោលដំណើរនេះ ដើម្បីតវ៉ាចំពោះការណ៍ដែលសហរដ្ឋអាមេរិកមិនព្រមបោះឆ្នោតវ៉េតូប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាស់។
សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តខ្លាំងបំផុតរបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមជិត៦ខែនេះ បានបោះឆ្នោតអនុប្បវាទនៅក្នុងការបោះឆ្នោតរបស់ អ.ស.ប. នៅសប្តាហ៍នេះ ក្រោយពីធ្លាប់បានបោះឆ្នោតវ៉េតូលើសេចក្តីសម្រេចមុនៗស្រដៀងគ្នានេះ។ ការណ៍នេះបាននាំឱ្យមានការប្រឆាំងយ៉ាងខ្លាំងពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងបង្ហាញកាន់តែច្បាស់ពីការខ្វែងគំនិតគ្នាកាន់តែខ្លាំងជាមួយក្រុងវ៉ាស៊ីនតោនលើរបៀបដែលអ៊ីស្រាអែលចាត់ចែងក្នុងបញ្ហាសង្គ្រាមនេះ។
ប៉ុន្តែទោះបីលោក Netanyahu បានលុបចោលទស្សនកិច្ចរបស់អ្នកយុទ្ធសាស្ត្រសង្គ្រាមរបស់លោកមួយក្រុមក្តី ក៏រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant មានវត្តមាននៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse។
វេទិកាបញ្ចេញមតិ