ក្រុមសកម្មប្រយុទ្ធ Hezbollah នៅក្នុងប្រទេសលីបង់កាលពីថ្ងៃពុធ បានបាញ់ដាក់តំបន់ភាគខាងជើងអ៊ីស្រាអែល ក្នុងវិធានការសងសឹកទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលបានសម្លាប់មនុស្ស ៧ នាក់ នៅភាគខាងត្បូងប្រទេសលីបង់។
យោធាអ៊ីស្រាអែលបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួនបានដៅចំអគារយោធាមួយកន្លែង ដោយសម្លាប់សមាជិកម្នាក់នៃក្រុមជីវពល al-Jamaa al-Islamiya ដែលធ្លាប់បានផ្សាយពីផែនការវាយប្រហារភេរវកម្មចំពោះអ៊ីស្រាអែល។
ទីភ្នាក់ងារសារព័ត៌មាន Agence France-Presse របស់បារាំងបានដកស្រង់ប្រភពពីមន្ត្រីក្រុមជីវពល al-Jamaa al-Islamiya ដែលបញ្ជាក់ថា មនុស្ស ៧ នាក់ ត្រូវបានសម្លាប់នៅភូមិ Hebbariyeh។ ប្រភពពីកម្លាំងសន្តិសុខលីបង់ក៏បានផ្តល់តួលេខការស្លាប់ដូចគ្នាដែរដល់ទីភ្នាក់ងារសារព័ត៌មាន Reuters។
អំពីហិង្សាឆ្លងព្រំដែននេះ ជាការវាយប្រហារទៅវិញទៅមកលើកចុងក្រោយបំផុត ខណៈអ៊ីស្រាអែលបន្តយុទ្ធនាការដើម្បីលុបបំបាត់ក្រុមភេរវកម្មហាម៉ាស់ ដែលជាសម្ព័ន្ធមិត្តរបស់ Hezbollah នៅតំបន់ហ្កាហ្សា។
យោធាអ៊ីស្រាអែលក៏បានរាយការណ៍កាលពីថ្ងៃពុធថា ខ្លួនបានវាយលុកតាមផ្លូវគោកនៅតំបន់មន្ទីរពេទ្យ Shifa នៅភាគខាងជើងតំបន់ហ្កាហ្សា ខណៈវាយប្រហារទាំងតាមអាកាសនិងផ្លូវគោកទៅលើក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា។
កិច្ចប្រឹងប្រែងដើម្បីឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នានេះ ហាក់មិនទទួលបានផលអ្វីទេ សូម្បីក្រោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេចទាមទារឱ្យមានបទឈប់បាញ់គ្នាជាបន្ទាន់។ កិច្ចប្រឹងប្រែងទាំងនេះរួមមានសំណើដោះលែងចំណាប់ខ្មាំងនៅហ្កាហ្សា និងការបង្កើនការបញ្ជូនជំនួយមនុស្សធម៌ដល់ជនស៊ីវិលប៉ាឡេស្ទីន៕
អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំនៅអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer និងអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំនៅសេតវិមានអ្នកស្រី Anita Powell រួមចំណែកដល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse។
វេទិកាបញ្ចេញមតិ