ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីបញ្ជាការ​​សហ​ប្រជាជាតិ​​ថា​ខ្លួន​កំពុង​ទាក់ទង​​កូរ៉េ​ខាង​ជើង​អំពី​ទាហាន​អាមេរិកាំង​ដែល​ត្រូវ​​ឃុំខ្លួន


រូបថត​របស់​ទាហាន​អាមេរិក​លោក Travis King ត្រូវបាន​ឃើញ​នៅ​គេហដ្ឋាន​ជីតា​របស់លោក​កាលពីថ្ងៃទី​១៩ កក្កដា ឆ្នាំ២០២៣។
រូបថត​របស់​ទាហាន​អាមេរិក​លោក Travis King ត្រូវបាន​ឃើញ​នៅ​គេហដ្ឋាន​ជីតា​របស់លោក​កាលពីថ្ងៃទី​១៩ កក្កដា ឆ្នាំ២០២៣។

មេ​បញ្ជាការ​រង​របស់​ទីបញ្ជាការអង្គការ​សហប្រជាជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ខ្លួន​បាន​ចាប់​ផ្តើម​សន្ទនា​ជាមួយ​កូរ៉េ​ខាង​ជើង​អំពី​ទាហាន​អាមេរិកាំង​ម្នាក់​ដែល​បាន​រត់​ចូល​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​កាលពី​សប្តាហ៍​មុន​ដែល​ឆ្លងកាត់​ព្រំដែន​ដែល​មាន​ការ ការពារ​យ៉ាង​ខ្លាំង​របស់​កូរ៉េ​ទាំង២។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក​ឧត្តមសេនីយ៍​ឯក​ Andrew Harrison​បាន​និយាយ​ថា​ដំណើរការ​នេះ​បាន​ចាប់ផ្តើម​តាម​រយៈ​ខ្សែ​គមនាគមន៍​ដែល​បាន​បង្កើត​ឡើង​នៅ​ក្រោមកិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​ក្នុង​សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ១៩៥០ដល់១៩៥៣។ លោក​បាន​និយាយ​ទៀត​ថា​សុខុមាលភាព​របស់​ពលឯក​Travis King ​នៅតែ​ជា​ការព្រួយកង្វល់​ដ៏​ចម្បង​មួយ​របស់​ទីបញ្ជាការ ​ក៏ប៉ុន្តែ ​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ​ដោយ​លើក​ឡើង​ពី​ភាពរសើប​នៃ​ការពិភាក្សា។

កូរ៉េ​ខាង​ជើង​បាន​រក្សា​ការស្ងៀមស្ងាត់​ជា​សាធារណៈ​អំពី​លោក Kingដែល​បាន​ឆ្លង កាត់​ព្រំដែន​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ខណៈដែល​លោក​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​បន្ទាយ Fort Bliss រដ្ឋ Texas​សហរដ្ឋ​អាមេរិក។

ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការព្រួយកង្វល់​អំពី​សុខុមាលភាព​របស់​លោក​ហើយ​បាន​និយាយ​ថា​កូរ៉េ​ខាង​ជើង​មិន​អើពើ​សំណើ​របស់​ពួកគេ​អំពី​ព័ត៌មាន​អំពី​លោក King។

ពួក​អ្នក​វិភាគ​និយាយ​ថា​កូរ៉េ​ខាង​ជើង​រង់ចាំ​អស់​ជា​ច្រើន​សប្តាហ៍​ឬ​ថែម​ទាំង​រាប់​សិប​ខែ​ដើម្បី​ផ្តល់​ព័ត៌មាន​ដ៏​សំខាន់​អំពី​លោក Kingដើម្បី​បង្កើន​អានុភាព​និង​បន្ថែម​ភាពបន្ទាន់​ដល់​ការខំប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ឱ្យ​មាន​ការដោះលែង​លោក។

អ្នក​វិភាគ​ខ្លះ​និយាយ​ថា​កូរ៉េ​ខាង​ជើង​អាច​ព្យាយាម​ដើម្បី​ទទួល​បាន​សម្បទាន​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដូចជា​ភ្ជាប់​ការដោះលែង​លោក Kingទៅនឹង​សហរដ្ឋ​អាមេរិក​ដើម្បី​កាត់បន្ថយ​សកម្មភាព​យោធា​របស់​អាមេរិក​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

XS
SM
MD
LG