ក្តីសង្ឃឹមនៃការវិលត្រឡប់យ៉ាងឆាប់រហ័សរបស់ទាហានអាមេរិកាំងម្នាក់ដែលបានឆ្លងកាត់ព្រំដែនដោយខុសច្បាប់ចូលក្នុងប្រទេសកូរ៉េខាងជើងនៅដើមសប្តាហ៍នេះទំនងជារលាយបាត់សូន្យដោយការស្ងាត់មកពីរដ្ឋមិនសេពគប់ប្រទេសណាស្តីពីទីកន្លែងរបស់ពលឯក Travis King។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinkenបាននិយាយកាលពីថ្ងៃសុក្រនៅឯវេទិការសន្តិសុខ Aspenថា៖«យើងមានបណ្តាញទំនាក់ទំនងគ្នា។ យើងបានប្រើប្រាស់បណ្តាញទាំងនោះ»។ លោកបានពន្យល់ថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្យាយាមបង្កើតការសន្ទនាជាមួយកូរ៉េខាងជើងចាប់តាំងពីថ្ងៃដំបូងនៃរដ្ឋបាលរបស់លោក Biden។
លោករដ្ឋមន្ត្រីការបរទេសបានមានប្រសាសន៍ទៀតថា«ការឆ្លើយតបដែលយើងបានទទួលគឺការបាញ់បង្ហោះកាំជ្រួចមីស៊ីលម្តងហើយម្តងទៀត»។
នៅពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរង់ចាំការឆ្លើយតបតាមរយៈបណ្តាញរបស់អង្គការសហប្រជាជាតិនិងអន្តរការីគឺប្រទេសស៊ុយអែដ ការស៊ើបអង្កេតកំពុងធ្វើឡើងនៅឯកងទ័ពសហរដ្ឋអាមេរិកនិងទីបញ្ជាការអង្គការសហប្រជាជាតិឬUNCដើម្បីសម្រេចអំពីទាហានរូបនោះដែលត្រូវជិះយន្តហោះទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រឈមវិធានការវិន័យ បែរជាមកលេចមុខនៅឯព្រំដែនរបស់កូរ៉េទាំង២ទៅវិញ។
បុគ្គលិកខាងផ្នែកប្រឆាំងចារកម្មកំពុងដឹកនាំការស៊ើបអង្កេតយោធាមួយនៅក្នុងការសម្របសម្រួលជាមួយយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមក្រសួងការពារជាតិសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។ ក្រសួងការពារជាតិបាននិយាយថាឋានៈភាពរបស់លោក King គឺអវត្តមានដោយគ្មានដំណឹង ឬចាកចេញដោយគ្មានការអនុញ្ញាតសម្រាប់នៅពេលឥឡូវនេះ៕