ចំណាប់អារម្ភណ៍អន្តរជាតិនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ផ្តោតលើប្រទេសមីយ៉ាន់ម៉ា ដោយសារតែមានរដ្ឋប្រហារមួយ ដែលបានផ្លាស់ប្តូរការដឹកនាំរដ្ឋាភិបាល។ តែកាលពីប៉ុន្មានសប្តាហ៍មុន អ្នកការទូតម្នាក់ក្នុងចំណោមអ្នកការទូតដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក បានធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា។
អ្នកវិភាគនិយាយថា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួយបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះប្រទេសមីយ៉ាន់ម៉ា នៅក្នុងទស្សនកិច្ចកាលពីពាក់កណ្តាលខែមករា ដែលនៅក្នុងទស្សនកិច្ចនោះ គេឃើញថា ប្រទេសទាំងពីរ បានព្រមព្រៀងជំរុញគម្រោងគមនាគមន៍ដ៏សំខាន់ឱ្យវិវត្តទៅមុខ និងសម្រេចបានកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មរយៈពេល៥ឆ្នាំផងដែរ។
អ្នកវិភាគបន្ថែមថា លោក Wang ក៏បានព្យាយាមរំឭកមីយ៉ាន់ម៉ាពីការគាំទ្រយ៉ាងយូររបស់ចិន នៅមុនរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងថា នឹងផ្តោតអារម្មណ៍ជាងមុនមកលើតំបន់ដែលប្រទេសមហាអំណាចទាំងពីរកំពុងប្រជែងយកឥទ្ធិពលមួយនេះ។
ដំណើរទស្សនកិច្ចកាលពីថ្ងៃទី១១ និង១២ ខែមករាបានធ្វើឱ្យលោក Wang Yi ជាប្រតិភូបរទេសជាន់ខ្ពស់ដំបូងដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការបោះឆ្នោតនៅក្នុងខែវិច្ឆិកា ដែលធ្វើឱ្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និងអ្នកស្រី អង់សាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា អាចកាន់អំណាចក្នុងអាណត្តិទី២។ ដំណើរទស្សនកិច្ចនេះ កើតឡើងក្រោយពីដំណើរទស្សនកិច្ចថ្នាក់កំពូលមួយរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីងកាលពីឆ្នាំមុន នៅពេលលោកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន៣៣។
អ្នកស្រី អង់សាន ស៊ូជី ត្រូវបានបណ្តេញចេញពីតំណែងនៅសប្តាហ៍នេះ ហើយត្រូវបានចាប់ខ្លួនជាមួយនឹងមន្រ្តីដទៃទៀត។
អ្នកស្រី Yun Sun នាយកកម្មវិធីនៅមជ្ឈមណ្ឌល Stimson ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននិយាយថា លោកWang បានចាកចេញពីមីយ៉ាន់ម៉ាជាមួយនឹងកិច្ចព្រមព្រៀងចំនួន៨ ប៉ុន្តែសរុបមក កិច្ចព្រមព្រៀងទាំងនេះអាចមានទម្ងន់ខ្លាំងជាងមុន។
អ្នកស្រីបាននិយាយថា ខណៈដែលកិច្ចព្រមព្រៀងរបស់លោក ស៊ី ដើរតួជាគ្រឹះសម្រាប់ចំណងទាក់ទងកាន់តែជិតស្និទជាមួយមីយ៉ាន់ម៉ា «ការងាររបស់លោក Wang Yi គឺពិតជាប្រែក្លាយវាទៅជាការពិត»។
ត្រឡប់តាមគម្រោងវិញ
អ្នកស្រី Yun បាននិយាយថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរូបនេះ អាចជាដំណើរទស្សនកិច្ចសំខាន់បំផុតរបស់មន្ត្រីចិននៅក្នុងមួយទសវត្សរ៍នេះ។ ចំណុចគន្លឹះក្នុងចំណោមកិច្ចព្រមព្រៀងថ្មីៗទាំងនេះគឺការសិក្សាលើលទ្ធភាពសម្រាប់ខ្សែរថភ្លើងពាក់កណ្តាលចុងក្រោយដែលត្រូវបានគ្រោងឡើង និងដែលនឹងពុះប្រទេសមីយ៉ាន់ម៉ាជាពីរផ្នែក ដោយខ្សែរថភ្លើងនឹងរត់កាត់ចាប់ពីព្រំដែនប្រទេសជាមួយចិននៅខាងកើត ទៅដល់ឆ្នេរសមុទ្រ Bay of Bengal នៅភាគខាងលិច។
ខ្សែរថភ្លើងនេះជាផ្នែកនៃគម្រោងច្រកសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា ដែលជាមែកធាងនៃគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន ឬ Belt and Road Initiativeហៅកាត់ថា BRI និងជាច្រកផ្លូវទី២ ដែលចិនចង់មាន សម្រាប់ចូលទៅកាន់មហាសមុទ្រឥណ្ឌា ដើម្បីបញ្ចៀសដៃសមុទ្រ Malacca ដែលជាកន្លែងត្រួតពិនិត្យដ៏សំខាន់មួយសម្រាប់ការនាំចេញឧស្ម័ន និងប្រេងរបស់ខ្លួន។ ផែទឹកជ្រៅនៅក្បែរឆ្នេរក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងដំណើរការ ហើយទុយោឧស្ម័ន និងប្រេងត្រូវបានគេដាក់តាមផ្លូវនេះរួចហើយ។
ការងារសម្រាប់ច្រកនេះមានការយឺតយ៉ាវដោយសារការបារម្ភរបស់មីយ៉ាន់ម៉ាអំពីការធ្លាក់ចូលក្នុងអន្ទាក់បំណុលចិន ដែលត្រូវសងសម្រាប់ចំណែកភាគហ៊ុនរបស់ខ្លួននៅក្នុងគម្រោងយក្សធំៗ ហើយក្តីបារម្ភពីឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានកាន់តែខ្លាំង។
អ្នកស្រី Yun បាននិយាយថា ការសិក្សាលើលទ្ធភាពរបស់ចិនសម្រាប់ខ្សែរថភ្លើងពាក់កណ្តាលដំបូងធ្វើឱ្យមានការតវ៉ាពីពលរដ្ឋក្នុងមូលដ្ឋាននៅតាមផ្លូវនេះ រួចទៅហើយ។ ដូចនេះការបង្កើតកិច្ចព្រមព្រៀងថ្មីសម្រាប់ខ្សែរថភ្លើងពាក់កណ្តាលចុងក្រោយជាការងារដ៏ពិបាកមួយ។
អ្នកស្រីបាននិយាយក្នុងន័យដើមថា៖ «បញ្ហារសើបនយោបាយពាក់ព័ន្ធនឹងរឿងនេះ និងសម្រាប់បញ្ហានយោបាយទាំងអស់ដែលយើងបានឃើញអំពីបញ្ហានេះ ខ្ញុំគិតថា ការពិតដែលថាចិនអាចបោះជំហានទៅមុខបាន មានន័យថាចិនកំពុងមានការវិវត្តយ៉ាងសំខាន់នៅក្នុងការអនុវត្តគម្រោងរបស់ខ្លួន»។
ផែនការ៥ឆ្នាំសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចដែលលោក Wang បានបន្សល់ទុកឱ្យមីយ៉ាន់ម៉ាក៏បង្ហាញពីការទុកចិត្តកម្រិតថ្មីមួយដែលអាចនិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងនៅតែរឹងមាំ។
អ្នកស្រីនិយាយក្នុងន័យដើមថា៖ «សម្រាប់ចិននិងមីយ៉ាន់ម៉ា ដើម្បីរៀបចំផែនការនេះឱ្យរួចរាល់នៅពេលចាប់ផ្តើមអាណត្តិទី២របស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ខ្ញុំគិតថា វាមិនត្រឹមតែបង្ហាញថា មីយ៉ាន់ម៉ាពឹងផ្អែកលើចិនប៉ុណ្ណោះទេ វាក៏បង្ហាញថា ចិនមានផែនការយុទ្ធសាស្ត្រជាក់លាក់ពាក់ព័ន្ធនឹងប្រទេសនេះ»។
មិត្តភក្តិក្នុងគ្រាលំបាក
លោក Hervé Lemahieu អ្នកវិភាគមីយ៉ាន់ម៉ានៅវិទ្យាស្ថាន Lowy ក្នុងប្រទេសអូស្ត្រាលីបាននិយាយថា តាមរយៈការបញ្ជូនលោក Wang ទៅមីយ៉ាន់ម៉ាមួយឆ្នាំក្រោយពីដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ចិន ក៏ចង់រំឭកប្រទេសនេះពីមិត្តភាពគ្រប់ពេលរបស់ខ្លួន នៅពេលដែលមានការរាតត្បាតនៃជំងឺកូវីដ១៩ និងនៅពេលដែលនយោបាយនៅសហរដ្ឋអាមេរិកអាចធ្វើឱ្យមីយ៉ាន់ម៉ាយល់ថា លោកខាងលិចមិនអើពើនឹងខ្លួន។
លោកបាននិយាយក្នុងន័យដើមថា៖ «ពួកគេច្បាស់ណាស់ចង់ពង្រឹងឡើងវិញនូវរូបភាពនៃអំណាចខាងក្រៅ ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងសម្រាប់មីយ៉ាន់ម៉ា»។
លោកបានបន្ថែមថា៖ «ចង់និយាយថា ជាមូលដ្ឋាន វាជាជំនួញធម្មតា ហើយអ្វីៗគ្រប់យ៉ាងស្ថិតនៅលើផ្លូវត្រូវ ទោះបីជាមានការរំខានពីការរាតត្បាតនៃជំងឺកូវីដ១៩ក្តី» និងថា «អ្នកអាចរំពឹងការការពារផ្នែកការទូតច្រើនជាងមុន»។
ប្រទេសចិនត្រូវបានគេដឹងយ៉ាងទូលំទូលាយថា បានប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងកៅអីនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់ខ្លួន ដើម្បីការពារមីយ៉ាន់ម៉ាពីការស្តីបន្ទោសលើកំណត់ត្រាមិនល្អផ្នែកសិទ្ធិមនុស្សរបស់ប្រទេសនេះ រួមទាំងអ្វីដែលអង្គការសហប្រជាជាតិខ្លួនឯងផ្ទាល់បានហៅថា ជាការបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសនេះ។
លោកLemahieu បាននិយាយថា ចិនមានការប្រកួតប្រជែងតិចតួចដើម្បីដណ្តើមយកឥទ្ធិពលនៅអាស៊ីអាគ្នេយ៍ពីសហរដ្ឋអាមេរិកនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែគេរំពឹងថា អាចនឹងមានការផ្លាស់ប្តូរនៅក្រោមរដ្ឋបាលដឹកនាំដោយលោកប្រធានាធិបតី ចូ បៃដិន។
លោកបាននិយាយក្នុងន័យដើមថា «វាជារឿងមួយទៀត។ តោះ ធ្វើទស្សនកិច្ចទៅទីនោះ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសដំបូង បន្ទាប់ពីការបោះឆ្នោតមីយ៉ាន់ម៉ា និងធ្វើឱ្យប្រាកដថា យើងនៅតែជាមិត្តល្អ ក្រែងលោរដ្ឋបាលលោកប្រធានាធិបតីបៃដិននឹងដាក់សម្ពាធខ្លាំងទៅលើតំបន់អាស៊ីអាគ្នេយ៍នៅក្នុងប៉ុន្មានខែខាងមុខ។ ដូច្នេះ ខ្ញុំគិតថា មានហេតុផលផ្សេងនៅពីក្រោយដំណើរទស្សនកិច្ចរបស់លោក Wang Yi មិនមែនសម្រាប់តែមីយ៉ាន់ម៉ានោះទេ ប៉ុន្តែសម្រាប់ប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ផងដែរ»។
ដំណើរទស្សនកិច្ចរបស់លោក Wang គឺជាការឈប់ចតលើកដំបូងនៅក្នុងដំណើរទស្សនកិច្ចនៅក្នុងតំបន់នេះ ដែលរួមមានការឈប់សំចតចូលក្នុងប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី និងហ្វីលីពីនផងដែរ។
អ្នកស្រី Khin Khin Kyaw Khee អ្នកវិភាគចិននៅវិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រ និងគោលនយោបាយដែលជាវិទ្យាស្ថានស្រាវជ្រាវរបស់មីយ៉ាន់ម៉ាមួយបានយល់ស្របថា ចិន «ចង់ធ្វើឱ្យប្រាកដពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសនៅក្នុងតំបន់ និងបញ្ជាក់ពីគោលនយោបាយរបស់ប្រទេសក្នុងតំបន់នៅមុនពេលរដ្ឋាភិបាលសហរដ្ឋអាមេរិកថ្មីត្រូវបានបង្កើតឡើង»។
អ្នកស្រីបាននិយាយក្នុងន័យដើមថា «ពួកគេចង់យកចំណេញដោយនិយាយទៅកាន់ប្រទេសទាំងនោះ នៅមុនពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកថ្មីត្រូវបានបង្កើតឡើង និងមុនពេលសហរដ្ឋអាមេរិកសម្រេចលើគោលនយោបាយបរទេសរបស់ខ្លួនចំពោះតំបន់នេះ»។
«ការគ្រប់គ្រងការខូចខាត»
លោក Lemahieu បាននិយាយថា នៅពេលជាមួយគ្នា ដំណើរទស្សនកិច្ចនេះជា «ការគ្រប់គ្រងការខូចខាត» មួយសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង ដោយសង្ឃឹមថា ខ្លួននឹងអាចលុបចោលនូវការអះអាងរបស់អ្នករិះគន់ដែលខ្លួនបានបដិសេធថា ប្រទេសចិនបានអនុញ្ញាតឱ្យមានការរាតត្បាតនៃជំងឺកូវីដ១៩រាលដាលនៅក្នុងសាកលលោកយ៉ាងគ្រោះថ្នាក់ ដោយកាលពីដំបូងបានបិទបាំងរបាយការណ៍ក្នុងស្រុកអំពីការផ្ទុះឡើងជាលើកដំបូងនៅក្នុងទីក្រុង Wuhan។
ក្នុងហេតុផលនេះ លោក Wang បានប្រកាសថា ចិននឹងបរិច្ចាគវ៉ាក់សាំង CoronaVac ដែលជាវ៉ាក់សាំងដ៏ល្បីរបស់ខ្លួនចំនួន ៣០០.០០០ដូសទៅឱ្យមីយ៉ាន់ម៉ា ដែលកំពុងតែព្យាមយាមស្វែងរកវ៉ាក់សាំងចាក់ជូនពលរដ្ឋចំនួន ៥៤លាននាក់របស់ខ្លួន។
ទស្សនកិច្ចទាំង៣ របស់លោក Wang នៅក្នុងប្រទេសឥណ្ឌូណេស៊ី មីយ៉ានម៉ា និងហ្វីពីលីន មានការលំបាក ដោយសារតែមានករណីកូវីដ១៩ខ្ពស់បំផុតនៅក្នុងតំបន់។
លោក Lemahieu បានបន្ថែមថា នៅក្នុងប្រទេសមីយ៉ានម៉ា និងប្រទេសផ្សេងៗទៀត ចិនក៏កំពុងមានបំណង «កែសម្រួល» គម្រោង BRI ដើម្បីកុំឱ្យគេមើលឃើញថា ជាអន្ទាក់បំណុលដែលប្រទេសមួយចំនួនខ្លាចនឹងធ្លាក់ចូលនោះទេ ប៉ុន្តែចិនចង់ឱ្យមើលឃើញថា គម្រោង BRI ជាការកត្តាដែលនឹងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ១៩។
លោកបាននិយាយថា ចិនចង់បញ្ចុះបញ្ចូលពួកគេថា «ខ្លួនមិនមែនគ្រាន់តែជាប្រភពនៃមេរោគនោះទេ ប៉ុន្តែនៅទីបំផុតខ្លួនជាប្រភពនៃដំណោះស្រាយ»៕
ប្រែសម្រួលដោយលោក ចាប ចិត្រា