បាតុករមីយ៉ាន់ម៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងការបរទេសជប៉ុននៅថ្ងៃពុធនេះ ដោយទាមទារឲ្យរដ្ឋាភិបាលក្រុងតូក្យូចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងការប្រកាន់យកគោលជំហរតឹងតែងជាងមុន ប្រឆាំងនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមបាតុករបានស្រែកក្នុងសំឡេងតែមួយថា៖ «ដោះលែងអ្នកស្រី Aung San Suu Kyi។ ដោះលែងប្រទេសមីយ៉ាន់ម៉ា»។
ខណៈនោះដែរ តំណាងរបស់ពួកគេបានប្រគល់សេចក្តីថ្លែងការណ៍មួយដល់មន្ត្រីក្រសួងការបរទេសជប៉ុន ដែលសេចក្ដីថ្លែងការណ៍នោះអំពាវនាវឲ្យប្រទេសជប៉ុនប្រើ «អំណាចនយោបាយ អំណាចការទូត និងអំណាចសេដ្ឋកិច្ច» ទាំងអស់របស់ខ្លួន ដើម្បីស្ដាររដ្ឋាភិបាលស៊ីវិលឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ប្រទេសជប៉ុននិងមីយ៉ាន់ម៉ាមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយគ្នាជាយូរមកហើយ ដោយរដ្ឋាភិបាលក្រុងតូក្យូគឺជាម្ចាស់ជំនួយដ៏សំខាន់មួយ។ ក្រុមហ៊ុនជប៉ុនធំៗបានពង្រីកអាជីវកម្មជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមើលឃើញប្រទេសនេះថាជាទីផ្សារដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សហជីពសមាគមពលរដ្ឋមីយ៉ាន់ម៉ា ដែលជាអ្នករៀបចំការជួបជុំតវ៉ានេះ បានអំពាវនាវឲ្យប្រទេសជប៉ុនកុំទទួលស្គាល់របបយោធាដែលទើបបង្កើតថ្មីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នករៀបចំការតវ៉ានេះបានបញ្ជាក់ថា មនុស្សជិត ៣.០០០ នាក់បានចូលរួមនៅក្នុងការតវ៉ានេះ៕