មេដឹកនាំអង្គការសហប្រជាជាតិនិងសម្តេចប៉ាប Francis ព្រមទាំងមេដឹកនាំផ្សេងទៀតបានអំពាវនាវកាលពីថ្ងៃចន្ទឱ្យប្រទេសនានាឈប់ផលិតនិងប្រើមីនតទៅទៀត ទោះបីជាការប្រើមីននៅបន្តកើនឡើងជុំវិញពិភពលោកក៏ដោយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងនៅក្នុងសារមួយទៅកាន់គណៈប្រតិភូដែលចូលរួមក្នុងកិច្ចប្រជុំពិនិត្យមើលឡើងវិញលើកទី ៥ នូវសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមឃាត់មីនថា ២៥ ឆ្នាំក្រោយមកបន្ទាប់ពីសន្ធិសញ្ញាដែលគេស្គាល់ថាអនុសញ្ញាក្រុង Ottawa នេះបានចូលជាធរមាន ភាគីខ្លះបានបន្តប្រើមីនប្រឆាំងមនុស្សនិងខ្លះទៀតមិនទាន់បានធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបំផ្លាញអាវុធនេះនៅឡើយទេ។
លោក Guterres បានថ្លែងសុន្ទរកថាបើកសន្និសីទអន្តរជាតិនេះដែលបានធ្វើឡើងក្នុងប្រទេសកម្ពុជាថា៖ «ខ្ញុំសូមអំពាវនាវដល់បណ្តារដ្ឋភាគីទាំងអស់ឱ្យធ្វើតាមកាតព្វកិច្ចរបស់ខ្លួននិងធានាថាខ្លួនបានអនុលោមតាមអនុសញ្ញានេះ ហើយស្របពេលនេះដែរដោះស្រាយផលប៉ះពាល់ខាងមនុស្សធម៌និងការអភិវឌ្ឍតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស»។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានអានជំនួសសម្តេចប៉ាប Francis សម្តេចប៉ាបរងលោក Pietro Parolin បានថ្លែងថា មីនប្រឆាំងមនុស្សនិងគ្រឿងផ្ទុះដែលបំផ្ទុះដោយជនរងគ្រោះខ្លួនឯងនៅតែមានប្រើ។ សូម្បីតែក្រោយពីការប្រយុទ្ធគ្នាជាច្រើនឆ្នាំហើយក៏ដោយ ក៏ «ឧបករណ៍ដ៏គ្រោះថ្នាក់ទាំងនេះនៅបន្តបង្កឱ្យមានការឈឺចាប់ខ្លោចផ្សាដដែលដល់ជនស៊ីវិល ជាពិសេសកុមារ»។
សន្ធិសញ្ញាហាមឃាត់មីននេះត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩៧ ហើយបានចូលជាធរមាននៅឆ្នាំ ១៩៩៩ តែប្រទេសជាង ៣០ មិនបានចូលជាសមាជិកនៃសន្ធិសញ្ញានេះទេ រួមទាំងប្រទេសផលិតនិងប្រើមីនសំខាន់ៗទាំងអតីតនិងបច្ចុប្បន្នដូចជាសហរដ្ឋអាមេរិក ចិន ឥណ្ឌា ប៉ាគីស្ថាន កូរ៉េខាងត្បូង និងរុស្ស៊ីផងដែរ។
របាយការណ៍មួយចេញផ្សាយដោយអង្គការឃ្លាំមើលមីនអន្តរជាតិ (Landmine Monitor) កាលពីសប្តាហ៍មុនបានបង្ហាញថា មីននៅតែត្រូវបានប្រើយ៉ាងសកម្មក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ដោយប្រទេសរុស្ស៊ី មីយ៉ាន់ម៉ា អ៊ីរ៉ង់ និងកូរ៉េខាងជើង៕