ប្រទេសអង់គ្លេស បានផ្តល់ការយល់ព្រមក្នុងគ្រាបន្ទាន់មួយ ទៅលើវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថដ៏ធំដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក គឺក្រុមហ៊ុន Pfizer ដែលក្លាយជាប្រទេសដំបូងគេនៅបស្ចិមប្រទេសនឹងប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានឆ្លងដល់មនុស្សជាង៦៤លាននាក់នៅលើពិភពលោកនិងបានសម្លាប់មនុស្សប្រមាណជាង១,៤លាននាក់។
អាជ្ញាធរត្រួតពិនិត្យផលិតផលសុខភាពនិងឱសថរបស់រដ្ឋាភិបាលអង់គ្លេស បានផ្តល់ការយល់ព្រមនៅថ្ងៃពុធនេះ ចំពោះវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលផលិតឡើងដោយក្រុមហ៊ុនPfizer និងក្រុមហ៊ុនអាល្លឺម៉ង់BioNTech។ ការចាក់វ៉ាក់សាំងជាលើកដំបូងនឹងត្រូវចាប់ផ្តើមធ្វើនៅសប្តាហ៍ក្រោយនេះ ដោយបុគ្គលិកនៃក្រសួងសុខាភិបាលជាតិរបស់ប្រទេសអង់គ្លេស អ្នករស់នៅក្នុងមណ្ឌលចាស់ជរានិងអ្នកបម្រើការនៅទីនោះ ត្រូវគេរំពឹងថា នឹងទទួលបានវ៉ាក់សាំងនេះមុនគេ។
ការផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង ដោយរដ្ឋាភិបាលប្រទេសអង់គ្លេសនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនឱសថ Pfizer បានប្រកាសថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពជាង៩០% ក្រោយការសាកល្បងដ៏ទូលំទូលាយចុងក្រោយ។ ប្រទេសអង់គ្លេស បានកក់បញ្ជាទិញជាមុនរួចហើយនូវវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizerនិង BioNTechចំនួនជាង៤០លានដូស។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានគូសបញ្ជាក់ថា មនុស្សប្រមាណ២០លាននាក់ក្នុងសហរដ្ឋអាមេរិកនឹងទទួលបានវ៉ាក់សាំងនៅមុនដំណាច់ឆ្នាំ២០២០នេះ៕