ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អ.ស.ប​ថ្កោលទោស​លើ​ការសម្លាប់​មេដឹកនាំគណបក្សប្រឆាំងនៅ​​ប៊ូរុនឌី​


ក្រុម​បុរសកំពុងតែសែងមឈូសនៃប្រមុខដឹកនាំ​គណបក្ស UPD-Zigamibanga លោក Zedi Feruziក្នុង​អំឡុង​ពេល​ធ្វើ​ពិធី​បុណ្យសពរបស់លោក​នៅ​ទីក្រុង Bujumbura ប្រទេស​ប៊ូរុនឌី​ ថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០១៥ ។
ក្រុម​បុរសកំពុងតែសែងមឈូសនៃប្រមុខដឹកនាំ​គណបក្ស UPD-Zigamibanga លោក Zedi Feruziក្នុង​អំឡុង​ពេល​ធ្វើ​ពិធី​បុណ្យសពរបស់លោក​នៅ​ទីក្រុង Bujumbura ប្រទេស​ប៊ូរុនឌី​ ថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០១៥ ។

លោកអគ្គលេខាធិការ​អ.ស.ប លោក​បាន ​គី​មូន​បាន​ថ្កោលទោស​ការ​ធ្វើឃាត​មេដឹកនាំ​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី​ នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ ហើយ​លោកបាន​សុំដល់​ភាគី​ទាំង​អស់​ចៀស​វៀង​កុំធ្វើ​អំពើហិង្សា​ ហើយ​ធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​របស់ប្រទេស។

លោកអគ្គលេខាធិការ​អ.ស.ប.​បាន​មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​ឃាត​កាល​ពីថ្ងៃ​សៅរ៍​ទៅ​លើលោក​ Zedi Feruzi ​មេដឹកនាំ​គណក្ស ​UPD​ «បាន​គម្រាមកំហែង​ធ្វើ​ឲ្យ​ការមិន​ទុកចិត្ត​គ្នា​ចាក់ឬស​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី​ ​និង​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​ថែមទៀត»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ លោកបាន គីមូន​បាន​សុំ​ដល់​អាជ្ញាធរ​ប្រទេសប៊ូរុនឌី​ ឲ្យ​ចាត់​វិធានការ​ ដើម្បី​បញ្ចៀស​កុំឲ្យមាន​ការធ្វើឃាតកម្ម​ខាង​នយោបាយ​ ហើយលោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​យ៉ាង​ពេញលេញ​នៅ​ក្នុង​កិច្ចចរចា​គ្នា​ដែល​បាន​ត្រូវ​សម្រួល​ដោយ​លោក​ Said Djinnit ​អ្នកតំណាង​ពិសេស​អ.ស.ប ​និង​ក្រុម​អ្នកសម្របសម្រួលនៅ​អាហ្វ្រិក​។

លោក Feruzi ​បាន​ត្រូវ​ធ្វើឃាត​ជាមួយ​អង្គរក្សម្នាក់​របស់​លោក​នៅ​ក្នុង​ការ​បាញ់កាំភ្លើង​ពី​ទ្បាន​កំពុង​បើកនៅ​ក្នុង​រដ្ឋធានី​ Bujumbura។

ការ​ធ្វើឃាត​លោក​ Feruzi ជា​ហេតុការណ៍​ថ្មី​បំផុត​ក្នុងបណ្តា​ឧប្បត្តិហេតុ​ឃោរឃៅ​មួយ​ចំនួន​ចាប់តាំង​ពី​ពេល​ដែល​ប្រធានាធិបតី​ Nkurunziza បាន​ប្រកាស​ថា​លោកនឹង​ឈរឈ្មោះ​សម្រាប់អណត្តិ​ទី​បី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នា​ខែក្រោយ៕

XS
SM
MD
LG